១២នាក់បានស្លាប់បន្ទាប់ពីការប៉ះទង្គិចគ្នានៅក្នុងទីក្រុង Juliaca ភាគខាងត្បូងប្រទេសប៉េរូ បន្ទាប់ពីមានការតវ៉ាឡើងវិញដើម្បីទាមទារឲ្យមានការបោះឆ្នោតមុនកាលកំណត់
បរទេស ៖ កាលពីថ្ងៃចន្ទ មនុស្សយ៉ាងហោចណាស់ចំនួន ១២នាក់បានស្លាប់បន្ទាប់ពីការប៉ះទង្គិចគ្នានៅក្នុងទីក្រុង Juliaca ភាគខាងត្បូងប្រទេសប៉េរូ បន្ទាប់ពីមានការតវ៉ាឡើងវិញដើម្បីទាមទារឲ្យមានការបោះឆ្នោតមុនកាលកំណត់ និងដោះលែងអតីតប្រធានាធិបតីលោក Pedro Castillo ដែលជាប់ពន្ធនាគារ។
ក្រសួងបាននិយាយទៀតថា អ្នកស្លាប់រួមមានក្មេងជំទង់ចំនួន ០២នាក់។
ចំនួនអ្នកស្លាប់ចុងក្រោយនៃការប៉ះទង្គិចគ្នាប្រឆាំងរដ្ឋាភិបាលជាមួយកងកម្លាំងសន្តិសុខបានកើនឡើងដល់ ៣៤នាក់ ចាប់តាំងពីមានការតវ៉ាបានចាប់ផ្តើមកាលពីដើមខែធ្នូ ភ្លាមៗបន្ទាប់ពីមានការដកដំណែង និងចាប់ខ្លួនលោក Castillo ដោយសារលោកបានព្យាយាមរំលាយសភាដោយខុសច្បាប់។
លោក Castillo កំពុងជាប់ឃុំរយៈពេល ១៨ខែ មុនពេលកាត់ក្តី ក្រោមការចោទប្រកាន់ពីបទបះបោរ ប៉ុន្តែលោកបានបដិសេធ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចុះផ្សាយនៅលើបណ្តាញសង្គម Facebook ក្រសួងបាននិយាយបន្ថែមថា យ៉ាងហោចណាស់មនុស្សចំនួន ៣៨នាក់បានរងរបួស និងសម្រាកព្យាបាលនៅទីក្រុង Juliaca ៕
