ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ បានរៀបចំកម្មវិធីទទួលដំណើរ ទស្សនកិច្ចសិក្សាផ្លាស់ប្តូរបទពិសោធន៍ របស់គណៈប្រតិភូយុវជនកាកបាទក្រហមសាខាខេត្ត អ៊ុលសាន ប្រទេសកូរ៉េខាងត្បូង ៤៦នាក់

132

ភ្នំពេញ៖ សាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ បានរៀបចំកម្មវិធីទទួលដំណើរ ទស្សនកិច្ចសិក្សាផ្លាស់ប្តូរបទពិសោធន៍ របស់គណៈប្រតិភូយុវជនកាកបាទក្រហមសាខាខេត្ត អ៊ុលសាន ប្រទេសកូរ៉េខាងត្បូង ចំនួន៤៦នាក់ កាលពីល្ងាចម្សិលមិញ កុម្ភៈ ឆ្នាំ២០២៣ នៅវិទ្យាល័យឥន្ទ្រទេវី។
នាឱកាសនោះលោក ឆាន ស៊ីនអ៊ីល ប្រធានគណៈប្រតិភូ បានថ្លែងថា រូបលោក និងគណៈប្រតិភូ ពិតជាមានសេចក្តីសោមនស្សរីករាយ ដែលបានមកទស្សនកិច្ចពីការងារ មនុស្សធម៌ និងវប្បធម៌របស់ប្រទេសកម្ពុជា ហើយនេះជាលើកទី២ របស់ប្រតិភូកាកបាទ ក្រហមប្រទេសកូរ៉េខាងត្បូង បន្ទាប់សាខាខេត្តជុងណាង បានមកកាលពីឆ្នាំ២០១៨កន្លងទៅ។

លោកបានបន្តថា ថ្វីត្បិតតែប្រទេសកម្ពុជា និងប្រទេសកូរ៉េខាងត្បូងនៅឆ្ងាយពីគ្នា អាកាសធាតុខុសគ្នា វប្បធម៌ខុសគ្នា តែប្រទេសយើងទាំងពីរ គឺធ្លាប់ឆ្លងកាត់សង្គ្រាមដូចគ្នា ដែលធ្វើឱ្យខូចខាតខ្ទីចខ្ទី ជាពិសេសការបាត់បង់នូវធនធានមនុស្ស ទើបដូចនេះហើយ សន្តិភាពពិតជាមានតម្លៃខ្លាំងណាស់ សម្រាប់ប្រទេសមួយដែលអាចអភិវឌ្ឍន៍ទៅមុខ រីកចម្រើនបាន។
ជាមួយគ្នានោះ លោក ជិន ប៊ុនធឿន នាយកប្រតិបត្តិសាខាកាកបាទក្រហម កម្ពុជារាជធានីភ្នំពេញ បានសម្តែងនូវការស្វាគមន៍ចំពោះដំណើរទស្សនកិច្ចសិក្សា របស់ប្រតិភូយុវជនកាកបាទក្រហមសាខាខេត្តអ៊ុលសាន ប្រទេសកូរ៉េខាងត្បូង ព្រមទាំង បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពី ឯកឧត្តម ឃួង ស្រេង ប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ និងជាពិសេសពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។

លោកបន្តថា យុវជនកាកបាទក្រហមកម្ពុជា សាខារាជធានីភ្នំពេញ មានចំនួន ៣២៥០នាក់ នៅតាមបណ្តាសាលាគោលដៅចំនួន៣៩ ក្នុងនោះសកម្មភាពការងារមនុស្សធម៌ ជាចម្បងរួមមាន៖ ការជួយសង្គ្រោះជនរងគ្រោះ កម្មវិធីមិត្តអប់រំមិត្ត ការផ្សព្វផ្សាយសុវត្ថិភាព ចរាចរណ៍ ផ្សព្វផ្សាយការទប់ស្កាត់ជំងឺឆ្លងផ្សេងៗ ជាពិសេសវិជ្ជាសង្គ្រោះបឋម និងចូលរួម ការងារសង្គមផ្សេងៗជាច្រើនទៀត ។
លោក ជិន ប៊ុនធឿន បានបញ្ជាក់ថា សម្រាប់ដំណើរទស្សនកិច្ចនេះ គឺបានផ្តល់ ផលប្រយោជន៍យ៉ាងក្រៃលែងដល់យុវជនកាកបាទក្រហម ក្នុងការពង្រឹង និងពង្រីក ចំណងមិត្តភាព សាមគ្គីភាព នៃប្រទេសទាំងពីរ ព្រមទាំងផ្តល់ចែករំលែកនូវបទ ពិសោធន៍សកម្មភាពមនុស្សធម៌ ដើម្បីឱ្យយុវជនអាចយកទៅអនុវត្តន៍ក្នុងប្រទេសរបស់ខ្លួន។
សូមបញ្ជាក់ថា៖ នៅក្នុងកម្មវីធីនេះ ក៏មានសម្តែងនូវ ក្បាច់គុនល្បុក្កតោ និងវិជ្ជា សង្គ្រោះបឋម របស់យុវជនកាកបាទក្រហមកម្ពុជា និងការសម្តែងនូវចម្រៀង K-POP ក្បាច់គុនតៃក្វាន់ដូ របស់យុវជនកាកបាទក្រហមកូរ៉េខាងត្បូងផងដែរ៕. សំរិត

អត្ថបទដែលជាប់ទាក់ទង