ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន៖ ត្រូវរួមគ្នាធ្វើអំពើល្អរួមគ្នាដោះ ស្រាយចម្ងល់ និងសំណូមពរប្រជាពលរដ្ឋ តាមរយៈ ការបម្រើសេវាសាធារណៈឲ្យបានល្អប្រសើររហ័សទាន់ចិត្ត

74

ភ្នំពេញ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា បានជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ សមាជិក គណបក្សប្រជាជនកម្ពុជាសង្កាត់ ឬស្សីកែវ នៅស្នាក់គណបក្សប្រជាជនសង្កាត់ ស្ថិតនៅផ្លូវភូមិខាំងសារិន ក្រុមទី៥ ភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ នាព្រឹកថ្ងៃអង្គារ ៧កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ ។
ថ្លែងក្នុងឱកាសនោះ លោកជំទាវ បាន ពាំនាំនូវការផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ាន ហ៊ុន សែន ជូនដល់សមាជិកទាំងអស់នៃសង្កាត់ឬស្សីកែវ ដោយក្តីនឹករលឹក និងការគិតគូរយកចិត្តទុក្ខដាក់ដក់ប្រជាពលរដ្ឋនៅទូទាំងប្រទេស។
លោកជំទាវបានថ្លែងនូវការកោតសសើរដល់ លោក មូល វីរៈ ដែលជាចៅសង្កាត់ បានដឹកនាំគ្រប់គ្រង ធានាបាននូវសុខសន្តិភាព សុវត្ថិភាពសង្គម និងសណ្តាប់ធ្នាប់សាធារណៈ បានល្អ និងទទួលមានលទ្ធ ផលគួរជាទីមោទនៈ ដើម្បីចូលរួមចំណែក ដល់កិច្ចអភិវឌ្ឍន៏ រាជធានីភ្នំពេញ។
លោកជំទាវ បានផ្តាំផ្ញើរដល់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាសង្កាត់ឬស្សីកែវ ៖ ១.ត្រូវរួមបន្តថែរក្សា និងពង្រឹងប្រសិទ្ធិភាពការងារឲ្យទទួលបានជោគជ័យបន្ថែមទៀត ។ ២.គណបក្សសង្កាត់ត្រូវបន្តយកចិត្តទុក្ខដាក់បន្ថែមទៀតបើទោះបីជាគណបក្សប្រឆាំងមានការថមថយការគាំទ្រយ៉ាងណាក៏ដោយ ។ ៣. ត្រូវរួមគ្នាធ្វើអំពើល្អ រួមគ្នា ដោះស្រាយចម្ងល់ និងសំណូមពរប្រជាពលរដ្ឋ តាមរយៈ ការបម្រើសេវាសាធារណៈឲ្យបានល្អប្រសើរ រហ័សទាន់ចិត្ត ។៤. ត្រូវរួមគ្នាថែរក្សាសុខសន្តិភាព និងត្រូវចេះផ្សព្វផ្សាយនូវសមិទ្ធិផលសំខាន់ៗរបស់គណបក្សជូនដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន ។ ៥.ត្រូវរួមគ្នាអនុវត្ត និងផ្សព្វផ្សាយជូនប្រជាពលរដ្ឋនូវវិធានការ របស់ក្រសួងសុខាភិបាល ៣ការពារ ៣កុំទាំងអស់គ្ន ៕ . សំរិត

អត្ថបទដែលជាប់ទាក់ទង