ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន បន្តជួបសំណេះសំណាល ជាមួយពលរដ្ឋស្ម័គ្រចិត្តរើចេញ ពីតំបន់រមណីយដ្ឋានអង្គរ ទៅរស់នៅតំបន់ពាក់ស្នែង

101

 

សៀមរាប ៖ នៅព្រឹកថ្ងៃសៅរ៍ ទី២២ ខែតុលា ឆ្នាំ២០២២ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បន្តអញ្ជើញជួបសំណេះសំណាលជាមួយ ប្រជាពលរដ្ឋប្រមាណ ៣,២០០គ្រួសារបន្ថែមទៀត ដែលជាអ្នកស្ម័គ្រចិត្តរើលំនៅឋានចេញពីរមណីយដ្ឋានអង្គរ ទៅរស់នៅតំបន់ពាក់ស្នែង។

តំបន់អភិវឌ្ឍន៍ពាក់ស្នែង ស្ថិតនៅក្នុងឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប។ តំបន់អភិវឌ្ឍន៍ពាក់ស្នែង ជាកន្លែងថ្មីមួយទៀតបន្ទាប់ពីតំបន់អភិវឌ្ឍន៍រុនតាឯក ដែលរាជរដ្ឋាភិបាលរៀបចំបង្កើតជាភូមិឋាន និងបែងចែកដីធ្លីជូនប្រជាពលរដ្ឋស្ម័គ្រចិត្តរើចេញពីរមណីយដ្ឋានអង្គរ និងតំបន់គ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា។

តំបន់អភិវឌ្ឍន៍ពាក់ស្នែងមានចម្ងាយប្រមាណជា ២០គីឡូម៉ែត្រ ពីតំបន់អង្គរ។ រាជរដ្ឋាភិបាលនឹងកសាងហេដ្ឋារចនាសម្ព័ន្ធនានាមិនខុសពីតំបន់អភិវឌ្ឍន៍រុនតាឯកនោះឡើយ ដើម្បីគាំទ្រដល់ការរស់នៅរបស់ប្រជាពលរដ្ឋ។

សម្តេចតេជោ ហ៊ុន សែន បានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋស្ម័គ្រចិត្តរើចេញពីតំបន់រមណីយដ្ឋានអង្គរ និងតំបន់គ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរាចំនួន៣លើករួចមកហើយ។

៣លើកកន្លងទៅធ្វើឡើងជាមួយពលរដ្ឋដែលត្រូវទៅរស់នៅតំបន់អភិវឌ្ឍន៍រុនតាឯក។

លើកទី១) ថ្ងៃទី១៣ ខែកញ្ញា ២០២២ ដោយមានប្រជាពលរដ្ឋចូលរួមប្រមាណ ១,១១៧គ្រួសារ។

លើកទី២) ថ្ងៃទី០១ ខែតុលា ២០២២ ដោយមានប្រជាពលរដ្ឋចូលរួមប្រមាណ ២,៧៥១គ្រួសារ

លើកទី៣) ថ្ងៃសុក្រ ទី២១ ខែតុលា ២០២២ ដោយមានប្រជាពលរដ្ឋប្រមាណ ១,៨៥៣គ្រួសារ៕

អត្ថបទដែលជាប់ទាក់ទង