ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កិច្ចចរចាជុំបន្ទាប់ រវាងរុស្ស៉ី-អ៊ុយក្រែន នឹងរៀបចំឡើង នៅថ្ងៃចន្ទនេះ តាមប្រព័ន្ធអនឡាញ

178

 

មូស្គូ ៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េស្កូវ (Dmitry Peskov) កាលពីថ្ងៃអាទិត្យ បានឱ្យដឹងថា កិច្ចចរចារវាងរុស្ស៉ីនិងអ៊ុយក្រែន នឹងត្រូវបន្តនៅថ្ងៃចន្ទនេះ តាមទម្រង់អនឡាញ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន TASS នៅថ្ងៃចន្ទ ទី១៤ ខែមីនា ឆ្នាំ២០២២។

សមាជិកប្រតិភូអ៊ុយក្រែនមួយរូប ក៏បានឱ្យដឹងដែរថា កិច្ចចរចាបន្ទាប់ទៀតរវាងភាគីទាំងពីរ នឹងត្រូវរៀបចំឡើងតាមប្រព័ន្ធអនឡាញ នៅវេលាម៉ោង ១០៖៣០នាទីព្រឹក ថ្ងៃចន្ទនេះ (ម៉ោងក្នុងតំបន់)។

គួរបញ្ជាក់ថា ជំនួបចរចាជុំដំបូង រវាងក្រុមមន្រ្តីរុស្ស៉ីនិងអ៊ុយក្រែន បានប្រព្រឹត្តទៅ នៅតំបន់ ហ្កោលមែល (Gomel) របស់បេឡារុស ដែលនៅជាប់នឹងអ៊ុយក្រែន កាលពីថ្ងៃទី២៨ ខែកុម្ភៈ។ រីឯជំនួបជុំទី២ ត្រូវបានធ្វើឡើងកាលពីថ្ងៃទី០៣ ខែមីនា នៅបេឡារុសដដែល ដោយកិច្ចចរចានោះ សម្រេចបានការព្រមព្រៀងគ្នា ក្នុងការបង្កើត ច្រករបៀបមនុស្សធម៌ ដើម្បីជម្លៀសជនស៉ីវិល ចេញពីទីក្រុងមួយចំនួនរបស់អ៊ុយក្រែន។

ក្រុមមន្រ្តីរុស្ស៉ីនិងអ៊ុយក្រែន បានបន្តជួបគ្នា នៅជុំទី៣ទៀត កាលពីថ្ងៃទី០៧ ខែមីនា នៅបេឡារុស ខណៈកាលពីថ្ងៃទី១០ ខែមីនា រដ្ឋមន្រ្តីការបរទេសរុស្ស៉ី លោក សឺហ្គៃ ឡាវរ៉ូវ (Sergey Lavrov) និងរដ្ឋមន្រ្តីការបរទេសអ៊ុយក្រែន លោក ឌីមីទ្រី គូឡេបា (Dmitry Kuleba) បានជួបគ្នាក្រៅផ្លូវការ កំលុងវេទិកាការទូតមួយ នៅឯទីក្រុងអាន់តាលីយ៉ា (Antalya) របស់តួកគី៕

អត្ថបទដែលជាប់ទាក់ទង