ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលរាជធានីភ្នំពេញ និង អភិបាលក្រុង Larnaka ចុះហត្ថលេខាលើ លិខិតបញ្ជាក់ សុឆន្ទៈ ស្តីពីការបង្កើតចំណងមិត្តភាព

39

ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញ លោកឃួង ស្រេង បានជួបពិភាក្សាការងារជាមួយលោកAndreas Vyras អភិបាលក្រុង Larnaka នៃសាធារណរដ្ឋស៊ីប ជាមួយនិងការចុះហត្ថលេខាលើ លិខិតបញ្ជាក់
សុឆន្ទៈ ស្តីពីការបង្កើតចំណងមិត្តភាព រវាងរាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា និងទីក្រុងឡាណាកា នៃសាធារណរដ្ឋស៊ីប ក្នុងគោលបំណងដើម្បីពង្រីកចំណងមិត្តភាព និងការយោគយល់គ្នាទៅវិញទៅមករវាងប្រជាជននៃទីក្រុងទាំងពីរ ។
ការជួបពិភាក្សាការងារ និងចុះហត្ថលេខាលើ លិខិតបញ្ជាក់សុឆន្ទៈ រវាងទីក្រុងទាំងពីរបានធ្វើឡើង
នៅរសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២នេះ នៅសាលារាជធានីភ្នំពេញ។
លោកឃួង ស្រេង ក្នុងឱកាសនោះបានលើកឡើងពី
ការកកើតរាជធានីភ្នំពេញ ដែលមានអាយុកាលជាង៥សតវត្សរ៍ ពិសេសលើកពីសម័យរបបប៉ុលពត ដែលបានធ្វើអោយកម្ពុជាធ្លាក់ដល់ចំណុចសូន្យ ។ ប៉ុន្តែនៅឆ្នាំ១៩៧៩ សម្តេចតេជោ ហ៊ុន សែន
បានរំដោះប្រទេសជាតិចេញពីរបបនេះនិងធ្វើអោយកម្ពុជា ពិសេសរាជធានីភ្នំពេញមានការអភិវឌ្ឍរីកចំរើនលើគ្រប់វិស័យរហូតមកដល់សព្វថ្ងៃនេះ។ ស្របជាមួយនិងការអភិវឌ្ឍន៍នេះ លោកឃួង ស្រេង ក៏បានលើកឡើងពីបញ្ហាប្រឈមមួយចំនួនផងដែរ ដូចជាការកកស្ទះចរាចរណ៍ ការដោះស្រាយបញ្ហាលំនៅដ្ឋានមិនរៀបរយ និងបញ្ហាកាេទប់ស្កាត់ជម្ងឺកូវីដ-១៩ជាដើម បញ្ហាទាំងនេះ រដ្ឋបាលរាជធានីភ្នំពេញបាននិងកំពុងដោះស្រាយយ៉ាងសកម្ម ផងដែរ។ យើងបានកសាងមន្ទីរពេទ្យសម្រាប់ព្យាបាលជម្ងឺកូវីដ-១៩និងព្យាបាលជម្ងឺផ្សេងៗទៀតដ៏ធំមួយនៅក្នុងរាជធានីភ្នំពេញ។
លោកឃួង ស្រេងបានបន្តទៀតថា សម្រាប់រាជធានីភ្នំពេញបានចងសម្ព័ន្ធមេត្រីភាពជាមួយទីក្រុងជាច្រើននៅលើពិភពលោក ហើយថ្ងៃនេះរាជធានភ្នំពេញក៏មានកិត្តិសយដែលបានចុះហត្ថលេខា លើ លិខិតបញ្ជាក់សុឆន្ទៈ ស្តីពីការបង្កើតចំណងមិត្តភាព រវាងរាជធានីភ្នំពេញនៃព្រះរាជាណាចក្រកម្ពុជា និងទីក្រុងឡាណាកា នៃសាធារណរដ្ឋស៊ីប។
លោកឃួង ស្រេង បានបញ្ជាក់ថា លោកមានបំណងចង់អោយរាជធានីភ្នំពេញក្លាយជាទីក្រុងវៃឆ្លាតនៅពេលដ៏ខ្លីខាងមុខនេះ។
លោកAndreas Vyras អភិបាលក្រុង Larnaka ក្នុងឱកាសនោះបានមានប្រសាសន៍លើកឡើងពីភាពរីកចំរើនលើគ្រប់វិស័យរបស់រាជធានីភ្នំពេញ ដែល
លោកនឹកស្មានមិនដល់ ហើយអ្វីដែលពិសេសថែមទៀតនោះ កម្ពុជាក៏ដូចជារាជធានីភ្នំពេញ គ្រប់គ្រងបានយ៉ាងល្អជុំវិញការរាតត្បាតនៃជម្ងឺកូវីដ-១៩ លោកសុំរៀនសូត្រពីបទពិសោធន៍ទាំងនេះពីកម្ពុជា ។ បន្ថែមពីនេះក្នុងគោលបំណងពង្រីកចំណងមិត្តភាព និងការយោគយល់គ្នាទៅវិញទៅមករវាងប្រជាជននៃទីក្រុងទាំងពីរ អ្វីជាបទពិសោធន៍របស់ទីក្រុង Larnaka មាន នឹងយកមកចែករំលែកជូនរាជធានីភ្នំពេញ ដែលមានដូចជា ចំណតឆ្លាត ភ្លើងបំភ្លឺ
ឆ្លាត ការគ្រប់គ្រងសំណល់រឹងឆ្លាតជាដើម ។
ក្នុងឱកាសនោះតំណាង អោយរាជធានីភ្នំពេញលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា, តំណាងអោយទីក្រុងឡាណាកា លោក Andreas VYRAS អភិបាលក្រុងឡាណាកា សាធារណរដ្ឋស៊ីបបានចុះហត្ថលេខា លើ លិខិតបញ្ជាក់សុឆន្ទៈ ស្តីពីការបង្កើតចំណងមិត្តភាព រវាងរាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា និងទីក្រុងឡាណាកា នៃសាធារណរដ្ឋស៊ីបក្នុងគោលបំណងដើម្បីពង្រីកចំណងមិត្តភាព និងការយោគយល់គ្នាទៅវិញទៅមករវាងប្រជាជននៃទីក្រុង ទាំងពីរ ហើយជាពិសេសដើម្បីលើកស្ទួយចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាង រាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា និងទីក្រុងឡាណាកា នៃសាធារណរដ្ឋស៊ីប ៕

អត្ថបទដែលជាប់ទាក់ទង