ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

 ជនជាតិរុស្ស៉ី៥នាក់ និងអាមេរិក២នាក់ សមគំនិតគ្នាលាងលុយកខ្វក់ក្នុងនាមរដ្ឋាភិបាលរុស្ស៉ី

80

វ៉ាស៉ីនតោន៖ សហរដ្ឋអាមេរិកនៅថ្ងៃអង្គារសប្តាហ៍នេះ បានទម្លាក់ការចោទប្រកាន់ចំនួន១៦ លើជនជាតិរុស្ស៊ីចំនួន ៥នាក់ និងជនជាតិអាមេរិក ២នាក់ ពីបទសមគំនិតទាក់ទងនឹងលទ្ធកម្មសកល និងគម្រោងការលាងលុយកខ្វក់ ក្នុងនាមរដ្ឋាភិបាលរុស្ស៊ី។ នេះបើយោងតាមការដកស្រង់ផ្សាយចេញពីទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី១៤ ខែធ្នូ ឆ្នាំ២០២២។

សេចក្តីថ្លែងការណ៍របស់ក្រសួងយុត្តិធម៌ បានឲ្យដឹងថា ក្នុងចំណោមអ្នកដែលជាប់សង្ស័យ គឺមានមន្ត្រីសេវាសន្តិសុខសហព័ន្ធរុស្ស៊ី (FSB) ដែរ។ ជនជាប់ចោទបានឃុបឃិតគ្នាដើម្បីទទួលបានបច្ចេកវិទ្យាយោធា និងប្រើប្រាស់ក្រុមហ៊ុនអាមេរិកបម្រើឲ្យវិស័យការពារជាតិរុស្ស៊ី ដើម្បីរត់ពន្ធគ្រាប់កាំភ្លើងពាក់លើស្មា (sniper) ដោយបំពានលើទណ្ឌកម្មរបស់សហរដ្ឋអាមេរិកដែលបានដាក់កាលពីដើមឆ្នាំ ២០២២។

ក្រសួងយុត្តិធម៌អាមេរិក បានឲ្យដឹងទៀតថា បទចោទប្រកាន់សំដៅថាជនសង្ស័យបានទិញ និងនាំចេញដោយខុសច្បាប់នូវសមាសធាតុអេឡិចត្រូនិច ដែលមួយចំនួនអាចប្រើក្នុងការអភិវឌ្ឍអាវុធនុយក្លេអ៊ែរ និងមីស៉ីលល្បឿនលឿនជាងសំឡេង កុំព្យូទ័រកង់ទិច ឬបច្ចេកវិទ្យាសម្រាប់ដោះស្រាយបញ្ហាស្មុគស្មាញពេកនៃកុំព្យូទ័រចាស់ៗ និងកម្មវិធីយោធាផ្សេងទៀត។ ជនសង្ស័យមានទំនាក់ទំនងជាមួយក្រុមហ៊ុន សឺនីយ៉ា អែនជីនឺរីង (Serniya Engineering) និងក្រុមហ៊ុន សឺតាល់ អិលអិលស៉ី (Sertal LLC) ដែលមានមូលដ្ឋាននៅទីក្រុងមូស្គូ ធ្វើប្រតិបត្តិការក្រោមការដឹកនាំរបស់សេវាស៊ើបការណ៍សម្ងាត់រុស្ស៊ី។

គួរបញ្ជាក់ថា ចាប់តាំងពីការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន នៅថ្ងៃទី២៤ ខែកុម្ភៈ សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តលោកខាងលិច បានដាក់ទណ្ឌកម្មជាច្រើនលើកមកលើទីក្រុងមូស្គូ៕

អត្ថបទដែលជាប់ទាក់ទង