ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជើងហោះហើរអន្តរជាតិលើកដំបូង ចុះចតនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប

27

៖ នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ អាកាសយានដ្ឋានអន្តរជាតិសៀមរាប នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១នេះ បានស្វាគមន៍ ជើងហោះហើរអន្តរជាតិលើកដំបូង ដោយក្រុមហ៊ុនអាកាសចរណ៍ Singapore Airlines ដែល បានហោះចេញពីប្រទេសសិង្ហបុរីមកកាន់ខេត្តសៀមរាប ជាមួយអ្នកដំណើរចំនួន៦៧នាក់ ។

លោក ទៀ សីហា អភិបាលខេត្តសៀមរាប  បានថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយ ពីបានទទួលស្វាគមន៍អ្នកដំណើរមកពីបរទេសជាលើកដំបូងនេះថា ខេត្តសៀមរាបអស់ រយៈពេលពីរឆ្នាំហើយ យើងមិនបានទទួលភ្ញៀវទេសចរបរទេស ឬការចុះចតនៅក្នុង ព្រលាន យន្តហោះអន្តរជាតិរបស់យើងនោះទេ។ នេះជាលើកដំបូង ដែលបានឃើញភ្ញៀវទេសចរ បរទេសចូលមកកម្សាន្តនៅខេត្តសៀមរាប។

លោកសង្ឃឹមថា នឹងមានភ្ញៀវទេសចរបរទេសជាបន្តទៀតមកកម្សាន្តនៅ ខេត្តសៀមរាប ព្រោះបើតាមការរាយការណ៍របស់ក្រុមហ៊ុនអាកាសចរណ៍ Singapore Airlines ថា មានភ្ញៀវទេសចរបានទៅកក់សំបុត្រមកទស្សនានៅក្នុងខេត្តសៀមរាប ជាបន្តបន្ទាប់ ទៀតហើយ។ ឯកឧត្តមបន្តថា ឥឡូវនេះ សេដ្ឋកិច្ចនៅខេត្តសៀមរាប  ចាប់ផ្តើមដំណើរការល្អឡើង វិញជាបណ្តើរៗ  ព្រោះភ្ញៀវទេសចរក្រុងស្រុក ក៏បានមកកម្សាន្តនៅខេត្តសៀមរាបកើនឡើង ជាបន្តបន្ទាប់ រីឯភ្ញៀវទេសចរបរទេស ក៏បានចាប់ផ្តើមចូលមកទស្សនាខេត្តសៀមរាប យើងដែរ។ ខណៈដែលខេត្តសៀមរាប ក៏បានធ្វើការអភិវឌ្ឍហេរដ្ឋារចនាសម្ព័ន្ធ និងកែលម្អឱ្យ កាន់តែមានភាពស្រស់ស្អាតផងដែរ។

ជាមួយគ្នានេះ  នៅតាមបណ្តាក្រុង-ស្រុកនៃខេត្តសៀមរាប ក៏បានត្រៀមរៀបចំកម្មវិធី ឆ្លងឆ្នាំសកល ហើយសណ្ឋាគារជាច្រើនក៏បានបើកឡើងវិញ ដោយឥឡូវនេះ មានការកក់ បន្ទប់ស្នាក់នៅជាច្រើនផងដែរ។ ឯកឧត្តមអភិបាលខេត្តសៀមរាបបានបញ្ជាក់ថា នៅថ្ងៃទី១៧នេះ ក្រៅពីក្រុមហ៊ុនអាកា សចរណ៍ Singapore Airlines ក៏មានក្រុមហ៊ុនអាកាសចរណ៍ ឡាយម៉ីអែរឡាញ (Lamei Airlines)មួយទៀត ដែលនិងដឹកអ្នកដំណើរមកកាន់ខេត្តសៀមរាបយើងនេះដែរ។

សូមបញ្ជាក់ថា ភ្ញៀវទេសចរអន្តរជាតិ ដែលត្រូវឆ្លងកាត់អាកាសយានដ្ឋានអន្តរជាតិ សៀមរាប ត្រូវតែទទួលការធ្វើតេស្តរហ័សពីក្រុមការងារ បើអវិជ្ជមានគឺអាចធ្វើដំណើរ កម្សាន្តបាន បើស្ថិតក្នុងករណីវិជ្ជមាន ត្រូវទទួលការថែទាំ និងព្យាបាលតាមការជ្រើសរើស មន្ទីរព្យាបាលតាមការចង់បានរបស់ភ្ញៀវ បើលទ្ធផលវិជ្ជមានតែពុំមានអាការៈសម្គាល់ គឺត្រូវធ្វើចត្តាឡីស័កនៅក្នុងបន្ទប់ដាច់ដោយឡែក នៃសណ្ឋាគារស្នាក់នៅនោះតែម្តង៕

អត្ថបទដែលជាប់ទាក់ទង