ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គ្រួសារក្រីក្ររស់នៅតាម បណ្តោយផ្លូវរថភ្លើង និងអ្នកប្រកបរបរក្រៅប្រព័ន្ធ ចំនួន ៥០០គ្រួសារ ទទួលបានអំណោយជាគ្រឿងឧបភោគ បរិភោគ ពីសមាគមមិត្តយើង

235

 

ភ្នំពេញ ៖ ដោយមើលឃើញពីទុក្ខលំបាករបស់ប្រជាជនទីទាល់ក្រ និងអ្នកប្រកបរបរក្រៅប្រព័ន្ធ រស់នៅតាមបណ្តោយផ្លូវរថភ្លើង ដែលកំពុងតែជួបប្រទះការខ្វះខាត់ជីវភាព សមាគមមិត្តយើង ដោយមានការចូលរួមគាំទ្រពីរដ្ឋបាលសង្កាត់ទឹកល្អក់ទី១ និងបឹងកក់ទី២ បានរៀបចំបង្កើតជាកម្មវិធីសប្បុរសធម៌មួយ ដើម្បីចែកអំណោយជូនដល់បងប្អូនដែលជួបការលំបាកចំនួន ៥០០គ្រួសារ ក្នុងនោះក៏មានអ្នកប្រកបរបរក្រៅប្រព័ន្ធ (ម៉ូតូឌុប រមកកង់បី និងអ្នកដឹកជញ្ជូន) ផងដែរ នាព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២២ នេះ។

កញ្ញា ផាន់ សុនីតា អនុប្រធានសមាគមមិត្តយើង បានលើកឡើងថា អំណោយដែលចែកជូនថ្ងៃនេះមិនច្រើនទេ តែវាចេញពីទឹកចិត្តពិតប្រាកដរបស់បងប្អូនមិត្តយើងដែលបានចូលរួមឧបត្តម្ភ ដើម្បីរួមចំណែកមួយផ្នែកក្នុងការដោះស្រាយចំពោះកង្វះខាត់ដែលបងប្អូន ពូមីង កំពុងជួបប្រទះក្នុងជីវភាពប្រចាំថ្ងៃ។ កញ្ញាក៏បានឱ្យដឹងដែរថា រហូតមកដល់ពេលនេះ អំណោយជាគ្រឿងឧបភោគ បរិភោគ ប្រមាណជាជិត ១ម៉ឺនកញ្ចប់ហើយដែលសមាគមមិត្តយើង បានចែកជូនដល់បងប្អូនដែលមានការខ្វះខាត ហើយសមាគមជឿជាក់ថា កម្មវិធីសប្បុរសធម៌នេះ នឹងកើតមានជាបន្តបន្ទាប់នាថ្ងៃអនាគត។

កញ្ញា ផាន់ សុនីតា ក៏បានរំលឹកដល់បងប្អូនទាំងអស់ត្រូវយកចិត្តទុកដាក់សុខភាព ដោយត្រូវរស់នៅស្អាត និងមានអនាម័យ ហើយក៏បានផ្តាំផ្ញើដល់បងប្អូនដែលមានកូនៗគ្រប់អាយុចូលរៀន ត្រូវបញ្ជូនកូនៗឱ្យបានរៀនសូត្រគ្រប់ៗគ្នា ព្រោះមានតែចំណេះដឹងទេ ដែលអាចជួយក្មេងៗឱ្យមានអនាគតល្អ និងមានជីវភាពប្រសើរឡើង។

គួរបញ្ជាក់ថា ក្នុងស្ថានភាពជំងឺកូវីដដែលកំពុងរីករាលដាលយ៉ាងខ្លាំងកន្លងមក សមាគមមិត្តយើង បានចូលរួមជួយ និងចែករំលែកជាអំណោយដល់បងប្អូន ពូមីង ជាច្រើន ក្នុងនោះមាន៖ ក្រុមលោកតាស៊ីក្លូ ក្មេងកំព្រា អ្នកប្រកបរបរក្រៅប្រព័ន្ធ និងអ្នកខ្វះខាតដទៃទៀត តាមរយៈការចូលរួមឧបត្តម្ភជាថវិកា គ្រឿងឧបភោគ បរិភោគ សម្ភារៈ ពីក្រុមយុវជន និងដៃគូសហការ និងអភិវឌ្ឍផ្សេងៗផងដែររួមមាន៖ Yinkok Food Corp, Wing, Daily Fresh Foods Cambodia និង IQPS Trading។

គូសបញ្ជាក់ថា សមាគមមិត្តយើង គឺជាស្ថាប័នដែលមិនស្វែងរកប្រាក់ចំណេញ និងមានគោលបំណងក្នុងការរឹតចំណងមិត្តភាព សាមគ្គីភាព កសាងបណ្តាញ ផ្តល់ឱកាសការងារ លើកកម្ពស់កម្រិតជីវភាពរស់នៅ ជាពិសេសការងារសង្គម ក៏ដូចជាការងារសប្បុរសធម៍នានា ដើម្បីរួមចំណែកដល់ការអភិវឌ្ឍន៍ប្រទេសជាតិ។

អត្ថបទដែលជាប់ទាក់ទង