ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ៖ ស្ពានបេតុង មួយខ្សែឆ្លងកាត់ស្ទឹងសែន ពីឃុំត្បូងក្រពើ ស្រុកសន្ទុក នឹងត្រូវតភ្ជាប់ទៅកាន់ ឃុំព្រៃគុយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ

394

 

ភ្នំពេញ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា -ព្រឹទ្ធសភា និងអធិការកិច្ច តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងពិធីបញបញ្ចុះបឋមសិលាសាងសង់ស្ពានបេតុងមួយខ្សែ ឆ្លងកាត់ស្ទឹងសែន នាព្រឹកថ្ងៃអាទិត្យ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២២ ។

ថ្លែងក្នុងឱកាសនោះ លោកជំទាវកិត្តិសង្គហបណ្ឌិត ក៏បាននាំមកនូវការសាកសួរ សុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់ អង្គពិធីទាំងមូល នូវការនឹក រលឹក និងការគិតគូរអំពីសុខទុក្ខ ប្រជាពលរដ្ឋនៅទូទាំងប្រទេស ក៏ដូចជាប្រជាពលរដ្ឋ ដែលបានអញ្ជើញមកចូលរួមក្នុងកម្មវិធីនេះផងដែរ ។

ស្ពានបេតុងមួយខ្សែរឆ្លងកាត់ស្ទឹងសែន ដែលបញ្ចុះបឋមសិលាសាងសង់ នាពេលនេះមានប្រវែង ១៨០ម៉ែត្រ ទទឹង ៨.៨ម៉ែត្រ នៅឃុំត្បូងក្រពើ ស្រុកសន្ទុក ត្រូវបានតភ្ជាប់ទៅកាន់ ឃុំព្រៃគុយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។ ការសាងសង់ស្ពាននេះផងដែរ ក៏ជាការឆ្លើយតបតាមសំណូមពរ របស់ប្រជាពលរដ្ឋ ដែលបានស្នើសុំសម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងអំឡុងពេលដែល សម្តេចបានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវ មជ្ឈមណ្ឌល សាសនា វប្បធម៌ ទេសចរណ៍ សំពៅត្រៃលោក សំពៅត្រៃលក្ខណ៍ កាលពីឆ្នាំ២០១៣ ។

ស្ពាននេះនឹងសាងសង់រួចរាល់ជាស្ថាពរចំណាយពេល ២៤ខែ ដែលអាចជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ សិស្សានុសិស្ស និងប្រជាកសិករ ការដោះដូរទំនិញ ទៅកាន់ទីផ្សារ ដែលចំណាយពេលវេលា ចំណេញថវិកា ក្នុងការធ្វើដំណើរមកកាន់ទីរួមខេត្ត ក៏ដូចជា ជម្រុញឲ្យទេសចរណ៍ចូលមកកាន់មជ្ឈមណ្ឌល សាសនា វប្បធម៌ ទេសចរណ៍ ផងដែរ ។

លោកជំទាវ ក៏បាន គោរពអបអរសាទរយ៉ាងស្មោះ អស់ពីដួងចិត្ត ក្នុងឱកាសដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ទទួលបានពានរង្វាន់ «សន្តិភាពស៊ុនហាក់ – SUNHAK PEACE PRIZE 2022) ពីមូលនិធិសន្តិភាពស៊ុនហាក់ របស់ប្រទេសកូរ៉េខាងត្បូង កាលពីព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២២ នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។

លោកជំទាវក៏បានផ្តាំផ្ញើរដល់ក្រុមជាង ត្រូវបំពេញការងារឲ្យបានហ្មត់ចត់ ត្រូវគោរពតាមបទដ្ឋាននៃសំណង់ ក្នុងការសាងសង់ស្ពាន សាងសង់ឲ្យមានភាពរឹងមាំ ជាប់ល្អ និងធ្វើការដោយប្រុងប្រយ័ត្ន ជៀសវាងគ្រោះថ្នាក់ដែលកើតមានជាយថាហេតុ ។
លោកជំទាវក៏បានអំពាវនាឲ្យបងប្អូនទាំងអស់គ្នាត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ ការរៀនរស់នៅ ធ្វើការជាមួយកូវីដ ១៩ តាមគន្លងថ្មី ដោយរក្សារគម្លាត និងគោរពតាមវិធានការរបស់ក្រសួងសុខាភិបាល គឺ ៣ការពារ ៣កុំ ខណៈដែល វីរ៉ុសប្រភេទ អូមីក្រុង បាននឹងកំពុងបន្តកើនឡើងជាលំដាប់ និងបានក្រើនរំលឹកឲ្យប្រជាពលរដ្ឋដែលពុំទាន់បានចាសក់វ៉ាក់សាំង ត្រូវទៅចាក់វ៉ាក់សាំងឲ្យបានគ្រប់ៗគ្នា និងអ្នកដែលបានចាក់ដូសទី ១ និងទី ២រួច ត្រូវទទួលដូសជម្រុញបន្ថែមទៀត ដើម្បីបង្ការ និងទប់ស្កាត់នូវការចម្លងជំងឺកូវីដ១៩ ចូលក្នុងសហគមន៍ ៕ . សំរិត

អត្ថបទដែលជាប់ទាក់ទង