រដ្ឋមន្ត្រីក្រសួងការបរទេសដាណឺម៉ាក ៖ ប្រទេសដាណឺម៉ាក ចាប់ផ្តើមដកទ័ព ចេញពីប្រទេសម៉ាលី
បរទេស ៖ សារព័ត៌មានReuters បានឲ្យដឹងថា កាលពីថ្ងៃព្រហស្បតិ៍ រដ្ឋមន្ត្រីការបរទេសលោក Jeppe Kofod បាននិយាយថា ប្រទេសដាណឺម៉ាកនឹងចាប់ផ្តើមដកកងទ័ព របស់ខ្លួនចេញពីប្រទេសម៉ាលី បន្ទាប់ពីរដ្ឋាភិបាលយោធាអន្តរកាល របស់ប្រទេសអាហ្វ្រិកបានទទូចឱ្យមានការដកទ័ពជាបន្ទាន់ក្នុងសប្តាហ៍នេះ ។
លោក Kofod បានប្រាប់អ្នកកាសែតនៅក្នុងសន្និសីទសារព័ត៌មាននៅទីក្រុង Copenhagen ថា “កាលពីយប់មិញ យើងឃើញថា រដ្ឋាភិបាលអន្តរកាលម៉ាលី ឬមេទ័ពដែលធ្វើរដ្ឋប្រហារ បានចេញសេចក្តីថ្លែងការណ៍ជាសាធារណៈមួយ ដោយពួកគេបាននិយាយម្តងទៀតថា ដាណឺម៉ាកមិនត្រូវបានស្វាគមន៍នៅក្នុងប្រទេសម៉ាលីឡើយ ហើយយើងប្រាកដណាស់ថា នឹងមិនប្រកាន់ចំពោះរឿងនោះទេ ដូច្នេះហើយបានជាយើងសម្រេចចិត្តដកទាហានត្រឡប់ទៅប្រទេសយើងវិញ” ។
កាលពីដើមខែនេះ ប្រទេសដាណឺម៉ាកបានបញ្ជូនបុគ្គលិកយោធាចំនួន ១០៥នាក់ ទៅកាន់ប្រទេសម៉ាលី បន្ទាប់ពីអ្វីដែលខ្លួនបាននិយាយថាជា “ការអញ្ជើញយ៉ាងពិតប្រាកដ” របស់ម៉ាលី។
ប៉ុន្តែរដ្ឋាភិបាលម៉ាលីបាននិយាយនៅសប្តាហ៍នេះថា ខ្លួនមានការភ្ញាក់ផ្អើលចំពោះវត្តមានរបស់ដាណឺម៉ាក ដោយសារតែមិនទាន់មានការសម្រេច ទៅលើការស្នើសុំពីប្រទេសដាណឺម៉ាកកាលពីខែមិថុនា ដើម្បីដាក់ពង្រាយកងទ័ព ៕