ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ពិនិត្យវឌ្ឍនភាព លើការធ្វើឱ្យប្រសើរឡើងការផ្តល់សេវា ប្រើប្រាស់ផ្លូវល្បឿនលឿន តាមយន្តការបច្ចេកវិទ្យា DIP និងការបញ្ជ្រាបការយល់ដឹង ពីការប្រើប្រាស់ផ្លូវ ដែលបានដាក់ដំណើរការអស់រយៈ ពេលជិត ៤ខែ

92

 

ភ្នំពេញ៖ ទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម ហ៊ាង សុទ្ធាយុត្តិ អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ និងលោក Kun Mo អគ្គនាយកក្រុមហ៊ុន ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ បានដឹកនាំកិច្ចប្រជុំ ពិនិត្យវឌ្ឍនភាពយន្តការបច្ចេកវិទ្យា DIP ធ្វើឱ្យប្រសើរឡើងការផ្តល់សេវា និងការបញ្ជ្រាបការយល់ដឹងពីការប្រើប្រាស់ ផ្លូវល្បឿនលឿន ដែលបានដាក់ដំណើរការអស់រយៈ ពេលជិត ៤ខែ កន្លងទៅ។

របៀបវារៈទី១ បាន ផ្តោតសំខាន់ទៅលើ ការជំរុញការបញ្ជូលសមតុល្យទឹកប្រាក់តាមក្នុងផ្លាកលេខ មុនចូលប្រើប្រាស់ផ្លូវល្បឿនលឿន ដែលបានចូលរួមកាត់បន្ថយការកកស្ទះចរាចរណ៍ បានយ៉ាងមានប្រសិទ្ធភាព។ ការបញ្ជូលសមតុល្យតាមផ្លាកលេខ អាចធ្វើទៅបានតាមកម្មវិធី Mobile Banking របស់គ្រឹះស្ថានហិរញ្ញវត្ថុនិងធនាគារដៃគូរ ដែលបានតភ្ជាប់ជាមួយ ប្រព័ន្ធទូទាត់ប្រាក់រួម OSP របស់ក្រសួង។ បច្ចុប្បន្នមានគ្រឹះស្ថានហិរញ្ញវត្ថុ-ធនាគារ ចំនួន ៧ ដែលកំពុងដំណើរ និងមានគ្រឹះស្ថាន ជាច្រើនផ្សេងទៀត បានស្នើចូលរួម ក្នុងការប្រមូលចំណូលផ្លូវល្បឿនលឿនជាបន្តបន្ទាប់ដែលកត្តានេះ នឹងចូលរួមចំណែកផ្តល់ជម្រើសកាន់តែសំបូរបែប ជូនដល់បងប្អូនប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់ផ្លូវល្បឿនលឿន។ កត្តានេះក៏បានបង្កើតឱ្យមានភាពស្មុគស្មាញក្នុងការ គ្រប់គ្រងលំហូរសាច់ប្រាក់ផងដែរ។ ហេតុដូចនេះអង្គប្រជុំក៏បានសម្រេចស្នើថ្នាក់ដឹកនាំកែសម្រួលយន្តការលំហូរសាច់ប្រាក់ច្រើនដង មកជាលំហូររួមតែមួយ ដែលមានភាពសាមញ្ញងាយគ្រប់គ្រង ជាពិសេសអាចផ្តល់លទ្ធភាពឱ្យគ្រឹះស្ថានហិរញ្ញវត្ថុធានាគារកាន់តែច្រើន អាចធ្វើការចូលរួមប្រមូលចំណូលកម្រៃសេវាប្រើប្រាស់ផ្លូវល្បឿនលឿនបាន។

បើទោះជានៅក្នុងមួយរយៈពេលចុងក្រោយនេះ ការផ្តល់សេវាប្រើប្រាស់ផ្លូវល្បឿនលឿន ត្រូវបានប្រព្រឹត្តិទៅបានល្អ និងមិនមានការកកស្ទះជាទៅកត់សម្គាល់ក្តី ក៏ក្នុងនាមក្រសួងសាធារណការ និងដឹកជញ្ជូន ក្រោមការដឹកនាំ របស់ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានធ្វើបន្តយកចិត្តទុកដាក់ខ្ពស់លើ ការសម្រួលលំហូរចរាចរណ៍ ឱ្យកាន់តែមានភាពប្រសើរឡើង តាមរយៈការដាក់ចេញនូវវិធានការនានា និងការផ្សព្វផ្សាយការយល់ដឹងជាសាធារណៈ ជាប្រចាំ។

ហេតុនេះ នៅក្នុងរៀបវារៈទី២ អង្គប្រជុំបាន ពិភាក្សាទៅលើ បញ្ហាប្រឈមរបស់អ្នកប្រើប្រាស់ និងសំណូមពររបស់ប្រជាពលរដ្ឋ តាមរយៈទំព័រហ្វេសប៊ុកសម្តេចតេជោនាយករដ្ឋមន្ត្រី ទំព័រហ្វេសប៊ុកក្រសួង បណ្តាញសង្គមនានា បណ្តាញសារព័ត៌មាន និងតាមលេខទូរសព្ទក្រសួង 1275 និងក្រុមហ៊ុន 1399 និងមតិយោបល់ណែនាំពីថ្នាក់ដឹកនាំក្រសួង។ អង្គប្រជុំបានឯកភាព ដាក់បញ្ជូលសេចក្តីពន្យល់ទៅក្នុង គំនូសគន្លងផ្លូវច្រកចេញចូល និងដាក់បន្ថែមផ្ទាំងព័ត៌មាន តាមដងផ្លូវ បង្ហាញពី ការប្រើប្រាស់គន្លងអាទិភាព ETC និង ANPR ដោយត្រូវបញ្ចូលសមតុល្យជាមុន ព្រមទាំង ការប្រើប្រាស់គន្លង MTC ដែលតម្រូវឱ្យគិតប្រាក់នៅច្រកចេញ។

សូមជម្រាបជូនថា ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ មានប្រវែងសរុប ១៨៧,០៥គ.ម មានច្រកចេញចូលចំនួន៨ ត្រូវបានដាក់ឱ្យប្រើប្រាស់សាកល្បងកាលពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២ និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការថ្ងៃ០៩ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោនាយករដ្ឋមន្ត្រីកម្ពុជា និងឯកឧត្តមនាយករដ្ឋមន្ត្រីចិន។ ក្នុងរយៈពេលជិត ៤ខែ គិតចាប់ពី ដើមខែតុលា ឆ្នាំ២០២២ មកទល់ចុងខែមករា ឆ្នាំ២០២៣ នេះ មានយានយន្តធ្វើចរាចរណ៍ឆ្លងកាត់ផ្លូវល្បឿនលឿន ប្រមាណ ជិត ១,៥លាន ដង មានគ្រោះថ្នាក់ចរាចរណ៍ ប្រមាណ ៧០ ករណី និងមិនមានការបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរ ឬបាត់បង់អាយុជីវិតឡើយ។ នេះបានបង្ហាញឱ្យឃើញពីលទ្ធផលជាវិជ្ជមាន កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការ កាត់បន្ថយការចំណាយ កាត់បន្ថយពេលវេលាធ្វើដំណើរនិងដឹកជញ្ជូនទំនិញ ព្រមទាំងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ យ៉ាងមានប្រសិទ្ធភាព៕

អត្ថបទដែលជាប់ទាក់ទង