ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សិក្ខាសាលាស្តីពី «ការកំណត់អត្ដសញ្ញាណ និងការផ្សព្វផ្សាយ ផលិតផលសក្ដានុពលកម្ពុជា» នៅខេត្តកំពង់ឆ្នាំង

329

ខេត្តកំពង់ឆ្នាំង៖ នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២២ នាយកដ្ឋានអភិវឌ្ឍន៍ទីផ្សារនៃអគ្គនាយកដ្ឋានជំរុញ
ពាណិជ្ជកម្ម ក្រសួងពាណិជ្ជកម្ម បានសហការជាមួយមន្ទីរពាណិជ្ជកម្ម និងរដ្ឋបាលខេត្តកំពង់ឆ្នាំង រៀបចំសិក្ខាសាលាស្តីពីការកំណត់អត្ដសញ្ញាណ និងការផ្សព្វផ្សាយផលិតផលសក្ដានុពលកម្ពុជា ក្រោមអធិបតីភាពរបស់ លោក តាន់ យុវរដ្ឋ អគ្គនាយករងនៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម ក្រសួងពាណិជ្ជកម្ម និងលោក អម សុភា អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមមកពីតំណាងមន្ទីរ អង្គភាពពាក់ព័ន្ធ អាជ្ញាធរដែនដី ក្រោមឱវាទរបស់រដ្ឋបាលខេត្ត តំណាងសភាពាណិជ្ជកម្មកម្ពុជា សភាពាណិជ្ជកម្មខេត្ត ជាពិសេស លោក លោកស្រីជាម្ចាស់ផលិតករ សិប្បករ សមាគម អាជីវករ ពាណិជ្ជករ និស្សិតក្នុងខេត្ត។

សិក្ខាសាលានេះមានបទបង្ហាញចំនួន ៣ គឺ៖ ១-យុទ្ធសាស្រ្តជំរុញផលិតផលសក្ដានុពលកម្ពុជាដើម្បីនាំចេញ ធ្វើបទបង្ហាញដោយលោក ហ៊ឹង ចក់ អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទីផ្សារនៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម ក្រសួងពាណិជ្ជកម្ម ២-ជីអេស១កម្ពុជា (បារកូដកម្ពុជា) ដោយលោកស្រី យីម ម៉ារី ប្រធានផ្នែកទីផ្សារ ជីអេស១កម្ពុជានៃសភាពាណិជ្ជកម្មកម្ពុជា និង៣-ការចែករំលែកបទពិសោធន៍របស់ផលិតផលកុលាលភាជន៍ ដោយលោកស្រី យង់ សុខា តំណាងមជ្ឈមណ្ឌលអភិវឌ្ឍន៍កុលាលភាជន៍ភូមិបាញ់ឆ្គោល។

ការរៀបចំសិក្ខាសាលានាថ្ងៃនេះ ជាផ្នែកមួយក្នុងការជួយជំរុញកំណើនសេដ្ឋកិច្ច ពាណិជ្ជកម្ម តាមរយៈ សកម្មភាពចងក្រងកំណត់អត្តសញ្ញាណ និងទិន្នន័យផលិតផលសក្តានុពល និងផលិតផលនានាប្រចាំតំបន់ដែលផលិតនៅតាមបណ្តារាជធានី-ខេត្ត ព្រមទាំងផ្សព្វផ្សាយឱ្យបានកាន់តែទូលំទូលាយជូនសាធារណជនបានស្គាល់ និងគាំទ្រប្រើប្រាស់ផលិតផលសក្តានុពលទាំងនោះឱ្យកាន់តែច្រើន។

ការកំណត់បាននូវអត្តសញ្ញាណផលិតផលសក្តានុពលរបស់ខេត្តនីមួយៗ គឺជាស្ពានតភ្ជាប់ទំនាក់ទំនងសេដ្ឋកិច្ចរវាងផលិតករកម្ពុជាជាមួយធុរជន អ្នកនាំចេញ និងពាណិជ្ជករអន្តរជាតិ ដែលមានបំណងស្វែងរកផលិតផលកម្ពុជាសម្រាប់កិច្ចការពាណិជ្ជកម្ម។

បច្ចុប្បន្ននេះ ខេត្តកំពង់ឆ្នាំងបានជំរុញ ដល់វិស័យសំខាន់ៗ ក្នុងនោះវិស័យពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ ឧស្សាហកម្ម និងសិប្បកម្មពិសេសការអភិវឌ្ឍផលិតផលដែលមានសក្តានុពលក្នុងខេត្តឱ្យកើនឡើងជាលំដាប់គួរឱ្យកត់សម្គាល់ និងមានផលិតផលសំខាន់ៗជាច្រើនដូចជា ខ្ទឹមស្លឹក គ្រឿងកុលាលភាជន៍ វត្ថុប្រើប្រាស់ធ្វើពីឫស្សី ពោត ល្ង សណ្ដែកប្រេង សណ្តែកលឿង ស្ករត្នោត ចង្ក្រានឡូវ(ចង្ក្រាននាគ) ក្រមា កន្សែង (អង្គការសាអូរី) ប្រេងកូឡា នំស្រួយ នំពា ចេកឆាប ដំឡូងឆាប ត្រីឆ្អើរ សាប៊ូទឹក សាប៊ូដុំ និងផលិតផលជាច្រើនទៀត។

ទន្ទឹមនឹងនេះ ម្ចាស់ផលិតផលសក្តានុពលចំនួន៥រូប បានណែនាំខ្លួន និងបង្ហាញអំពីសាវតារ សហគមន៍ លក្ខណៈពិសេសផលិតផល ទីផ្សារ បញ្ហាប្រឈម និងសំណូមពររបស់ពួកគាត់។

តាមរយៈការបង្ហាញនូវផលិតផលទាំងនោះ អង្គសិក្ខាសាលាបានអបអរសាទរនូវការខិតខំប្រែងរបស់ផលិតករ ក្នុងស្រុក ហើយបានជំរុញ លើកទឹកចិត្តដល់ពួកគាត់ ដើម្បីពង្រីក និងពង្រឹងគុណភាព នវានុវត្តន៍ តាមរយៈការកសាងម៉ាកសញ្ញាសម្គាល់ផលិតផលកម្ពុជា ការដាក់ឈ្មោះម៉ាក/យីហោរបស់ក្រុមហ៊ុន សហគ្រាសឱ្យបាន ត្រឹមត្រូវ រួមជាមួយថ្ងៃខែឆ្នាំផលិត ថ្ងៃខែឆ្នាំផុតកំណត់ បិទស្លាកតម្លៃ លេខបារកូដផលិតផលឱ្យបានច្បាស់លាស់ ដើម្បីបង្កើនទំនុកចិត្តដល់អ្នកប្រើប្រាស់ និងអាចប្រកួតប្រជែងជាមួយផលិតផលនាំចូល ព្រមទាំងឈានចូលទីផ្សារក្នុងប្រទេស និងក្រៅប្រទេស។

ជាមួយគ្នានេះ អង្គសិក្ខាសាលាបានសំណូមពរ ដល់អ្នកប្រើប្រាស់គ្រប់រូប សូមបន្តគាំទ្រ និងប្រើប្រាស់ផលិតផលខ្មែរ ដើម្បីជួយលើកទឹកចិត្តដល់ផលិតករខ្មែរ និងបង្កើនទំនុកចិត្តដល់អ្នកទេសចរក្នុងស្រុក និងអ្នកទេសចរបរទេស ព្រមទាំងរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិ ស្របតាមពាក្យស្លោក «ប្រជាជនម្នាក់ទិញផលិតផលខ្មែរយ៉ាងតិចមួយមុខ»។

ជាងនេះទៅទៀត សិក្ខាកាមដែលចូលរួម ក្នុងសិក្ខាសាលាទទួលបាននូវព័ត៌មាននិងចំណេះដឹងថ្មីៗ បទពិសោធន៍ល្អៗ ដើម្បីយកទៅប្រើប្រាស់ សម្រាប់បង្កើនការផលិត ការកែច្នៃ និងប្រាក់ចំណូល បង្កើតឱកាសការងារ រួមចំណែកកាត់បន្ថយភាពក្រីក្រ និងដើម្បីស្វែងរកឱកាសក្នុងការពង្រីកអាជីវកម្ម និងទីផ្សាររបស់ខ្លួន នាពេលបច្ចុប្បន្ន ព្រមទាំងប្តេជ្ញាចិត្តរិះរក និងសិក្សាបន្ថែមក្នុងការបង្កើតផលិតផលសក្ដានុពលថ្មីៗបន្ថែមទៀតដើម្បីអភិវឌ្ឍខេត្ដ និងប្រកួតប្រជែង ជាមួយផលិតផលនាំចូល។ ក្រោយបញ្ចប់អង្គសិក្ខាសាលា សិក្ខាកាមបានបង្ហាញពីក្តីសប្បាយរីករាយ និងមានចំណាប់អារម្មណ៍ ដោយសំណូមពរឱ្យមានសិក្ខាសាលានេះជារៀងរាល់ឆ្នាំ ដើម្បីចែករំលែកនូវបទពិសោធន៍ វិធីសាស្ត្រ និងបច្ចេកទេសថ្មីៗបន្ថែមទៀត៕

អត្ថបទដែលជាប់ទាក់ទង