ឯកអគ្គរដ្ឋទូត នៃប្រទេសអូទ្រីស ធ្វើការណែនាំអំពី ក្រុមហ៊ុនពាក់ព័ន្ធនឹងវិស័យហេដ្ឋារចនាសម្ព័ន្ធ រំពឹងថានឹងមានកិច្ចសហប្រតិបត្តិការល្អៗនាពេលខាងមុខ
ភ្នំពេញ៖ ទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន នាព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម តូច ចាន់កុសល រដ្ឋមន្រី្តស្តីទី ក្រសួងសាធារណការ និងដឹកជញ្ជូន បានទទួលជួប ឯកឧត្តម Wilhelm Maximilian Donko ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋអូទ្រីស ប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការី ដើម្បីពិភាក្សាការងារ ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញជាន់ខ្ពស់ពាក់ព័ន្ធ។
ក្នុងជំនួបនាឱកាសនេះ ឯកឧត្តម ឯកអគ្គរដ្ឋទូត បានសម្តែងនូវចំណាប់អារម្មណ៍ខ្ពស់ លើការរីកចម្រើនគួរឱ្យកត់សម្គាល់របស់កម្ពុជា ជាពិសេសលើវិស័យហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូន បើធៀបទៅនឹងការអញ្ជើញមកទស្សកិច្ចរបស់ឯកឧត្តមកាលពីលើកមុន។ ដោយសង្កេតឃើញថា ក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា បានធ្វើការសិក្សាអំពីគម្រោងលើកកម្រិតផ្លូវដែកពីភ្នំពេញ ទៅប៉ោយប៉ែត ឱ្យទៅជាផ្លូវដែកល្បឿនលឿន ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានធ្វើការណែនាំក្រុមហ៊ុនធំៗមកពីប្រទេសអូទ្រីសរួមមាន៖ ក្រុមហ៊ុន Plasser & Theurer, Export von Bahnbaumaschinen, GmbH ដែលពោរពេញដោយបទពិសោធន៍ក្នុងវិស័យផ្លូវដែក និងក្រុមហ៊ុន Bruck Consulting ដែលជាក្រុមហ៊ុនផ្តល់ការប្រឹក្សាយោបល់លើគម្រោងធំៗមកជាង៣០ឆ្នាំហើយ ដោយសង្ឃឹមថានឹងមានឱកាសសហការជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងគម្រោងពាក់ព័ន្ធនានា នៅពេលអនាគត។
ជាការឆ្លើយតប ឯកឧត្តម រដ្ឋមន្ត្រីស្តីទី បានជម្រាបជូនអង្គប្រជុំឱ្យបានជ្រាបថា គម្រោងលើកកម្រិតផ្លូវដែកពីភ្នំពេញ ទៅប៉ោយប៉ែត ឱ្យទៅជាផ្លូវដែកល្បឿនលឿន កំពុងស្ថិតក្នុងដំណាក់កាលសិក្សាសមិទ្ធិលទ្ធភាព គ្រោងនឹងបញ្ចប់នាពេលឆាប់ៗខាងមុខនេះ ហើយជំហានបន្ទាប់គឺការស្វែងរកដៃគូវិនិយោគ។ ជាមួយគ្នានេះដែរ ឯកឧត្តម ក៏បានជម្រាបជូនអំពីគម្រោងសិក្សាសេវារថភ្លើងសាធារណៈ សម្រាប់ដឹកជញ្ជូនអ្នកដំណើរក្នុងទីក្រុងភ្នំពេញ ដែលខណៈនេះក្រសួងកំពុងធ្វើការពិចារណាលើជម្រើសផ្សេងៗ ដែលបានសិក្សាដោយភាគីចិន និងជប៉ុន ថាតើជម្រើសមួយណាស័ក្តិសមបំផុតសម្រាប់រាជធានីភ្នំពេញ។ ជាចុងបញ្ចប់ ឯកឧត្ដម រដ្ឋមន្រ្តីស្ដីទី បានផ្ដល់អនុសាសន៍ជូនភាគីសាធារណរដ្ឋអូទ្រីស ធ្វើការផ្ទាល់ជាមួយនឹងអង្គភាពជំនាញដូចជានាយដ្ឋានផ្លូវដែក និងអគ្គនាយកដ្ឋានផ្សេងៗទៀតផងដែរ ដើម្បីពិនិត្យមើលថាតើប្រទេសទាំងពីរអាចមានកិច្ចសហការជាមួយគ្នា ទាក់ទងនឹងគម្រោងអភិវឌ្ឍន៍លើវិស័យហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូននាពេលអនាគត៕