ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ពិនិត្យសំណើករណីទីតាំងដី ដែលរដ្ឋបាលខេត្ត ស្នើសុំកែសម្រួលព្រំប្រទល់តំបន់២និង តំបន់៣ នៃតំបន់ទន្លេសាប ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ

78

 

ខេត្តបាត់ដំបង ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី ២៦ ខែមករា ឆ្នាំ ២០២៣ នៅសាលាខេត្តបាត់ដំបង ឯកឧត្ដម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួង រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអញ្ជើញ ដឹកនាំកិច្ចប្រជុំអន្តរក្រសួង ពិនិត្យសំណើរករណីទីតាំងដីដែលរដ្ឋបាលខេត្ត ស្នើសុំកែសម្រួលព្រំប្រទល់តំបន់២ និងតំបន់៣ នៃតំបន់ទន្លេសាប ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង។

ក្នុងកិច្ចប្រជុំនោះឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានថ្លែងអំណរគុណចំពោះការខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្តបាត់ដំបង និងមន្ត្រីជំនាញទាំងអស់ដែលបានជួយសម្របសម្រួលចុះមូលដ្ឋានទៀងទាត់យកទិន្នន័យដើម្បីមានជាមូលដ្ឋានសម្រាប់បំពេញការងារ ដោយការជួបជុំគ្នានៅពេលនេះ គឺដើម្បីពិនិត្យពិចារណាបន្ថែមលើសំណើរបស់រដ្ឋបាលខេត្ត ស្នើសុំកែសម្រួលព្រំប្រទល់តំបន់២ និងតំបន់ ៣ នៃតំបន់ទន្លេសាបក្នុងភូមិសាស្ត្រខេត្តបាត់ដំបង មុននឹងដាក់ជូនប្រមុខរាជរដ្ឋាភិបាលកម្ពុជាគឺសម្ដេចតេជោហ៊ុនសែនផ្ដល់សេចក្តីសម្រេចចុងក្រោយ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបន្ថែមថា ថ្នាក់ដឹកនាំនិងមន្ត្រីរាជការទាំងអស់ដែលមានវត្តមាននៅពេលនេះ គឺសុទ្ធតែបានខិតខំអនុវត្តទិសដៅ តាមប្រក្រតីទិនដោយសម្ដេចតេជោបានដាក់បញ្ជាថាឲ្យធ្វើការងារនេះឲ្យបានចប់សព្វគ្រប់មុនពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិចូលមកដល់។ ក្រោយពីបានពិភាក្សាគ្នាយ៉ាងល្អិតល្អន់ក្នុងកិច្ចប្រជុំអន្តរក្រសួងនេះរួចមកឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានស្នើដល់ទាំងអស់គ្នាដែលមានវត្តមានក្នុងកិច្ចប្រជុំនេះជាពិសេសគឺអាជ្ញាធរគ្រប់លំដាប់ថ្នាក់ រដ្ឋបាលខេត្តបាត់ដំបង ស្រុក ឃុំអោយជួយការពារតំបន់៣ នៃតំបន់ទន្លេសាបឱ្យបាន កុំឲ្យមានការទន្ទ្រានបំផ្លាញព្រៃលិចទឹកដែលចាត់ទុកថាជាសម្បត្តិធនធានធម្មជាតិសម្រាប់បន្តទុកដល់មនុស្សជំនាន់ក្រោយដូចមានចែងក្នុងអនុក្រឹត្យលេខ ១៩៧ រីឯកិច្ចការដែលបានសម្រេចហើយសូមឱ្យទាញយកផលប្រយោជន៍គ្រប់បែបយ៉ាងរួមទាំងផលប្រយោជន៍ខាងសេដ្ឋកិច្ចនិង នយោបាយដើម្បីរក្សាទុកជាផលប្រយោជន៍របស់ប្រជាពលរដ្ឋក៏ដូចជាយើងទាំងអស់គ្នាគ្រប់ៗអាណត្តិ ។

បន្ទាប់មកនៅរសៀលថ្ងៃដដែលនោះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ក៏បានបន្តដំណើរទៅកាន់សាលាខេត្តបន្ទាយមានជ័យ ដើម្បីបើកកិច្ចប្រជុំអន្តរក្រសួង ពិនិត្យសំណើករណីទីតាំងដី ដែលរដ្ឋបាលខេត្តស្នើសុំកែសម្រួលព្រំប្រទល់តំបន់២និង តំបន់៣ នៃតំបន់ទន្លេសាបក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ។

ក្នុងឱកាសនោះឯកឧត្តមឧបនាយករដ្ឋមន្ត្រីជាសុផារ៉ា បានកោតសរសើរចំពោះរដ្ឋបាលខេត្តបន្ទាយមានជ័យ ដែលបានខិតខំដឹកនាំមន្ត្រីជំនាញនិងក្រុមការងារទាំងអស់ជួយសម្របសម្រួលដើម្បីមានទិន្នន័យជាក់លាក់សម្រាប់ជាមូលដ្ឋានក្នុងការលើកសំណើសុំការសម្រេចដ៏ខ្ពង់ខ្ពស់ពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ក្រោយពីបានពិភាក្សាគ្នាយ៉ាងលម្អិតលើសំណើរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យដែលស្នើសុំកែសម្រួលព្រំប្រទល់តំបន់២ និងតំបន់ ៣ នៃតំបន់ទន្លេសាបក្នុងភូមិសាស្ត្រខេត្តនេះរួចមកឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានស្នើដល់រដ្ឋបាលខេត្តបន្ទាយមានជ័យ អាជ្ញាធរមូលដ្ឋានស្រុកឃុំ ឱ្យយកចិត្តទុកដាក់ថែបំប៉នសមិទ្ធិផល ដែលបានធ្វើនាពេលកន្លងមកក៏ដូចជា បច្ចុប្បន្ននេះឱ្យបានល្អដើម្បីទាញយកផលប្រយោជន៍ផ្នែកសេដ្ឋកិច្ច និងនយោបាយសំដៅទទួលបានការគាំទ្រពីប្រជាពលរដ្ឋ ដែលទាំងនេះគឺអាស្រ័យលើរដ្ឋបាលខេត្ត អាជ្ញាធរមូលដ្ឋាននិងក្រុមការងារគ្រប់លំដាប់ថ្នាក់ ក្នុងការប្រឹងប្រែងឲ្យអស់ពីកម្លាំងកាយចិត្ត ដោយត្រូវយល់ថានេះគឺជាទុនមិនចេះរីងស្ងួត ដែលសម្ដេចតេជោហ៊ុន សែន បានប្រគល់លទ្ធភាព ប្រកបដោយសក្តានុពលដល់យើងទាំងអស់គ្នា ក្នុងការបំពេញបន្ថែមនូវបំណងប្រាថ្នារបស់ប្រជាពលរដ្ឋ ដើម្បីទទួលបានការគាំទ្រពីប្រជាពលរដ្ឋចំពោះការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាល គឺសម្ដេចតេជោហ៊ុនសែន ដូច្នេះយើងទាំងអស់គ្នាត្រូវបំពេញការងារនេះឲ្យបានល្អ មានភាពច្បាស់លាស់ទាំងក្នុងពេលបច្ចុប្បន្ន ក៏ដូចជាក្នុងនីតិកាលបន្តបន្ទាប់ទៀត៕

អត្ថបទដែលជាប់ទាក់ទង