ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងសុខាភិបាល ជូន​ព័ត៌មាន​ ពីករណីវិជ្ជមានវីរុសកូវីដ-១៩ បំប្លែងថ្មី​ អូ​មី​ក្រុង​ លើបុរសជនជាតិអៀរ៉ង់ចំនួន​ ០១នាក់​ នៅថ្ងៃទី១៧ ខែធ្នូ

180

ភ្នំពេញ ៖ នៅ ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ ក្រសួងសុខាភិបាល បានចេញសេចក្តី​ជូន​ព័ត៌មាន​ ស្តីពីករណីវិជ្ជមានវីរុសកូវីដ-១៩ បំប្លែងថ្មី​ អូ​មី​ក្រុង​ (Omicron) ចំនួន​ ០១នាក់​ នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១។

ក្រសួងសុខាភិបាល សូមគោរពជម្រាបជូនសាធារណជន ទាំងអស់ឲ្យបានជ្រាបថា ក្រសួង បានរកឃើញករណ៍វិជ្ជមានកូវីដ-១៩បម្លែងថ្មី ឈ្មោះ អូមីក្រុង (Omicron) ម្នាក់ទៀត (ជាករណីទី២) ដែលមានលទ្ធផលវិភាគបញ្ជាក់ ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជានៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១។

ករណ៍វិជ្ជមានកូវីដ-១៩ អូមីក្រុងខាងលើនេះ ត្រូវបានរកឃើញលើបុរសជនជាតិអៀរ៉ង់ អាយុ ២៥ឆ្នាំ ស្នាក់នៅសណ្ឋាគារមួយ ក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ។ បុរសរូបនេះ បានធ្វើទេសចរនៅ ប្រទេសខេនញ៉ា (Kenya) ប្រហែលជាមួយខែមុន ហើយចំនួន៣ថ្ងៃមុននេះ ក៏បានធ្វើ ដំណើរតាមជើង ហោះហើរចេញពីប្រទេសខេនញ៉ា (តំបន់អាហ្វ្រិក) ឆ្លងកាត់តាមឌូបៃ រួចបន្តជើងហោះហើរនៅព្រលាន យន្តហោះទីក្រុងបាងកកនៃប្រទេសថៃ មកដល់ប្រទេសកម្ពុជា នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១។ នៅពេលមក ដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ក្រុមការងារក្រសួងសុខាភិបាល បានធ្វើតក្ដរហ័សលើវត្ថុ សំណាករបស់គាត់ ឃើញមានវិជ្ជមានវីរុសកូវីដ-១៩ ហើយក៏បានបញ្ចូនវត្ថុសំណាករបស់គាត់ ទៅកាន់វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ដើម្បីវិភាគបញ្ជាក់រកវីរុសកូវីដ-១៩ បម្លែងថ្មីអូមីក្រុងនេះ។ បច្ចុប្បន្ន អ្នកជំងឺខាងលើ កំពុងសម្រាកព្យាបាលនៅមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន ក្នុងរាជធានីភ្នំពេញ។

ក្រសួងសុខាភិបាល សូមធ្វើការអំពាវនាវដល់ បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមបន្តអនុវត្តវិធានការ ការពារខ្លួនដោយហ្មត់ចត់ ជាពិសេសវិធានការ “៣ការពារ និង ៣កុំ” និងចាក់វាក់សាំងកូវីដ-១៩ នៅពេលដល់ វេនលោកអ្នកឱ្យបានគ្រប់ៗគ្នា ដើម្បីរួមគ្នាទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩នៅតាមសហគមន៍របស់យើង។

ក្រសួងសុខាភិបាល បន្តជូនដំណឹងដល់សាធារណជន អំពីការវិវត្តន៍នៃបញ្ហាសុខភាព តាមទំព័រ ហ្វេសប៊ុក និងគេហទំព័ររបស់ក្រសួង www.cdcmoh.gov.kh ដែលគេហទំព័រនេះមានសម្ភារៈអប់រំសុខ ភាពដែលអាចទាញយកមកប្រើប្រាស់បាន។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកទូរស័ព្ទទាន់ ហេតុ ការណ៍ ក្រសួងសុខាភិបាល លេខ ១១៥ ដោយឥតគិតថ្លៃ៕

អត្ថបទដែលជាប់ទាក់ទង