ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធរ បិទកាស៊ីណូមួយ ពាក់ព័ន្ធករណីចាប់ បង្ខាំងមនុស្ស ធ្វើទារុណកម្ម និងជម្រិតទារប្រាក់

44

 

ព្រះសីហនុ៖ រសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ បានដឹកនាំក្រុមការងារចម្រុះចុះផ្អាកជាបណ្តោះអាសន្នអាជីវកម្មកាស៊ីណូទីងស៊ីង ស្ថិតនៅផ្លូវមិត្តភាព ក្រុម៤ ភូមិ២ សង្កាត់លេខ២ ក្រុង-ខេត្តព្រះសីហនុ។

អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ លោក ឃាង ភារម្យ បានឲ្យដឹងថា ចំពោះការផ្អាកជាបណ្តោះអាសន្នការប្រកបអាជីវកម្មរបស់កាស៊ីណូទីងស៊ីងនេះ គឺបន្ទាប់ពីរកឃើញកាស៊ីណូនេះ មិនបានអនុវត្តត្រឹមត្រូវតាមសេចក្តីជូនដំណឹងលេខ៩ ០៧/២១ សជណ ចុះថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ របស់រដ្ឋបាលខេត្ត និងលិខិតបទដ្ឋានគតិយុត្តនានាដែលកំពុងនៅជាធរមានឡើយ។

ជាក់ស្ដែងយោងតាមរបាយការណ៍របស់ស្នងការរដ្ឋាននគរបាលខេត្តព្រះសីហនុ បញ្ជាក់ថា កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ កន្លងទៅនេះ មានករណីចាប់បង្ខាំងមនុស្ស ធ្វើទារុណកម្ម និងជម្រិតទារប្រាក់នៅក្នុងទីតាំងកាស៊ីណូទីងស៊ីងខាងលើ ហើយត្រូវបានកម្លាំងមានសមត្ថកិច្ចបង្ក្រាបបាន តាមបណ្ដឹងរបស់ភាគីជនរងគ្រោះ។

ហេតុដូច្នេះរដ្ឋបាលខេត្តសម្រេចអាជីវកម្មកាស៊ីណូទីងស៊ីង ដែលមានអាសយដ្ឋានស្ថិតនៅផ្លូវមិត្តភាពក្រុមទី៤ ភូមិ២ សង្កាត់លេខ២ ក្រុងព្រះសីហនុ ជាបណ្ដោះអាសន្ន។ ក្នុងអំឡុងពេលនេះ ស្នងការនគរបាលខេត្ត ត្រូវចាត់តាំងកម្លាំងប្រចាំការ គ្រប់គ្រងទីតាំងនោះដើម្បីអនុវត្តនីតិវិធី និងទប់ស្កាត់បទល្មើស រង់ចាំក្រុមការងារចម្រុះរបស់រដ្ឋបាលខេត្ត ចុះអង្កេតស្រាវជ្រាវករណីនេះបានចប់សព្វគ្រប់ និងមិនអនុញ្ញាតឱ្យមានការផ្ទេរសិទ្ធិ ឬការលក់ ឬការជួល ឬការបញ្ចាំ ឬការធ្វើអំណោយទីតាំងនោះទៅជាឱ្យអ្នកដទៃជាដាច់ខាត ដោយត្រូវរង់ចាំការទូទាត់ប្រាក់ឈ្នួល និងអត្ថប្រយោជន៍ផ្សេងៗជូនកម្មករ និយោជិតរួចរាល់សិន។ ករណីមិនអនុវត្តតាមការសម្រេចខាងលើ រដ្ឋបាលខេត្តនឹងអនុវត្តវិធានការច្បាប់ជាធរមាន។

អត្ថបទដែលជាប់ទាក់ទង