ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់ «គ.ជ.ក.ប.» បានដឹកនាំគណៈប្រតិភូកម្ពុជា ទស្សនកិច្ចសិក្សានៅគណៈកម្មាធិការប្រកួតប្រជែង និងការពារអ្នកប្រើប្រាស់អូស្រ្ដាលី(ACCC)

161

(នៅទីក្រុងសុីដនី ប្រទេសអូស្ត្រាលី)៖ នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់ «គ.ជ.ក.ប.» បានអញ្ជើញដឹកនាំគណៈប្រតិភូ ជាអនុប្រធានអចិន្ត្រៃយ៍ អនុប្រធាន សមាជិក និងអគ្គនាយកដ្ឋានការពារអ្នកប្រើប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ជាលេខាធិការដ្ឋាន នៃគ.ជ.ក.ប បំពេញទស្សនៈកិច្ចសិក្សានៅគណៈកម្មាធិការប្រកួតប្រជែង និងការពារអ្នកប្រើប្រាស់អូស្រ្ដាលី(ACCC) នៅទីក្រុងសុីដនី ប្រទេសអូស្រ្ដាលី តបតាមការអញ្ជើញរបស់លោកស្រី Gina Cass Gottlieb ប្រធានគណៈកម្មាធិការប្រកួតប្រជែង និងការពារអ្នកប្រើប្រាស់អូស្រ្តាលី(ACCC) ក្នុងគោលបំណងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិរវាងស្ថាប័នទាំងពីរ និងការសិក្សាស្វែងយល់ពីបទពិសោធន៍ល្អៗ ការកសាងលិខិតបទដ្ឋានគតិយុត្តក្រោមច្បាប់ និងការអនុវត្តច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ដើម្បីបង្កើនប្រសិទ្ធភាព និងប្រសិទ្ធផល ក្នុងការការពារសិទ្ធិរបស់អ្នកប្រើប្រាស់។

ក្នុងកម្មវិធីនេះដែរ ឯកឧត្ដមរដ្ឋមន្រ្តី បានថ្លែងបទអន្តរាគមន៍ ដោយបានកោតសរសើរ និងថ្លែងអំណរគុណ ដល់គណៈកម្មាធិការប្រកួតប្រជែង និងការពារអ្នកប្រើប្រាស់អូស្រ្តាលី(ACCC) ដែលអញ្ជើញគណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់ «គ.ជ.ក.ប.» មកបំពេញទស្សនកិច្ចសិក្សាដ៏មានសារៈសំខាន់នាឱកាសនេះ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងផ្ដល់ការគាំទ្រដល់កម្ពុជាលើការអនុវត្តច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់ ដែលត្រូវបានអនុម័តនាពេលថ្មីៗនេះ ហើយដំណើរទស្សនកិច្ចសិក្សានេះ ជាឱកាសសម្រាប់សមាជិក គ.ជ.ក.ប. ក្នុងការសិក្សាស្វែងយល់អំពីបទពិសោធន៍លើច្បាប់ការពារអ្នកប្រើប្រាស់របស់ប្រទេសអូស្ត្រាលី និងរបៀបរបបក្នុងការផ្តល់អត្ថប្រយោជន៍ដល់អ្នកប្រើប្រាស់ ធុរកិច្ច និងសេដ្ឋកិច្ចតាមច្រកព្រំដែនអូស្ត្រាលី។

ទន្ទឹមនឹងនេះដែរ លោកស្រី Gina Cass Gottlieb ប្រធានគណៈកម្មាធិការប្រកួតប្រជែង និងការពារអ្នកប្រើប្រាស់អូស្ត្រាលី (ACCC) បានអញ្ជើញមានមតិស្វាគមន៍ និងអបអរសាទរដល់កម្ពុជាដែលច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ត្រូវបានអនុម័តជាផ្លូវការនាចុងឆ្នាំ២០១៩ ដោយបានកំពុងរៀបចំលិខិតបទដ្ឋានគតិយុត្តក្រោមច្បាប់ជាច្រើន និងការអនុវត្តច្បាប់ដើម្បីការពារសិទ្ធិអ្នកប្រើប្រាស់បានមួយចំនួនផងដែរ។

សូមបញ្ជាក់ផងដែរថា គណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់ «គ.ជ.ក.ប.» ដែលមានសមាសភាព ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ជាប្រធាន និងមានឯកឧត្តម លោកជំទាវ ជាអនុប្រធានអចិន្ត្រៃយ៍ អនុប្រធាន សមាជិក មកពីក្រសួងស្ថាប័ន សរុបចំនួន១២រូប ត្រូវបានតែងតាំងតាមរយៈសេចក្កីសម្រេចលេខ ៩៥ សសរ ចុះថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ ស្តីពី ការតែងតាំងសមាសភាពនៃគណៈកម្មាធិការជាតិការពារអ្នកប្រេីប្រាស់ ដែលមានអគ្គនាយកដ្ឋាន ក.ប.ប. ដែលជាលេខាធិការដ្ឋាននៃគ.ជ.ក.ប. បាននឹងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នជាតិ និងអន្តរជាតិ ដើម្បីធានាបានទទួលនូវអត្ថប្រយោជន៍ និងកិច្ចការពារសិទ្ធិ របស់អ្នកប្រើប្រាស់៕

អត្ថបទដែលជាប់ទាក់ទង