ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចិនបន្តប្រកាសប្រឆាំងដាច់ខាត ចំពោះការគាបសង្កត់ របស់អាមេរិក មកលើកម្ពុជា

35

ភ្នំពេញ៖ លោក វ៉ាង វិនធាន អគ្គរដ្ឋទូតចិនប្រចាំនៅប្រទេសកម្ពុជា បានបញ្ជាក់ជាថ្មីថា រដ្ឋាភិបាលចិន បន្តប្រឆាំងដាច់ខាតចំពោះការគាបសង្កត់របស់សហរដ្ឋអាមេរិក មកលើប្រទេសកម្ពុជា ដើម្បីវាយប្រហារចំពោះទំនាក់ទំនងដ៏ស្អិតរមួតរវាងកម្ពុជា-ចិន។

ប្រតិកម្មរបស់ចិន បានធ្វើឡើងបន្ទាប់ពីសហរដ្ឋអាមេរិក កាលពីពេលថ្មីៗនេះ បានបង្ហាញអំពីទណ្ឌកម្មរបស់ខ្លួនមកលើរាជរដ្ឋាភិបាលកម្ពុជា ដោយប្រកាសមិនលក់អាវុធមកឱ្យប្រទេសកម្ពុជា ដោយចោទរាជរដ្ឋាភិបាលកម្ពុជា រំលោភសិទ្ធិមនុស្ស និងមានទំនាក់ទំនងស្អិតរមួតជាមួយចិន។

ថ្លែងក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ទីលានបាញ់គ្រាន់ពិត នៅមជ្ឈមណ្ឌលកងរាជអាវុធហត្ថភ្នំជុំរីករាយ ខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃសុក្រ ទី១៧ ខែធ្នូ ឆ្នាំ២០២១នេះ លោកអគ្គរដ្ឋទូតចិនបានបញ្ជាក់ដូច្នេះថា៖ «ប្រទេសមួយចំនួន បានធ្វើហួសយុត្តាធិការព្រំដែនកំណត់ និងជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជា យើងខ្ញុំសូមប្រឆាំងដាច់ខាតចំពោះទង្វើបែបនេះ»

ជាមួយនឹងការថ្កោលទោសចំពោះការដាក់ទណ្ឌកម្មឯកតោភាគីតាមអំពើចិត្ត លោកវ៉ាង វិនធាន បានចាត់ទុកថា សហរដ្ឋអាមេរិកបាននិងកំពុងលាបពណ៌ជាបន្តបន្ទាប់ មកលើរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសចំពោះទំនាក់ទំនងរវាងកម្ពុជា-ចិន ដែលជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងជាមិត្តដែកថែប។

«នយោបាយអំណាចគាបសង្កត់ អនុន្តរភាព គំនិតលំអៀងលំអៀង គឺគ្មានអនុភាពនោះទេ»។ នេះបើតាមការបញ្ជាក់បន្ថែមទៀតរបស់លោកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា។

បើតាមលោកអគ្គរដ្ឋទូតចិន, ទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងចិននិងកម្ពុជា បានឆ្លងកាត់បទពិសោធន៍ជាច្រើន នឹងនៅតែរឹងមាំជាដរាប ហើយកងទ័ពប្រទេសទាំងពីរបានគាំទ្រគ្នាទៅវិញទៅមក ជំរុញកិច្ចសហប្រតិបត្តិការជាក់ស្ដែង និងលើកកម្ពស់កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយក្នុងនាមជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងជាសហគមន៍រួមវាសនាតែមួយ៕

អត្ថបទដែលជាប់ទាក់ទង