ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្ដេចក្រឡាហោម ៖ បញ្ហាគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជាបង្កឡើងដោយ កត្តាមនុស្ស កត្តាហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងបញ្ហាបច្ចេកទេសពាក់ព័ន្ធ ការបំពាក់នូវស្លាកសញ្ញាផ្សេងៗ

67

 

ភ្នំពេញ ៖ នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតជូន ឯកឧត្តម ជិន ថូដ (Jean Todt) ប្រេសិតពិសេសរបស់អគ្គលេខាធិការ អង្គការសហប្រជាជាតិ (អ.ស.ប) ទទួលបន្ទុកសុវត្ថិភាពផ្លូវថ្នល់ ចូលជួបសម្ដែងការគួរសម។

សម្ដេចក្រឡាហោម បានស្វាគមន៍ចំពោះ ឯកឧត្តម និងគណៈប្រតិភូមកកាន់កម្ពុជា និងបានជម្រាបអំពីស្ថានភាពសុវត្ថិភាពចររាចរណ៍នៅកម្ពុជា ថា កម្ពុជាបានខិតខំធ្វើការកាត់បន្ថយបាននូវអត្រាមរណៈភាព និងអត្រារបួសដោយសារគ្រោះថ្នាក់់ចរាចរណ៍ ក៏ប៉ុន្តែទោះបីយ៉ាងណា ក៏នៅមានបញ្ហាប្រឈមមួយចំនួន ដែលត្រូវតែបន្តខិតខំដោះស្រាយ ។

សម្ដេចក្រឡាហោម បានជម្រាបជូនដែរថា ភាគច្រើននៃបញ្ហាគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា គឺបង្កឡើងដោយកត្តាធំៗមួយចំនួន ដែលក្នុងនោះទី១ គឺកត្តាមនុស្ស ហើយនិងទី២ គឺកត្តាហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ជាពិសេសគឺបញ្ហាបច្ចេកទេសពាក់ព័ន្ធទៅនឹងការបំពាក់នូវស្លាកសញ្ញាផ្សេងៗ។
ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលកម្ពុជា បានបន្តខិតខំអភិវឌ្ឍន៍នូវហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ផងដែរ ជាពិសេស គឺការកសាងនូវផ្លូវល្បឿនលឿន ផ្លូវហាយវេ ដែលមានគន្លងទៅមកច្រើន, ផ្លូវជាតិ, ព្រមទាំងផ្លូវតភ្ជាប់ពីផ្លូវជាតិទៅតាមបណ្ដាខេត្តនីមួយៗ។

សម្ដេចក៏បានជម្រាបជូន ឯកឧត្តម ជិន ថូដ (Jean Todt) ផងដែរថា ដើម្បីបន្តធ្វើឱ្យកាន់តែប្រសើរឡើងនូវការងារគ្រប់គ្រងសុវត្ថិភាពចរាចរណ៍ នោះគឺមានកិច្ចការសំខាន់ៗពីរ ដែលត្រូវតែបន្តធ្វើទន្ទឹមគ្នា ទី១ គឺការពង្រឹង និងការអនុវត្តច្បាប់់ ហើយទី២ គឺការបន្តលើកកម្ពស់ការយល់ដឹងស្មារតីគោរពច្បាប់របស់ប្រជាជន ដើម្បីរួមគ្នាកាត់បន្ថយនូវអត្រាគ្រោះថ្នាក់នេះឱ្យបានជាអតិបរមា។
ជាការឆ្លើយតប ឯកឧត្តម ជិន ថូដ (Jean Todt) បានថ្លែងអំណរគុណដល់សម្ដេចក្រឡាហោម ដែលបានអនុញ្ញាតអោយឯកឧត្តមចូលជួបសម្តែងការគួរសម ហើយនេះគឺជាលើកទី២ផងដែរ សម្រាប់ឯកឧត្តម បានមកទស្សនកិច្ចនៅកម្ពុជា បន្ទាប់ពីរយៈកាល១០ឆ្នាំកន្លងទៅ។

ឯកឧត្តម បានបញ្ជាក់ថា ជារួមរាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងដើរនៅលើផ្លូវត្រឹមត្រូវ ស្របតាមអភិក្រមរបស់់អង្គការសហប្រជាជាតិ ហើយ ឯកឧត្តមនៅតែបន្តចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា នៅក្នុងការងារធ្វើឱ្យប្រសើរឡើងនូវសុវត្ថិភាពចរាចរណ៍នេះជាបន្តទៀត រួមជាមួយនឹងដៃគូរដទៃទៀតក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិ (អ.ស.ប)។

ឯកឧត្តម ក៏សូមបន្តលើកទឹកចិត្ត និងជូននូវយោបល់មួយចំនួន ដើម្បីធ្វើយ៉ាងណារួមចំណែកធ្វើឱ្យកាន់តែប្រសើរឡើងនូវសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក៏ដូចជាកាត់បន្ថយនូវអត្រាគ្រោះថ្នាក់ចរាចរណ៍នេះ ជាពិសេស ការបង្កើននូវការប្រើប្រាស់សេវាដឹកជញ្ជូនសាធារណៈ ដើម្បីកាត់បន្ថយមធ្យោបាយធ្វើដំណើរនៅលើដងផ្លូវ ដើម្បីរួមចំណែកកាត់បន្ថយនូវអត្រាគ្រោះថ្នាក់់ចរាចរណ៍ ហើយនិងការកៀរគរការចូលរួមពីវិស័យឯកជនផងដែរ ក្នុងការចូលរួមទទួលខុសត្រូវមួយផ្នែកនៅលើការពង្រឹងសុវត្ថិភាពចរាចរណ៍ផ្លូវគោកនេះ៕

អត្ថបទដែលជាប់ទាក់ទង