ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សមត្ថកិច្ចចាប់គ្រឿងចក្រអេស្កាវ៉ាទ័រពីរគ្រឿង កំពុងគាស់កកាយដីព្រៃរបស់រដ្ឋ នៅចំណុចជើងភ្នំខាងក្រោយវត្តសំរុង

28

 

ព្រះសីហនុ ៖ ផ្នែករដ្ឋបាលព្រៃឈើ បានសហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពស្រុកព្រៃនប់ ចុះស្រាវជ្រាវ រុករក និងបង្ក្រាបបទល្មើសព្រៃឈើ នៅចំណុចជើងភ្នំខាងក្រោយវត្តសំរុង ស្ថិតនៅភូមិសំរុង ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១។

ពេលក្រុមសមត្ថកិច្ចចុះទៅដល់ទីតាំងជាក់ស្តែង ពិនិត្យឃើញមានគ្រឿងចក្រអេស្កាវ៉ាទ័រចំនួនពីរគ្រឿង បានធ្វើសកម្មភាពគាស់កកាយដីព្រៃរបស់រដ្ឋ(ដីគម្របព្រៃឈើ ឆ្នាំ២០០២) នៅជើងភ្នំក្នុងភូមិសាស្ត្រខាងលើ នៅលើទីតាំងដីពីរកន្លែងផ្សេងគ្នា ពេលនោះអ្នកបើកបរគ្រឿងចក្រទាំងពីរបានរត់គេចខ្លួនបាត់ ដោយបន្សល់ទុកគ្រឿងចក្រអេស្កាវ៉ាទ័រចំនួនពីរគ្រឿងនៅកន្លែងកើតហេតុ។

សូមបញ្ជាក់ផងដែរថា ចំពោះទីតាំងខាងលើជាដីជម្រាលភ្នំ ប្រសិនបើរងការគាស់កកាយបំផ្លឹចបំផ្លាញ នឹងធ្វើឱ្យមានការជន់លិចភូមិឋានបងប្អូនប្រជាពលរដ្ឋដែលរស់នៅផ្នែកខាងក្រោម ហើយនឹងបង្កវិនាសកម្មកាន់តែធ្ងន់ធ្ងរនាពេលខាងមុខជាក់ជាមិនខាន។

បច្ចុប្បន្នគ្រឿងចក្រអេស្កាវ៉ាទ័រទាំងពីរគ្រឿង ត្រូវបានដឹកយកមករក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើព្រៃនប់ និងស្វែងរកចាប់ខ្លួនជនល្មើសគាស់កកាយដីព្រៃរបស់រដ្ឋ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ឱ្យខាងតែបាន៕

អត្ថបទដែលជាប់ទាក់ទង