ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សមត្ថកិច្ចខេត្តកណ្តាល បានឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងករណីជនសង្ស័យមានគ្នាមួយក្រុម ដេញកាប់ជនរងគ្រោះមួយក្រុមផ្សេងទៀត

69

កណ្តាល ៖ នៅរសៀលថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២២ សមត្ថកិច្ចខេត្តកណ្តាល បានប្រតិបត្តិការស្រាវជ្រាវស៊ើបអង្កេត បង្ក្រាបហិ.ង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងធ្វើឲ្យខូចខាតដោយចេតនា ដែលកើតហេតុ កាលពីថ្ងៃទី២៦ ខែវិច្ឆិកាឆ្នាំ២០២២ វេលាម៉ោង ០០:៣០នាទី នៅចំណុច លើផ្លូវជាតិលេខ៦ មុខក្លោងទ្វារវត្តឧត្តមសាមគ្គី (ហៅវត្តឈើទាល) ភូមិក្រោម ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល។

ជនសង្ស័យដែលឃាត់ខ្លួន ម្នាក់ ឈ្មោះ ពុន សុវណ្ណរ៉ា ហៅចិន ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នភូមិចំបកមាស សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ រីឯបក្ខពួកបានគេចខ្លួន។

វត្ថុតាងចាប់យកមាន៖ ១.ម៉ូតូម៉ាក Honda Dream C125 ស៊េរីឆ្នាំ២០១៤ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1CK-6867 ០១គ្រឿង ជារបស់ជនសង្ស័យដែលគេខ្លួន។

គួររំលឹកថា កន្លងមកក្រុមជនសង្ស័យ និងក្រុមជនរងគ្រោះ ធ្លាប់មានគំនុំជាមួយគ្នា។
នៅថ្ងៃខែឆ្នាំកើតហេតុខាងលើ ជនរងគ្រោះនិងមិត្តភក្តិចំនួន០៤នាក់ទៀត ប្រើមធ្យោបាយម៉ូតូចំនួន០៣គ្រឿង បានមកពីមើលការប្រគំតន្ត្រី នៅរង្វង់មូលនាងមច្ឆាផ្លូវ OCIC ខណ្ឌជ្រោយចង្វារ។

ចំណែកក្រុមជនសង្ស័យ បានជួបជុំគ្នានៅមុខវត្តព្រែកអញ្ចាញ ហើយបានដឹងថា ក្រុមជនរងគ្រោះចេញមកពីរង្វង់មូលនាងមច្ឆាផ្លូវ OCIC ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញមកវិញ ភ្លាមនោះក្រុមជនសង្ស័យបាននាំគ្នាជិះម៉ូតូចេញពីមុខវត្ត និងយកកាំបិតខ្វែវចំនួន០៣ដើម នាំគ្នាជិះទៅចាំផ្លូវក្រុមជនរងគ្រោះ ពេលជិះទៅដល់ចំណុចផ្លូវឆ្លងកាត់មុខក្លោងទ្វារវត្តឈើទាល កន្លែងកើតហេតុ បានជួបក្រុមជនរងគ្រោះ ។

ភ្លាមនោះ ក្រុមជនសង្ស័យបានលើកខ្វែវដេញកាប់លើក្រុមជនរងគ្រោះ ហើយជនរងគ្រោះបានឈប់ម៉ូតូរត់គេចខ្លួន ក្នុងពេលនោះក្រុមជនសង្ស័យ បានដេញកាប់ក្រុមជនរងគ្រោះ និងកាប់ម៉ូតូរបស់ជនរងគ្រោះខូចខាត់ម៉ូតូចំនួន០២គ្រឿង។
ក្រោយពីធ្វើសកម្មភាពហើយ ក្រុមជនសង្ស័យបានជិះម៉ូតូគេចខ្លួនបាត់។

ចំពោះជនសង្ស័យ រួមនឹងវត្ថុតាងត្រូវបានឃាត់ខ្លួន បណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកមុខកំពូល និងកំពុងកសាងសំណុំរឿង ដើម្បីបន្តចាត់ការតាមនីតិវិធី។
ចំណែកឯ ជនសង្ស័យដែលគេចខ្លួន កម្លាំងសមត្ថកិច្ចកំពុងបន្តស្រាវជ្រាវ ដើម្បីឃាត់ខ្លួនយកមកចាត់ការតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង