ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

យន្តហោះចម្បាំងចិន ហោះទៅក្បែរយន្តហោះយោធាអាមេរិក ត្រឹមប្រវែង៣ម៉ែត្រ នៅតំបន់សមុទ្រចិនខាងត្បូង

72

(វ៉ាស៉ីនតោន)៖ យោធាអាមេរិក បាននិយាយនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា យន្តហោះយោធាចិនមួយគ្រឿងបានហោះក្នុងចម្ងាយ ៣ម៉ែត្រ ពីយន្តហោះរបស់កងទ័ពអាកាសអាមេរិក នៅលើដែនអាកាសនៃតំបន់សមុទ្រចិនខាងត្បូងកាលពីសប្តាហ៍មុន ហើយបានបង្ខំឲ្យពីឡុតអាមេរិកបើកគេច ដើម្បីជៀសវាងការប៉ះទង្គិចគ្នានៅក្នុងដែនអាកាសអន្តរជាតិ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី៣០ ខែធ្នូ ឆ្នាំ២០២២។

សហរដ្ឋអាមេរិក បានចាត់ទុកសកម្មភាពរបស់យន្តហោះយោធាចិនខាងលើនេះថាជាអាកប្បកិរិយាដ៏គ្រោះ។ យោធាអាមេរិក បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ឧបទ្ទវហេតុ ដែលពាក់ព័ន្ធនឹងយន្តហោះចម្បាំង J-11 របស់កងទ័ពជើងទឹកចិន និងយន្តហោះកងទ័ពអាកាសអាមេរិក RC-135 បានកើតឡើងកាលពីថ្ងៃទី២១ ខែធ្នូ។ យោធាអាមេរិក បានគូសបញ្ជាក់បន្ថែមថា «យើងរំពឹងថាប្រទេសទាំងអស់នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក នឹងប្រើប្រាស់ដែនអាកាសអន្តរជាតិដោយសុវត្ថិភាព និងស្របតាមច្បាប់អន្តរជាតិ»។ ដោយឡែក ស្ថានទូតចិនប្រចាំនៅទីក្រុងវ៉ាស៊ីនតោន មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយនោះទេ។

គួរបញ្ជាក់ថា កន្លងមក ចិនប្រឆាំងទៅនឹងសកម្មភាពធ្វើនាវាចរណ៍ និងការហោះហើរនៃយន្តហោះអាមេរិក ចូលក្នុងតំបន់សមុទ្រចិនខាងត្បូង ខណៈសហរដ្ឋអាមេរិក អះអាងថា យន្តហោះ និងកប៉ាល់យោធាអាមេរិកតែងតែធ្វើប្រតិបត្តិការឃ្លាំមើល និងធ្វើដំណើរឆ្លងកាត់តំបន់ដែនទឹកអន្តរជាតិ៕

អត្ថបទដែលជាប់ទាក់ទង