ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្ពុជា នឹងប្រារព្ធទិវាចងចាំ នៃដំណើរឆ្ពោះទៅកាន់ ការផ្តួលរំលំរបបប្រល័យពូជសាសន៍ ជារៀងរាល់ឆ្នាំ

130

ត្បូងឃ្មុំ៖នៅព្រឹកថ្ងៃទី ២០ ខែ មិថុនា ឆ្នាំ ២០១៨នេះ ជាខួបលើក៤១ឆ្នាំនៃទិវាចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ឆ្នាំ១៩៧៧-២០ មិថុនា ២០១៨) សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអញ្ជើញជាអធិបតី ក្នុងពិធីរំលឹកខួប៤១ឆ្នាំនេះនៅតំបន់កោះថ្ម ស្រុកមេមុត ខេត្តត្បូងឃ្មុំនិងបន្តដំណើរចូលទៅក្នុងវៀតណាម ដើម្បីរំលឹកនូវការចងចាំនៃទីតាំងសំខាន់ៗក្នុងការចាប់ផ្តើមតស៊ូរបស់សម្តេចតេជោសែន លើសមភូមិរំដោះជាតិនិងប្រជាជនកម្ពុជា។

ក្នងឱកាសដែលសម្តេចពិជ័យសេនា ទៀ បាញ់ ចូលរួមក្នុងពិធី «ទិវាចងចាំនៃដំណើរឆ្ពោះទៅកាន់ការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ២០ មិថុនា ១៩៧៧ / ២០ មិថុនា ២០១៨» ស្ថិតនៅភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ សម្តេចពិជ័យ ទៀ បាញ់ បញ្ជាក់ថា កម្ពុជានឹងប្រារព្ធពិធី «ទិវាចងចាំ នៃដំណើរឆ្ពោះទៅកាន់ការផ្តួលរំលំ របបប្រល័យពូជសាសន៍ ប៉ុល ពត» ជារៀងរាល់ឆ្នាំ ហើយរាល់ឯកសារនានា របស់សម្តេចតេជោ ហ៊ុន សែន ពាក់ព័ន្ធនឹងដំណើរការតស៊ូលះបង់ជីវិតដើម្បីជាតិមាតុភូមិ ត្រូវយកទៅឆ្លាក់នៅវិមានឈ្នះ-ឈ្នះ ដើម្បីទុកឱ្យកូនចៅជំនាន់ក្រោយ បានសិក្សារៀនសូត្រ ពីប្រវត្តិនៃការតស៊ូរបស់សម្តេចតេជោ ផងដែរ។ សម្តេចពិជ័យ បានបន្តថា ថ្ងៃនេះជាខួប៤១ឆ្នាំហើយ ដែលសម្តេចតេជោ ហ៊ុន សែន និងយុទ្ធមិត្តស្ម័គ្រស្មោះ៤រូផ្សេងទៀត បានធ្វើដំណើរឆ្ពោះផ្សងគ្រោះថ្នាក់ ទៅកាន់ប្រទេសវៀតណាម ដើម្បីស្វែងរកការស្រោចស្រង់ប្រទេសជាតិចេញពីក្រញាំបិសាច ប៉ុល ពត ហើយបានរំដោះប្រទេសដោយជោគជ័យ ស្វែងរកសុខសន្តិភាព និងការអភិវឌ្ឍដូចពេលបច្ចុប្បន្ន។

សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានថ្លែងអំណរគុណ ដល់ប្រជាពលរដ្ឋនៅក្នុងភូមិកោះថ្ម ឃុំទន្លូង ដែលបានជួយទំនុកបម្រុងដល់សម្តេចតេជោ ហ៊ុន សែន កាលពីឆ្នាំ១៩៧០ ក្នុងពេលដែលសម្តេច បានឆ្លងកាត់នឹងស្នាក់ទីនេះ រហូតបានធ្វើ ដំណើរឆ្លងកាត់ទៅប្រទេសវៀតណាម ដើម្បីសុំការអន្តរាគមន៍ពីសំណាក់កងទ័ពប្រជា ជនវៀតណាម មកផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត រហូតឈានដល់ផ្តួលរំលំរបប វាលពិឃាតសម្លាប់ជាតិឯង ដោយជោគជ័យ និងបាននាំមកនូវសន្តិភាពជូនជាតិមាតុភូមិ រហូតដល់បច្ចុប្បន្ននេះ ផងដែរ។

អត្ថបទដែលជាប់ទាក់ទង