ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មានកត្តា២យ៉ាង ដែលធ្វើអោយការវិនិយោគ នៅប្រទេសកម្ពុជា ពិសេសវិស័យអចលនៈទ្រព្យ មានភាពរីកចំរើនខ្លាំងក្លា

167

ភ្នំពេញ៖ លោកកើត ឆែ អភិបាលរងរាជធានីភ្នំពេញ តំណាងអោយ លោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ មានបញ្ជាក់ថា៖ ការវិនិយោគនៅប្រទេសកម្ពុជា ពិសេសលើវិស័យអចលនៈទ្រព្យ មានភាពរីកចំរើនខ្លាំងក្លា នាពេលបច្ចុប្បន្ននេះ មានកត្តា២យ៉ាង នោះគឺកត្តាសន្តិភាព និងមានស្ថេរភាពនយោបាយ ដែលកម្ពុជា ពិសេសសម្តេចតេជោហ៊ុន សែន នាកយរដ្ឋមន្ត្រីនៃកម្ពុជា ប្រឹងប្រែងរកបានមកដោយលំបាក។

ការបញ្ជាក់បែបនេះរបស់លោក កើត ឆែ បានធ្វើឡើងកាលពីព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២២នេះ ខណៈដែលលោកបានអញ្ជើញជាអធិបតីភាព ក្នុង
ពិធីបើកសម្ពោធគម្រោងអភិវឌ្ឍលំនៅដ្ឋាន ឡាម៉េហ្សុង ផ្លាហ្សា របស់ក្រុមហ៊ុនខេមបេស្តេក មេនេចម៉ិន ខូ អិលធីឌី នៅសាលប្រជុំ ដឺ ព្រេមៀ សេនធ័រ សែនសុខ ខណ្ឌសែន សុខរាជធានីភ្នំពេញ។

លោកកើត ឆែ បានមានប្រសាសន៍លើកឡើងថា៖ ការបើកសម្ពោធគម្រោងអភិវឌ្ឍលំនៅដ្ឋានរបស់ក្រុមហ៊ុនខាងលើនេះ ពិតជាបានបង្ហាញអោយឃើញពីភាពជោគជ័យថ្មីមួយទៀតរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោហ៊ុន សែនជាប្រមុខដឹកនាំ ដោយបានគៀងគរ អ្នកវិនិយោគ អោយមកវិនិយោគនៅកម្ពុជា អោយមានការរីកចំរើន ។ ៤៣ឆ្នាំនេះភ្នំពេញ បានប្រែមុខមាត់ថ្មីតាមរយៈការអភិវឌ្ឍ ។

លោកកើត ឆែ បានបន្តទៀតថា៖ ការវិនិយោគនៅប្រទេសកម្ពុជា ពិសេសវិស័យអចលនៈទ្រព្យ មានភាពរីកចំរើនខ្លាំងក្លា គឺផ្តើមចេញមកពីកត្តា២យ៉ាង នោះគឺ កត្តាសន្តិភាព និងកត្តាស្ថេរភាពនយោបាយ ។លោកបានបញ្ជាក់ថា ប្រទេសកម្ពុជា បើគ្មានសន្តិភាពពេញលេញទេ គឺគ្មាននរណាហ៊ានមកបណ្តាក់ទុនរកស៊ីនោះទេ ។ គេមិនអាចយកលុយមករកស៊ីដោយភាពប្រថុយប្រថាននោះទេ ។ ចំពោះកត្តាស្ថេរភាពនយោបាយវីញ កម្ពុជាមានតាំងពីឆ្នាំ១៩៩៨ រហូតមកដល់ពេលបច្ចុប្បន្ននេះ ដែលធ្វើអោយកំណើនសេដ្ឋកិច្ចចេះតែកើនឡើង ក្នុងរង្វង់៧ចុច ក្នុងរយៈពេល៣០ឆ្នាំ លើកលែងតែ បរិបទកូវីដ-១៩ រយៈពេល២ឆ្នាំប៉ុណ្ណោះ ។ កត្តាទាំង២នេះ នឹងធ្វើអោយកម្ពុជាដើរលើនាវាអភិវឌ្ឍន៍ដ៏ឆាប់រហ័ស។

លោកកើត ឆែ បានមានប្រសាសន៍បន្តទៀតថា ៖ វិស័យឯកជន ជាដៃគូរមិនអាចខ្វះបានជាមួយរាជរដ្ឋាភិបាល ។ ដើម្បីរក្សាបាននូវភាពរឹងមាំជាមួយវិស័យឯកជន រាជរដ្ឋាភិបាល តែងបង្កើតឡើងជាវេទិកាសាធារណៈជារៀងរាល់ឆ្នាំជាមួយវិស័យឯកជន។
លោក អេង លីឃ័ង នាយកក្រុមហ៊ុនខេមបេស្តេក មេនេចម៉ិន ខូ អិលធីឌី បានមានប្រសាសន៍ថា៖ គម្រោងអភិវឌ្ឍលំនៅដ្ឋាន ឡាម៉េហ្សុង ផ្លាហ្សា មានទីតាំងជិតរង្វង់មូលអប្សារា គល់ស្ពានព្រែកព្នៅ ភាគខាងជើងរាជធានីភ្នំពេញ ដែលអាចផ្តល់ឱកាសអោយធុរជន អាចធ្វើធុរកិច្ចនៅក្នុងគេហដ្ឋានរបស់ខ្លួននៅក្នុងមណ្ឌលពាណិជ្ជកម្មក្រកបដោយប្រសិទ្ធភាព៕

អត្ថបទដែលជាប់ទាក់ទង