ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្ពុជា ចេញសេចក្តីថ្លែងការណ៍ សម្តែងការព្រួយបារម្ភ ចំពោះការបាញ់សាកល្បង កាំជ្រួចមីស៊ីលផ្លោង របស់កូរ៉េខាងជើង

45

 

ភ្នំពេញ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជានៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២នេះ បានចេញសេចក្តីថ្លែងការណ៍សម្តែងការព្រួយបារម្ភចំពោះការបាញ់សាកល្បងកាំជ្រួចមីស៊ីលផ្លោងរបស់កូរ៉េខាងជើង។

តាមរយៈសេចក្តីថ្លែងការណ៍ បញ្ជាក់ឲ្យដឹងថា ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា សូមសម្តែងការព្រួយបារម្ភចំពោះការបាញ់សាកល្បងកាំជ្រួចមីស៊ីលផ្លោង ដែលធ្វើឡើងដោយសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ កាលពីថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២ ដែលជាការរំលោភមួយទៀតលើសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងដែលអាចបង្កអោយមានភាពតានតឹង និងគំរាមកំហែងដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់។

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអំពាវនាវដល់សាធារណរដ្ឋប្រជា-មានិតប្រជាធិបតេយ្យកូរ៉េ អនុវត្តឱ្យបានពេញលេញនូវរាល់សេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុអង្គការសហប្រជាជាតិ និងកាតព្វកិច្ចអន្តរជាតិរបស់ខ្លួន ហើយអំពាវនាវឱ្យភាគីពាក់ព័ន្ធទាំងអស់រក្សាភាពអត់ធ្មត់ និងបង្កើតបរិយាកាសអំណោយផលដល់ការបន្តកិច្ចចរចា៦ភាគីឡើងវិញ ដែលអាចនាំមកនូវការរំសាយអាវុធនុយក្លេអ៊ែរនៃឧបទ្វីបកូរ៉េ ដែលពេញលេញ អាចផ្ទៀងផ្ទាត់បាន មិនអាចវិលត្រឡប់ថយក្រោយ និងដោយសន្តិវិធី។

សូមជម្រាបថា កូរ៉េខាងជើង នៅថ្ងៃអង្គារនេះបានបាញ់មីស៊ីលផ្លោងមួយគ្រាប់ហោះរំលងប្រទេសជប៉ុន ជាលើកដំបូងក្នុងរយៈពេលជាង៥ឆ្នាំមកនេះ ដោយជំរុញឱ្យរដ្ឋាភិបាលព្រមានដល់ប្រជាជនរត់រកកន្លែងមានសុវត្ថិភាព ព្រមទាំងផ្អាកប្រតិបត្តិការជាបណ្ដោះអាសន្ន នៅប៉ែកភាគខាងជើងនៃប្រទេស។

មីស៊ីលផ្លោងដែលកូរ៉េខាងជើង បានបាញ់សាកល្បងនេះត្រូវបានយោធាជប៉ុនបញ្ជាក់ថាអាចហោះបានចម្ងាយ ៤,៦០០គីឡូម៉ែត្រ ក្នុងរយៈកម្ពស់ ១,០០០ គីឡូម៉ែត្រ។ ចំណែកឯ យោធាកូរ៉េខាងត្បូង ក៏បានឱ្យដឹងដែរថា កូរ៉េខាងជើងពិតជាបានបាញ់មីស៊ីលផ្លោងរយៈចម្ងាយមធ្យម ឬ IRBM មួយគ្រាប់ ដោយបាញ់ចេញពីខេត្តចាហ្កាំង (Jagang) របស់កូរ៉េខាងជើង៕

អត្ថបទដែលជាប់ទាក់ទង