ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ភាគីចិន សូមវាយតម្លៃខ្ពស់ ចំពោះប្រសាសន៍របស់សម្ដេចតេជោ លើបញ្ហាពាក់ព័ន្ធនឹងតៃវ៉ាន់

70

 

ភ្នំពេញ៖ ស្ថានទូតចិនប្រចាំព្រះរាជាណាចក្រកម្ពុជាបានចេញផ្សាយព័ត៌មានផ្លូវការមួយថា នាថ្ងៃទី៣០ខែឧសភា នៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំរបស់ក្រសួងការបរទេសចិន មានអ្នកសារព័ត៌មានមួយបានលើកសំណួរថា៖ តាមប្រព័ន្ធផ្សព្វផ្សាយមួយបានឱ្យដឹងថា អំពីការលើកឡើងអវិជ្ជមានរបស់អាមេរិកជុំវិញបញ្ហាតៃវ៉ាន់ក្នុងពេលថ្មីៗនេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានសង្កត់ធ្ងន់ថា តៃវ៉ាន់គឺជាខេត្តមួយរបស់ប្រទេសចិន គឺជាផ្នែកមួយដែលមិនអាចកាត់ផ្តាច់ចេញពីទឹកដីរបស់ប្រទេសចិនបាន។

ការមានបំណងប៉ុនប៉ងញុះញង់ឱ្យតៃវ៉ាន់”ឯករាជ្យ”ពិតជាមានគ្រោះថ្នាក់យ៉ាងខ្លាំង ហើយក៏បានអំពាវនាវបណ្ដាភាគីគោរពអធិបតេយ្យភាពរបស់ចិន កុំចាក់សាំងលើភ្លើង។ តើភាគីចិនមានយោបល់យ៉ាងណាដែរសម្រាប់ការលើកឡើងខាងលើនេះ?

លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិនបានលើកឡើងថា ភាគីចិនសូមវាយតម្លៃខ្ពស់ចំពោះប្រសាសន៍របស់សម្ដេចតេជោលើបញ្ហាពាក់ព័ន្ធនឹងតៃវ៉ាន់។ នៅលើពិភពលោកមានចិនតែមួយ តៃវ៉ាន់ជាផ្នែកមួយនៃចិន ហើយរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន គឺជារដ្ឋាភិបាលស្របច្បាប់តែមួយគត់ ដែលតំណាងឱ្យប្រទេសចិនទាំងមូល។ នេះជាកុងសុងស៊ីសរបស់សហគមន៍អន្តរជាតិ។ បញ្ហាតៃវ៉ាន់គឺជាកិច្ចការផ្ទៃក្នុងរបស់ចិនសុទ្ធសាធ មិនអនុញ្ញាតឱ្យមានការជ្រៀតជ្រែកពីបរទេសឡើយ។ ការការពារអធិបតេយ្យភាពជាតិនិងបូរណភាពទឹកដី ប្រឆាំងនឹងការបែកបាក់ និងការសម្រេចបានបង្រួបបង្រួមជាតិគឺជាបុព្វហេតុត្រឹមត្រូវសច្ចធម៌របស់ចិន។ នេះត្រូវបាន និងបន្តទទួលបានការយល់ និងគាំទ្រពីសហគមន៍អន្តរជាតិ ក្នុងនោះក៏រួមបញ្ចូលទាំងកម្ពុជាផងដែរ៕

អត្ថបទដែលជាប់ទាក់ទង