នគរបាលស្រុកសូទ្រនិគម ឃាត់ខ្លួនបុរសម្នាក់យកមកអប់រំ ករណី រក្សាទុកកាំភ្លើងខ្យល់ខុសច្បាប់
សៀមរាប ៖ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ បន្ទាប់ពីទទួលបានព័ត៌មានតាមរយៈហ្វេសប៊ុកផេក របស់មន្ទីរពេទ្យគន្ធបុប្ផា ថាមានករណីក្មេងប្រុសម្នាក់អាយុ៤ឆ្នាំ បានរងរបួសដោយសារគ្រាប់កាំភ្លើងខ្យល់ បណ្ដាលអោយគ្រាប់ចូលក្នុងសួត រស់នៅភូមិដំរីកូន ស្រុកសូទ្រនិគម ខេត្តសៀមរាប ។
យោងតាមការចង្អុលបង្ហាញរបស់លោកឧត្តមសេនីយ៍ត្រី តេង ច័ន្ទណាត ស្នងការនគរបាលខេត្តសៀមរាប លោកវរសេនីយ៍ទោ ឃីម ផល្លា អធិការនគរបាលស្រុកសូទ្រនិគម បានដឹកនាំកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលពពេល សហការជាមួយកម្លាំងប្រជាការពារ ចុះទៅស្រាវជ្រាវនៅទីតាំងកើតហេតុ។
យោងតាមការរៀបរាប់តាមរយៈទូរស័ព្ទដោយឈ្មោះ សន ភិរុណ អាយុ ៣០ ឆ្នាំ ត្រូវជាឪពុកបង្កើតរបស់ជនរងគ្រោះ បានឲ្យដឹងថា នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង៨និង៣០នាទីព្រឹក នៅចំណុចផ្ទះចំការ ក្នុងភូមិត្រពាំងផុង ឃុំពពេល ស្រុកសូទ្រនិគម ខេត្តសៀមរាប គាត់បានទុកកាំភ្លើងខ្យល់សម្រាប់បាញ់សត្វនៅចំការ ហើយកាំភ្លើងខ្យល់នោះអស់ហ្គាសប៉ុន្មានថ្ងៃមកហើយ ដូច្នេះខ្លួនក៏ទុកចោលនៅក្រោមគ្រែ ។ រហូតដល់ម្សិលមិញ(ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២) ខ្លួនមានធុរៈមកផ្សារដំដែក ក៏ទុកកូន០៤នាក់នៅផ្ទះ(អាយុ៤ឆ្នាំ, ៦ឆ្នាំ, ៨ឆ្នាំ, និង១០ឆ្នាំ) ដល់ម៉ោង៨និង៣០នាទីព្រឹក មានបងប្អូនទូរសព្ទ័ប្រាប់ថាកូនៗបានយកកាំភ្លើងលេងបាញ់ត្រូវកូនប្រុសពៅ ។
ក្រោយទទួលដំណឹង ខ្លួនក៏ប្រញ៉ាប់មកផ្ទះវិញ ទើបដឹងថាកូនៗពិតជាបានយកកាំភ្លើងខ្យល់នោះលេង ហើយកូនប្រុសច្បងឈ្មោះ ភិរុណ ដារា អាយុ១០ឆ្នាំ ជាអ្នកបាញ់ត្រូវប្អូនប្រុសពៅ អាយុ៤ឆ្នាំ ។ ភ្លាមៗនោះ ខ្លួន និងក្រុមគ្រួសារបានរៀបចំបញ្ជូនកូនទៅមន្ទីរពេទ្យគន្ធបុប្ផា ដោយមិនបានរាយការណ៍ជូនសមត្ថកិច្ចណាឡើយ ។ ហើយក៏បានយកកាំភ្លើងខ្យល់កែច្នៃនោះទៅដុតបំផ្លាញចោលនៅគំនរសំរាមក្បែរផ្ទះតែម្ដង ។
សមត្ថកិច្ចបានចុះទៅដល់ទីតាំងកើតហេតុ តែក្រុមគ្រួសាររងគ្រោះមិនបាននៅទីនោះទេ ដោយជាប់មើលថែកូនរងរបួសនៅមន្ទីរពេទ្យគន្ធបុប្ផា ហើយឈ្មោះ សន ភិរុណ ត្រូវជាឪពុកជនរងគ្រោះបានអះអាងថា នឹងមកជួបសមត្ថកិច្ចធ្វើតាមនីតិវិធី បន្ទាប់ពីកូនចេញពីមន្ទីរពេទ្យ ។
ក្រោយពីមានការធានាពីសាច់ញាតិ និងអាជ្ញាធរមូលដ្ឋាន ព្រមទាំងមានការឯកភាពពីលោកស្នងការ ទើបសមត្ថកិច្ចបានសម្រេចធ្វើការអប់រំ និងធ្វើកិច្ចសន្យាមុនអនុញ្ញាតឲ្យឪពុកក្មេងរងគ្រោះត្រឡប់ទៅគេហដ្ឋានវិញ ៕