ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្ដេចក្រឡាហោម ស ខេង អញ្ជើញបិទកិច្ចប្រជុំពិភាក្សា និងផ្សព្វផ្សាយស្ដីពី «យុទ្ធសាស្រ្តនយោបាយព័ត៌មាន»

25

 

ភ្នំពេញ ៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី១២ ខែមករា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីបិទកិច្ចប្រជុំពិភាក្សា និងផ្សព្វផ្សាយស្ដីពី «យុទ្ធសាស្រ្តនយោបាយព័ត៌មាន» រៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ នៅទីស្ដីការក្រសួងមហាផ្ទៃ។

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្តី្រ នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវគោលនយោបាយ ឈ្នះ ឈ្នះ នាំមកនូវសន្តិភាព ស្ថិរភាពនយោបាយ ឯកភាពជាតិ ការអភិវឌ្ឍលើគ្រប់វិស័យ និងអភិបាលកិច្ចល្អ។

សម្ដេចគូសបញ្ជាក់ថា បន្ថែមលើនេះទៀតរាជរដ្ឋាភិបាលក៏បានបង្កើត និងអនុវត្តគោលនយោបាយជាតិ ផែនការយុទ្ធសាស្ត្រ និងកម្មវិធីកំណែទម្រង់លើគ្រប់វិស័យ ពិសេសការបង្កើនល្បឿននៃការកែទម្រង់អភិបាលកិច្ចឱ្យស្របតាមយុទ្ធសាស្ត្រចតុកោណ ដើម្បីថែរក្សាឱ្យបាននូវសន្តិភាព ការអភិវឌ្ឍសេដ្ឋកិច្ច និង សង្គមឱ្យមានភាពរុងរឿង សម្បូរសប្បាយ។

សម្ដេចក្រឡាហោម បានបញ្ជាក់ជូនអង្គពិធីអំពីសវតា និងបច្ចុប្បន្នភាពនៃកំណែទម្រង់វិមជ្ឈការ និងវិសហម្ឈការនៅកម្ពុជា ដោយសម្ដេចបានបន្តថា ឆ្លងកាត់ដំណាក់កាលជាច្រើនមកទល់បច្ចុប្បន្ន កម្ពុជាបានដើរដល់របត់មួយថ្មី នៃការធ្វើកំណែទម្រង់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិធ្វើឱ្យរាជរដ្ឋាភិបាលទទួលបាននូវសមិទ្ធផលដ៏ធំធេងជាប្រវត្តិសាស្ត្រ តាមរយៈការធ្វើប្រតិភូកម្មអំណាចទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ។

សម្ដេចក្រឡាហោម ដែលជាប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ក៏បានគូសបញ្ជាក់ដែរថា កំណែទម្រង់នេះ គឺមានគោលបំណងលើកកម្ពស់ការផ្តល់សេវាសាធារណៈឱ្យទៅដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន ក៏ដូចជាជំរុញឱ្យប្រជាពលរដ្ឋចូលរួមធ្វើការអភិវឌ្ឍ មូលដ្ឋានដែលខ្លួនរស់នៅប្រកបដោយការទទួលខុសត្រូវ តម្លាភាព គណនេយ្យភាពជាមួយរដ្ឋបាលមូលដ្ឋានរបស់ខ្លួន។

មានប្រសាសន៍ដល់វិស័យព័ត៌មាន សម្ដេចក្រឡាហោម បន្តថា វិស័យនេះត្រូវបានចាត់ទុកជាវិស័យមួយយ៉ាងសំខាន់ សម្រាប់ជួយលើកកម្ពស់ប្រសិទ្ធភាព និងស័ក្ដិសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ ប្រកបដោយបរិយាបន្ន ក្នុងការធ្វើកំណែទម្រង់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ និងថាព័ត៌មាន គឺជាមធ្យោបាយសម្រាប់ធ្វើការផ្សព្វផ្សាយអំពីគោលនយោបាយដែលរដ្ឋបានដាក់ចេញ ឬសេវាសាធារណៈនានាដែលរដ្ឋត្រូវផ្ដល់ជូនប្រជាពលរដ្ឋ។

សម្ដេចបន្តថា «ព័ត៌មាន» ជាមធ្យោបាយផ្សព្វផ្សាយអំពីសមិទ្ធផល និងស្នាដៃនានា ដែលរាជរដ្ឋាភិបាលបានកសាងជូនជាតិ មាតុភូមិ ហើយទន្ទឹមនេះ រាជរដ្ឋាភិបាលក៏ត្រូវការព័ត៌មានត្រឡប់ពីប្រជាពលរដ្ឋវិញផងដែរ ដើម្បីដឹងពីតម្រូវការ និងបញ្ហាប្រឈមការលំបាក ក៏ដូចជាសំណូមពរផ្សេងៗ ដើម្បីទុកជាមូលដ្ឋាន ក្នុងរៀបចំគោលនយោបាយ ដោះស្រាយ និងឆ្លើយតបជូនប្រជាពលរដ្ឋវិញ។

សម្ដេចក៏បានបង្ហាញការសង្កេតឃើញថា កន្លងមកនេះ មានតំណាងក្រសួងស្ថាប័នទាំងថ្នាក់ជាតិ ក៏ដូចជា ថ្នាក់ក្រោមជាតិបានខិតខំផ្សព្វផ្សាយព័ត៌មានទាំងក្នុងក្របខណ្ឌរបស់អង្គភាពខ្លួន និង តាមវេទិកាសន្និសីទសារព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ដើម្បីបញ្ជ្រាបសមិទ្ធផល និងស្នាដៃរបស់អង្គភាព និងស្ថាប័នរបស់ខ្លួនជូនចំពោះប្រជាពលរដ្ឋ ហើយសម្ដេចបានលើកទឹកចិត្តឱ្យខិតខំប្រឹងប្រែងបន្ថែមទៀត ទៅតាមយុទ្ធសាស្ត្រនយោបាយព័ត៌មាននេះ។

សម្ដេចក្រឡាហោម ឧបនាយករដ្ឋមន្រ្តី ក៏បានចូលរួមផ្ដល់នូវអនុសាសន៍ឱ្យអភិបាលរង នៃគណៈអភិបាលរាជធានី-ខេត្ត ទទួលបន្ទុកកិច្ចការនាំពាក្យ ត្រូវមានភាពកាន់តែសកម្មថែមទៀត ប្រកបដោយស្មារតីសាមគ្គីភាព និងបង្កើនទំនាក់ទំនងល្អ និងជិតស្និតជាមួយនឹងមន្ទីរអង្គភាពជំនាញជុំវិញរាជធានី-ខេត្ត ក៏ដូចជាការរៀបចំយុទ្ធសាស្ត្រព័ត៌មានឱ្យបានច្បាស់លាស់ ដើម្បីភាពជោគជ័យក្នុងការផ្តល់ព័ត៌មានឱ្យបានទូលំទូលាយ និងគ្រប់ជ្រុងជ្រោយ ក្នុងកិច្ចទទួលខុសត្រូវលើការដឹង និងការយល់របស់ប្រជាពលរដ្ឋ ដែលអាចចូលរួមយ៉ាងជិតស្និត ទទួលសេវាសាធារណៈ ប្រកបដោយប្រសិទ្ធភាព ស័ក្តិសិទ្ធភាព និងបរិយាបន្ន។

ជាមួយគ្នានេះ សម្ដេចក៏ស្នើអ្នកនាំពាក្យគ្រប់ក្រសួង-ស្ថាប័ន រួមនឹងមន្ទីរអង្គភាពជំនាញជុំវិញរាជធានី-ខេត្ត ចូលរួមសហការដោយឆន្ទៈខ្ពស់ ដើម្បីពង្រឹងគុណភាព និងឯកភាពព័ត៌មានក្នុងជួររដ្ឋបាលរាជធានី-ខេត្ត ក្នុងន័យរៀចំយន្តការច្រកព័ត៌មានទុកតែមួយ ហើយបញ្ចេញតាមច្រកតែមួយ តាមរយៈការបំផុសការផ្សព្វផ្សាយ (វេទិកាសាធារណៈ និងការឆ្លើយឆ្លងតាមរលកអាកាសវិទ្យុ និងបណ្តាញសង្គមនានា) នូវរាល់សមិទ្ធផលជាក់ស្តែងដែលកើតចេញពីការប្រឹងប្រែងរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីឆ្លើយតប ទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល៕

អត្ថបទដែលជាប់ទាក់ទង