ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទទួលបដិសណ្ឋារកិច្ចផ្លូវការ ជូននាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋគុយបា

68

 

ភ្នំពេញ ៖ នៅវិមានសន្តិភាព នារសៀលថ្ងៃទី០៤ ខែតុលា ឆ្នាំ ២០២២ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបាន ទទួលបដិសណ្ឋារកិច្ចផ្លូវការជូនចំពោះឯកឧត្តម Manuel Marrero Cruz នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋគុយបា ក្នុងឱកាសដែលឯកឧត្តមអញ្ជើញបំពេញទស្សនកិច្ចផ្លូវការមកកាន់ព្រះរាជាណាចក្រកម្ពុជារយៈពេល ០៣ថ្ងៃ។

ពិធីបដិសណ្ឋារកិច្ចផ្លូវការដោយមានពិធីត្រួតពលផងនោះ បានប្រព្រឹត្តទៅក្នុងបរិយាកាសរីករាយ និងស្និទ្ធស្នាលបំផុត រវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរដោយមានការអញ្ជើញចូលរួមពីបណ្ដាអង្គទូតនានានៅព្រះរាជាណាចក្រកម្ពុជា , មន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា និងមន្ត្រីប្រតិភូនៃសាធារណរដ្ឋគុយបាជាច្រើនរូប។

ដំណើរទស្សនកិច្ចផ្លូវការរបស់ ឯកឧត្តមនាយករដ្ឋមន្ត្រីគុយបាមកកាន់កម្ពុជានាពេលនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ហើយក៏ធ្វើឡើងប្រមាណ២សប្តាហ៍បន្ទាប់ពី សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញបំពេញទស្សនកិច្ចផ្លូវការជាលើកទី២ នៅក្នុងប្រទេសគុយបាផងដែរ។

តាមរយៈដំណើរអញ្ជើញបំពេញទស្សនកិច្ចផ្លូវការរបស់ឯកឧត្តមនាយករដ្ឋមន្ត្រីនៃសាធារណៈរដ្ឋគុយបា នាពេលនេះ នឹងបានបង្កើននូវទំនាក់ទំនង កិច្ចសហប្រតិបត្តិការទ្វេភាគី រួមមាន វិស័យពាណិជ្ជកម្ម និងការវិនិយោគ សេដ្ឋកិច្ច សង្គម ,អប់រំ សុខាភិបាល និងវប្បធម៌ រវាងប្រទេសទាំងពីរឲ្យកាន់តែមានភាពល្អប្រសើរបន្ថែមទៀតនៅពេលខាងមុខ៕

អត្ថបទដែលជាប់ទាក់ទង