ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ពលរដ្ឋស្នើសុំ បិទការ៉ាសបញ្ចូលហ្គាសនិងហាងប៊ៀហ្គាឌិនដែលរំខានដោយសំលេងលឺៗ ដេកពួនមិនបាន

89

 

ភ្នំពេញ៖ ក្នុងវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ នៅសាកលវិទ្យាល័យ ប៊ែលធីអន្តរជាតិ សង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកងនៅព្រឹកថ្ងៃទី១៨តុលានេះ ប្រជាពលរដ្ឋបានស្នើអោយអាជ្ញាធរជួយ ដោះស្រាយសំណើរ សំណូមពរ ជាច្រើន មានទាំងការសុំបិទទីតាំងសប្បាយភាព បិទការ៉ាសបញ្ចូលហ្គាស ការសុំបន្តការរៀបចំសណ្តាប់ធ្នាប់នៅមុខសាលារៀន និងការសុំធ្វើបណ្តាញលូផងដែរ។ប៉ុន្តែទោះបីជាយ៉ាងណាក្តីការស្នើសុំដោះស្រាយបញ្ហាកកស្ទះសំរាម មិនត្រូវបានលើកឡើងក្នុងវេទិកានេះទេ។

វេទិកានេះធ្វើឡើងក្រោមវត្តមានលោកម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោកឃួង ស្រេងអភិបាលរាជធានី។ វេទិកានេះប្រជាពលរដ្ឋលើកឡើងពីហាងប៊ៀហ្គាឌិនដែលបានរំខានដោយសំលេងលឺៗ ដេកពួនមិនបាន។ ប្រជាពលរដ្ឋនៅសង្កាត់អូឡាំពិកស្នើអោយរៀបចំសណ្តាប់ធ្នាប់ នៅមុខសាលាបឋមសិក្សាអូឡាំពិក ដោយសារការចតគ្មានសណ្តាប់ធ្នាប់ សម្រួលកុំអោយស្ទះផ្លូវ១៦៣ ១៧៣និងធ្វើស្លាកសញ្ញាចរាចរ។ ការសូមធ្វើលូនៅផ្លូវ២៧៦នៅសង្កាត់អូឡាំពិក ។ សូមដោះស្រាយបង្គោលភ្លើងធ្លាក់រញ៉េរញ៉ៃបង្កហានិភ័យដល់ប្រជាពលរដ្ឋ សូមអាជ្ញាធរសូមបើកផ្លូវ៣៨៦ ជាដើម។
អ្នកគ្រូ មត្តេយ្យបឹងកេងកង សូមដាក់គំនូសអង្កាញ់ កាត់បន្ថយល្បឿននៅផ្លូវលេខ៣៣៤ មុខសាលា។
សូមបើកទ្វាររបងវត្ត មហាមន្ត្រីដើម្បីអោយសិស្សចេញចូលបានស្រួល ។ ប្រជាពលរដ្ឋស្នើអោយបិទអាជីកម្មហ្គាសមួយកន្លែង ដែលបាននិងកំពុងបង្កហានិភ័យដល់ពួកគាត់។

លោកឃួង ស្រេង ក្នុងឱកាសនោះ បានជម្រុញអោយអាជ្ញាធរខណ្ឌ សង្កាត់រួមគ្នាដោះស្រាយរៀបចំសណ្តាប់ធ្នាប់អោយបានល្អ ពិសេសនៅតាមសាលារៀន ដោយលោកបានណែនាំអោយអាជ្ញាធរខណ្ឌ ត្រូវយកចិត្តទុកដាក់ខ្ពស់នៅតាមសាលារៀន កុំធ្វេសប្រហែសបណ្តាលអោយមានហេតុការអាក្រក់កើតឡើង ចំពោះក្មួយៗសិស្សានុសិស្ស ដូចករណីលិចទូកនៅស្រុកលើកដែល ខេត្តកណ្តាល ជាគំរូស្រាប់ មិនត្រូវអោយមានសោធនាកម្មបែបនេះកើតឡើង ផ្តើមចេញពីការទ្វេសប្រហែសរបស់អាជ្ញាធរយើងនោះទេ។

លោកឃួង ស្រេង បានបន្តថា យើងពិតជាបានឃើញពីសកម្មភាពល្អរបស់កម្លាំងមានសមត្ថកិច្ចនិងអាជ្ញាធរ ក្នុងការជួយសម្រួលចរាចរណ៍ចំពោះសិស្ស ជាមួយនឹងការជួយនាំក្មួយៗឆ្លងផ្លូវថែមទៀត ។លោកសូមអោយបន្តសកម្មភាពនេះអោយកាន់តែល្អថែមទៀត។

លោកបន្តទៀតថា បច្ចុប្បន្ន ប្រជាពលរដ្ឋរស់នៅបែបស៊ីវីល័យហើយ ដូច្នេះសម្រាប់ការបំរើប្រជាពលរដ្ឋត្រូវតែស៊ីវីល័យដូចគ្នាដែរពោលគឺ ត្រូវជម្រុញអភិបាលកិច្ចអោយបានល្អ មិនអាចអន់ថយនោះទេ។

លោកឃួង ស្រេង បញ្ជាក់ថា ការសុំបិទប៊ៀការដិន ការ៉ាសបញ្ចូលហ្គាស អាជ្ញាធរខណ្ឌ សង្កាត់ត្រូវសហការជាមួយប៉ុស្តិ៍ចុះអនុវត្តការងារនេះជូនប្រជាពលរដ្ឋ មានន័យថា អ្វីដែលជាភាពចាប់បាច់របស់ប្រជាពលរដ្ឋត្រូវតែធ្វើជូនពួកគាត់ បើទោះបីត្រូវបិទ ការ៉ាសបញ្ចូលហ្គាសនិងប៊ៀហ្កាឌិនក៏ដោយ ។

អាជ្ញាធរនិងកងកម្លាំងរបស់ខណ្ឌត្រូវយកចិត្តទុកដាក់អោយបានខ្ពស់បំផុត ក្នុងកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ពិសេសកិច្ចការពារសន្តិសុខ សុវត្ថិភាព ក្នុងកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធឆ្នាំ២០២២នាពេលខាងមុខនេះ ដោយធានាថា កិច្ចប្រជុំនេះនឹងប្រព្រឹត្តទៅដោយរលូន និងជោគជ័យតាមការគ្រោងទុក ជាមួយគ្នានេះ អាជ្ញាធរខណ្ឌសង្កាត់ អធិការដ្ឋាន ប៉ុស្តិ៍ ត្រូវធ្វើយ៉ាងណា អោយមូលដ្ឋានរបស់ខ្លួនត្រូវតែគ្មានល្បែងស៊ីសង ខុសច្បាប់ ទៅតាមបទបញ្ជារបស់សម្តេចតេជោហ៊ុន សែន។

ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ លោកម៉ប់ សារិន បានមានប្រសាសន៍ថា វេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញនេះ គឺផ្តោតសំខាន់ពាក់ព័ន្ធនិងកង្វល់ផ្ទាល់របស់ប្រជាពលរដ្ឋ ក្នុងនោះរួមមាន បញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ បញ្ហាបរិស្ថាន និងបញ្ហាអភិវឌ្ឍន៏នៅមូលដ្ឋាន ដើម្បីឱ្យអាជ្ញាធរបានដឹងលឺ និងរកយន្តការដោះស្រាយជូន។

វេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំបេញ ត្រូវបានធ្វើ ឡើងក្នុង១ឆ្នាំម្តង ដើម្បីដោះស្រាយរាល់កង្វល់ សំណូមពរនិងសំណើររបស់ប្រជាពលរដ្ឋ ។ប៉ុន្តែក្នុងរយៈពេល២ឆ្នាំជាប់គ្នានេះត្រូវបានខកខានដោយការរាតត្បាតជម្ងឺកូវីដ-១៩ ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី អាជ្ញាធររាជធានីភ្នំពេញនៅតែបន្តដោះស្រាយទុក្ខកង្វល់ប្រជាពលរដ្ឋជានិច្ច៕

អត្ថបទដែលជាប់ទាក់ទង