ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្ដេចក្រឡាហោម ស ខេងសង្ឃឹមថា ភាគីអូស្ត្រាលីក្រោមក្របខណ្ឌនៃMOU ដែលមានស្រាប់ នឹងបន្តជួយគាំទ្រគ្នាទៅវិញទៅមក ក្នុងការផ្ដល់កិច្ចសហការប្រយុទ្ធប្រឆាំងនឹងបទល្មើសគ្រឿងញៀន

69

 

ភ្នំពេញ ៖ នាព្រឹកព្រហស្បតិ៍ ទី១៣ ខែតុលា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអនុញ្ញាតជូនឯកឧត្តម Pablo Kang ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅកម្ពុជា ចូលជួបពិភាក្សាការងារ នៅវិមានរដ្ឋសភា។

សម្ដេចក្រឡាហោម បានថ្លែងអំណរគុណចំពោះអូស្ត្រាលី ដែលតែងបានជួយគាំទ្រដល់កម្ពុជាតាមគ្រប់លទ្ធភាព ជាពិសេសការចូលរួមចំណែកក្នុងកិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ នៅកម្ពុជា។ សម្ដេចបន្ថែមថាក្រៅពីនេះក៏មានកិច្ចសហការដែលភាគីអូស្ត្រាលីបានជួយគាំទ្រលើវិស័យសំខាន់ៗជាច្រើនទៀតដល់កម្ពុជា។

សម្ដេចបន្តថាក្រសួងមហាផ្ទៃ និងភាគីអូស្ត្រាលី ក៏មានកិច្ចសហការទៅលើការងារសន្តិសុខផងដែរ ដែលភាគីទាំងពីរក៏មានក្របខណ្ឌជាអនុស្សរណៈក្នុងកិច្ចសហប្រតិបត្តិការលើកិច្ចការសំខាន់ៗមួយចំនួន ដូចជាការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស ឧក្រិដ្ឋកម្មឆ្លងដែន និងការប្រយុទ្ធប្រឆាំងគ្រឿងញៀនជាដើម។

សម្ដេច ក៏បានចូលរួមអបអរសាទរចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អកន្លងមក ក្រោមក្របខណ្ឌនៃអនុស្សរណៈដែលបានចុះហត្ថលេខាជាមួយគ្នានេះ ហើយសង្ឃឹមជឿជាក់ថាលទ្ធផលដ៏ល្អប្រសើរតាមរយៈការអនុវត្តអនុស្សរណៈនេះនឹងរួមចំណែកធ្វើឱ្យកម្ពុជាទទួលបានសុខសុវត្ថិភាព ពិសេសបម្រើដល់ការប្រារព្ធព្រឹត្តិការណ៍សំខាន់ៗនានានៅពេលខាងមុខដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ។

ជាការឆ្លើយតប ឯកឧត្តម Pablo Kang ឯកអគ្គរដ្ឋទូតអូស្រ្តាលី បានថ្លែងអំណរគុណ និងគាំទ្រការវាយតម្លៃរបស់សម្ដេចក្រឡាហោម ទៅលើកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកន្លងមក ជាក់ស្ដែងអូស្ត្រាលីពិតជាបានចូលរួមផ្ដល់កិច្ចសហការដែលមិនត្រឹមតែជាមួយក្រសួងមហាផ្ទៃប៉ុណ្ណោះទេ តែក៏ជាមួយក្រសួងស្ថាប័នដទៃទៀតដែលមានកិច្ចសហការល្អជាមួយភាគីអូស្ត្រាលីដែរ។
ឯកឧត្តមក៏យកឱកាសនេះ ជម្រាបជូនសម្ដេចក្រឡាហោម អំពីថ្នាក់ដឹកនាំ និងគណៈប្រតិភូអូស្ត្រាលីដែលគ្រោងនឹងចូលរួមក្នុងការឱកាសនៃកិច្ចប្រជុំកំពូលអាស៊ានដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅខែវិច្ឆិកាខាងមុខនេះដែរ។

ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការកងកម្លាំងអនុវត្តច្បាប់នៃប្រទេសទាំងពីរវិញ ឯកឧត្តម បានបង្ហាញការកត់សម្គាល់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងមហាផ្ទៃក្នុងការបង្កើននូវយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស ដោយឯកឧត្តម ក៏បានជម្រាបជូនដែរថាអូស្ត្រាលីត្រៀមខ្លួនផ្ដល់ការគាំទ្រដល់កម្ពុជាទៅលើកិច្ចការងារនេះ។

ឯកឧត្តម បន្តថាជាក់ស្ដែងក្នុងរយៈពេលកន្លងមក នគរបាលសហព័ន្ធអូស្ត្រាលី ក៏បានចូលរួមចំណែកក្នុងការងារពាក់ព័ន្ធនឹងក្របខណ្ឌMOU ដែលភាគីទាំងពីរមានជាមួយគ្នា ដោយបានផ្ដល់នូវវគ្គបណ្ដុះបណ្ដាលលើកកម្ពស់សមត្ថភាពកងកម្លាំងនគរបាលកម្ពុជា ព្រមទាំងបានផ្ដល់នូវសម្ភារៈ ឧបករណ៍បច្ចេកទេសក្នុងការបង្កើនសមត្ថភាពការងារធ្វើកោសល្យវិច្ច័យឯកសារ ធ្វើដំណើររបស់ជនបរទេសសម្រាប់បម្រើដល់ការងារអន្តោប្រវេសន៍ផងដែរ។

ឯកឧត្តម បន្តថា នគរបាលអូស្ត្រាលី ក៏បាននិងកំពុងដំណើរការវគ្គបណ្ដុះបណ្ដាលមួយចំនួនទៀតជូនដល់កងកម្លាំងនគរបាលកម្ពុជា ជាពិសេសពាក់ព័ន្ធនឹងកិច្ចសហការលើការងារប្រយុទ្ធប្រឆាំងការសម្អាតប្រាក់ បទល្មើសបច្ចេកវិទ្យា ការធ្វើកោសល្យវិច្ច័យឌីជីថល ដែលកិច្ចការទាំងនេះឯកឧត្តម សង្ឃឹមថានឹងរួមចំណែកជួយគាំទ្រដល់កម្ពុជាបង្កើនសមត្ថភាព ក៏ដូចជាធ្វើយ៉ាងណាចូលរួមគាំទ្រការដល់កម្ពុជាចេញពីបញ្ជីប្រផេះនៃការងារប្រយុទ្ធប្រឆាំងការសម្អាតប្រាក់ផងដែរ។

ពាក់ព័ន្ធនឹងការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ឯកឧត្តម បានជម្រាបជូនសម្ដេចថាបញ្ហានេះជាបញ្ហាសាកល និងជាបញ្ហាតំបន់ មិនមែនជាបញ្ហាសម្រាប់តែកម្ពុជានោះទេ ដូច្នេះឯកឧត្តម ក៏សង្ឃឹមថានឹងបង្កើនកិច្ចសហប្រតិបត្តិការជាមួយភាគីកម្ពុជា ដើម្បីរួមគ្នាដោះស្រាយបញ្ហាឧក្រិដ្ឋកម្មឆ្លងដែនដ៏ស្មុគស្មាញនេះ។

ជាការឆ្លើយតប សម្ដេចក្រឡាហោម ក៏បានថ្លែងអំណរគុណឯកឧត្តម ឯកអគ្គរដ្ឋទូត ដែលបានវាយតម្លៃជាវិជ្ជមានចំពោះការខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស និងថ្លែងអំណរគុណអូស្ត្រាលី ដែលបានជួយគាំទ្រដល់ការបណ្ដុះបណ្ដាលលើកម្ពស់សមត្ថភាពរបស់កងកម្លាំងអនុវត្តច្បាប់របស់កម្ពុជា។

សម្ដេចក៏បានឯកភាព និងបញ្ជាក់ជូនឯកឧត្តមដែរថា ជាការពិត ការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស គឺជាកិច្ចការដែលទាមទារឱ្យមានការសហការជិតស្និទ្ធជាមួយបណ្ដាប្រទេសពាក់ព័ន្ធ ទាំងក្នុងតំបន់ និងសាកលោក។ សម្ដេច បន្តថា ដោយផ្អែកលើបទពិសោធន៍កន្លងមក ប្រទេសសាម៉ីដែលមានពលរដ្ឋរងគ្រោះក៏មានកាតព្វកិច្ចក្នុងការប្រយុទ្ធប្រឆាំង និងបង្ក្រាបក្រុមឧក្រិដ្ឋជនក្នុងប្រទេសខ្លួនដែរ ធ្វើយ៉ាងណាទប់ស្កាត់ប្រភពនាំ ឬជួញដូរមនុស្សឆ្លងដែននេះ ខណៈកម្ពុជានឹងបន្តខិតខំស្រាវជ្រាវ បង្ការទប់ស្កាត់ និងបង្ក្រាបឧក្រិដ្ឋជន ដែលប្រព្រឹត្តអំពើនេះនៅកម្ពុជា។

សម្ដេច ក៏បង្ហាញការស្វាគមន៍ចំពោះការជួយគាំទ្រ ពីសំណាក់ភាគីអូស្ត្រាលី មកលើកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា លើការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងការងារប្រយុទ្ធប្រឆាំងការសម្អាតប្រាក់។ សម្ដេច បានជម្រាបបន្ថែមថា ក្រៅពីការងារនេះ បញ្ហាគ្រឿងញៀនក៏ជាបញ្ហាមួយស្មុគស្មាញ ដែលរាជរដ្ឋាភិបាលកម្ពុជាកំពុងយកចិត្តទុកដាក់ដែរ។

សម្ដេច បន្ថែមថា ជាក់ស្ដែងចុងក្រោយនេះមានកំណើននៃការបង្ក្រាប និងរឹបអូសបាននូវសាធាតុផ្សំជាគ្រឿងញៀន និងគ្រឿងញៀនច្រើន។ សម្ដេច សង្ឃឹមថាភាគីអូស្ត្រាលីក្រោមក្របខណ្ឌនៃMOU ដែលមានស្រាប់ នឹងបន្តជួយគាំទ្រគ្នាទៅវិញទៅមក ក្នុងការផ្ដល់កិច្ចសហការប្រយុទ្ធប្រឆាំងនឹងបទល្មើសគ្រឿងញៀនដែលមាននិន្នាការកើនឡើងនេះ។

ឯកឧត្តមឯកអគ្គរដ្ឋទូត បានសម្ដែងការវាយតម្លៃចំពោះកិច្ចសហប្រតិបត្តិការជាមួយក្រសួងមហាផ្ទៃ ទាំងលើការងារប្រតិបត្តិការ ក៏ដូចជាកិច្ចសហប្រតិបត្តិការលើការងារបណ្ដុះបណ្ដាល លើកកម្ពស់សមត្ថភាពកងកម្លាំងអនុវត្តច្បាប់។ ឯកឧត្តម បន្តខិតខំពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ លើការងារដ៏មានសារៈសំខាន់ទាំងនេះ ឱ្យកាន់តែរីកចម្រើនថែមទៀត ៕

អត្ថបទដែលជាប់ទាក់ទង