ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តុលាការផ្តន្ទាទោសលោក William Guang ចំនួន៩ឆ្នាំ និងបក្ខពួកម្នាក់ៗពី៦ ដល់ ៨ឆ្នាំ ក្នុងសំណុំរឿងប្លន់ផ្ទះអ្នកលក់ឡេ អ៊ាន សៀវម៉ី

125

ភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញបានប្រកាសសាលក្រមសម្រេច ផ្តន្ទាទោសបក្សពួកមេចោរប្លន់ William Guang ចំនួន៧នាក់ទៀត ក្នុងនោះបក្ខពួកជាបុរសចំនួន៤នាក់ ម្នាក់ៗកំណត់៨ឆ្នាំ និងស្ត្រី២នាក់ ម្នាក់ៗចំនួន៦ឆ្នាំ ពីបទ ផ្សំគំនិលួចមានស្ថានទម្ងន់ទោស និងពីបទ ប្រើប្រាស់ឯកសារសាធារណ:ក្លែង។ ចំណែកបុរសម្នាក់ទៀតឈ្មោះ ម៉ាច ដែលបានរត់គេចខ្លួន ត្រូវបានតុលាការចេញដីកាបង្គាប់ឱ្យតាមចាប់យកមកអនុវត្តទោសកំណត់៦ឆ្នាំ។

សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២២នេះ សាលាដំបូងរាជធានីភ្នំពេញ បើកសវនាការប្រកាសសាលក្រមសំណុំរឿងក្រុមជនជនជាប់ចោទដែលបានចូលប្លន់នៅផ្ទះអ្នកលក់ឡេ អ៊ាន សៀវម៉ី ដោយបានសម្រេចផ្តន្ទាទោស ឈ្មោះ William Guang អាយុ៣៩ឆ្នាំ ដាក់ពន្ធនាគារកំណត់ចំនួន៩ឆ្នាំ ពីបទ «លួចមានស្ថានទម្ងន់ទោស ប្រើប្រាស់អាវុធខុសច្បាប់ និងពីបទក្លែងឯកសារសាធារណ:»។

សាលក្រមដដែលក៏បានសម្រេចឱ្យក្រុមនេះ រួមគ្នាសងទៅដើមបណ្តឹងចំនួន៥០ម៉ឺនដុល្លារទៅឱ្យនិងសងសំណងជម្ងឺចិត្តចំនួន (២០០លានរៀល)ផងដែរ។

សូមរម្លឹកថា នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ លោក យ៉ាន សុភាព បានចេញដីកាបង្គាប់ឲ្យនាំខ្លួនមេចោរប្លន់ William Guang និងបក្ខពួករបស់ខ្លួន ដែលពាក់ព័ន្ធករណីប្លន់នៅផ្ទះអ្នកលក់ឡេ អ៊ាន សៀវម៉ី យកទៅដាក់ពន្ធនាគារព្រៃស ដើម្បីរង់ចាំទទួលការជំនុំជម្រះទោសនៅពេលក្រោយ។

ការសម្រេចឃុំខ្លួននេះ គឺធ្វើឡើងបន្ទាប់ពីតំណាងអយ្យការបានសម្រេចចោទប្រកាន់ជាផ្លូវការលើជនត្រូវចោទ William Guang និងបក្ខពួករបស់ខ្លួន ពាក់ព័ន្ធករណីប្លន់នៅផ្ទះអ្នកលក់ឡេ អ៊ាន សៀវម៉ី ពីបទលួចមានស្ថានទម្ងន់ទោស បទសមគំនិតក្នុងអំពើលួចមានស្ថានទម្ងន់ទោស បទកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត និងបទក្លែងឯកសារសាធារណៈ តាមមាត្រា ២៩, មាត្រា ៣៥៣, មាត្រា ៣៥៧, មាត្រា ៤៩០ និងមាត្រា ៦២៩ នៃក្រមព្រហ្មទណ្ឌ»។

សូមបញ្ជាក់ថា ករណីប្លន់ផ្ទះអ្នកលក់ឡេអនឡាញ អ៊ាន សៀវម៉ី កាលពីវេលាម៉ោង១០៖៤០នាទី ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ ដែលក្រុមចោរមានគ្នា៥នាក់ ប្រដាប់ដោយអាវុធគ្រប់ដៃ និងយកបានគ្រឿងពេជ្រទៅមួយចំនួន គេចខ្លួនបានត្រឹមតែមួយយប់ ក៏ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីសំណាក់លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការអាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបបាន៕

អត្ថបទដែលជាប់ទាក់ទង