ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្ពុជា-ម៉ាឡេស៊ី ឯកភាពបន្តធ្វើឲ្យស៊ីជម្រៅបន្ថែមទៀតនូវ ទំនាក់ទំនងទ្វេភាគីដ៏យូរអង្វែង និងរឹងមាំលើគ្រប់វិស័យ

41

 

ភ្នំពេញ ៖ បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានឲ្យដឹងថា ថ្ងៃទី ២៧ ខែមីនា ឆ្នាំ២០២៣ តបតាមការអញ្ជើញរបស់ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ដាតុ ស៊េរី អាន់វ៉ា ប៊ីន អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីនៃប្រទេសម៉ាឡេស៊ី បានបញ្ចប់ដំណើរទស្សនកិច្ចផ្លូវការលើកដំបូង នៅ ព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ ក្នុងគោលបំណងបន្តធ្វើឲ្យស៊ីជម បន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគីដ៏យូរអង្វែង និងរឹងមាំលើគ្រប់វិស័យ រវាងប្រទេសទាំងពីរ។

ក្នុងឱកាសទស្សនកិច្ចផ្លូវការរយៈពេល១ថ្ងៃនេះ ឯកឧត្តម ដាតុ ស៊េរី អាន់វ៉ា ប៊ីន អ៊ីប្រាហ៊ីម បានអញ្ជើញចូលក្រាបថ្វាយបង្គំគាល់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅព្រះបរមរាជវាំង។ ឯកឧត្តម ក៏បានអញ្ជើញជួបសម្ដែង ការគួរសមដាច់ដោយឡែក ជាមួយសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងសម្តេច អគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងអំឡុងពេលកិច្ចប្រជុំទ្វេភាគី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានជម្រាបជូន អំពីស្ថានភាពនយោបាយ និងសេដ្ឋកិច្ចរបស់កម្ពុជា រួមទាំងការត្រៀមរៀបចំកីឡាស៊ីហ្គេមលើកទី ៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២។ ឯកឧត្តម ដាតុ ស៊េរី អាន់វ៉ា ប៊ីន អ៊ីប្រាហ៊ីម បានកោត សរសើរ សម្តេចតេជោនាយករដ្ឋមន្រ្តី ចំពោះការដឹកនាំកម្ពុជា រួមទាំងការដោះស្រាយជម្លោះ ប្រកបដោយជោគជ័យ ការថែរក្សាសន្តិភាព និងការអភិវឌ្ឍ។
នាយករដ្ឋមន្ត្រីទាំងពីរបានបញ្ជាក់សាជាថ្មីនូវការប្ដេជ្ញាបន្តជម្រុញកិច្ចសហប្រតិបត្តិការដែល ផ្តល់ផលប្រយោជន៍ទៅវិញទៅមក លើគ្រប់វិស័យ រួមទាំងវិស័យពាណិជ្ជកម្មនិងវិនិយោគ ទេសចរណ៍ កសិកម្ម ការអភិវឌ្ឍធនធានមនុស្ស ថាមពលនិងការតភ្ជាប់ ការងារ ព្រមទាំងសន្តិសុខ និងការពារជាតិ។

នាយករដ្ឋមន្ត្រីទាំងពីរបានឯកភាពប្រគល់ភារកិច្ចជូនក្រសួងការបរទេសនៃប្រទេសទាំងពីរ រៀបចំឡើងវិញនូវកិច្ចប្រជុំលើកទី៣ នៃគណៈកម្មការចម្រុះកម្ពុជា-ម៉ាឡេស៊ី ឱ្យបានឆាប់តាមអាច ធ្វើបាន ដើម្បីពិនិត្យមើលកិច្ចសហការបច្ចុប្បន្ន ស្វែងរកកិច្ចសហប្រតិបត្តិការក្នុងវិស័យថ្មី និងដាក់ ចេញនូវវិធានការថ្មីៗ ដើម្បីពង្រឹងនិងពង្រីកភាពជាដៃគូបន្ថែមទៀត។
ចំពោះវិស័យពាណិជ្ជកម្ម និងវិនិយោគ នាយករដ្ឋមន្ត្រីទាំងពីរ បានកត់សម្គាល់ដោយក្តី ពេញចិត្តចំពោះការកើនឡើងនៃទំហំពាណិជ្ជកម្មទ្វេភាគី និងទទួលស្គាល់នូវសក្តានុពលដ៏ធំធេង រវាងប្រទេសទាំងពីរ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានលើកទឹកចិត្តឱ្យធុរជនម៉ាឡេស៊ី ពិនិត្យ លទ្ធភាពវិនិយោគក្នុងវិស័យអង្ករ គ្រាប់ស្វាយចន្ទី ទោចក្រយាន និងហាឡាល ដោយពិចារណាលើ ការអនុគ្រោះជាច្រើន ក្រោមច្បាប់ថ្មីស្តីពីការវិនិយោគ របស់កម្ពុជា។ ឯកឧត្តម ដាតុ ស៊េរី អាន់វ៉ា ប៊ីន អ៊ីប្រាហ៊ីម បានសន្យាលើកទឹកចិត្តធុរជនម៉ាឡេស៊ី ពិចារណាវិនិយោគលើផលិតផលនានានៅកម្ពុជា រួមមានអង្ករ និងគ្រាប់ស្វាយចន្ទី ព្រមទាំងបានឯកភាពផ្ដល់ការបណ្ដុះបណ្ដាល និងចែករំលែកបទ ពិសោធន៍ទាក់ទងនឹងវិស័យហាឡាលដល់កម្ពុជា ដើម្បីបង្កើនការនាំចេញទៅប្រទេសមូស្លីមនានា ជាពិសេសតំបន់មជ្ឈឹមបូព៌ា។
ចំពោះវិស័យទេសចរណ៍ សម្ដេចតេជោនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់អំពីសារសំខាន់នៃជើង
ហោះហើរត្រង់ និងការអនុវត្តប្រកបដោយប្រសិទ្ធិភាពនូវអនុស្សរណៈនៃការយោគយល់គ្នា ស្ដីពីកិច្ច សហប្រតិបត្តិការលើវិស័យទេសចរណ៍ ដែលត្រូវបានចុះហត្ថលេខាកាលពីឆ្នាំ២០១៩ និងបានស្នើ ម៉ាឡេស៊ីផ្តល់ជំនួយបច្ចេកទេសក្នុងវិស័យហាឡាល ក្នុងគោលដៅទាក់ទាញនិងទទួលភ្ញៀវទេសចរ មូស្លីមមកកម្ពុជា ឱ្យកាន់តែបានច្រើនថែមទៀត។

ពាក់ព័ន្ធនឹងវិស័យកសិកម្ម នាយករដ្ឋមន្ត្រីទាំងពីរបានលើកទឹកចិត្តឱ្យមានការអនុវត្តប្រកប
ដោយប្រសិទ្ធភាពនូវអនុស្សរណៈនៃការយោគយល់គ្នាចំនួន២ស្ដីពី
កិច្ចសហប្រតិបត្តិការក្នុង ឧស្សាហកម្មឬស្សី និងវិស័យកសិកម្ម។ ឯកឧត្តម ដាតុ ស៊េរី អាន់វ៉ា ប៊ីន អ៊ីប្រាហ៊ីម បានកោតសរសើរ កម្ពុជា ចំពោះអតិរេកអង្ករ និងសន្យាលើកទឹកចិត្តក្រុមហ៊ុនម៉ាឡេស៊ី ពិចារណានាំចូលអង្ករកម្ពុជាទៅ កាន់ម៉ាឡេស៊ី។
ពាក់ព័ន្ធនឹងការអភិវឌ្ឍធនធានមនុស្ស សម្តេចតេជោនាយករដ្ឋមន្ត្រី បានសម្ដែងអំណរគុណ ចំពោះម៉ាឡេស៊ីដែលបានផ្តល់វគ្គបណ្តុះបណ្តាលសម្រាប់មន្ត្រីរាជការកម្ពុជាតាមរយៈកម្មវិធីកិច្ចសហ ប្រតិបត្តិការបច្ចេកទេសម៉ាឡេស៊ី (MTCP) និងកម្មវិធីកិច្ចសហប្រតិបត្តិការការពារជាតិម៉ាឡេស៊ី (MDCP) និងបានស្នើម៉ាឡេស៊ី ឱ្យចែករំលែកបទពិសោធន៍អំពីសេដ្ឋកិច្ចឌីជីថល។
តបតាមសំណើរបស់ភាគីកម្ពុជា ឯកឧត្តម ដាតុ ស៊េរី អាន់វ៉ា ប៊ីន អ៊ីប្រាហ៊ីម បានសន្យាជួយ សម្របសម្រួលការស្ថាបនាខ្សែកាប្លីអគ្គិសនីតាមបាតសមុទ្រ ឆ្លងកាត់ដែនសមុទ្រប្រទេសម៉ាឡេស៊ី ដែលជាផ្នែកមួយនៃគម្រោងពាណិជ្ជកម្មថាមពលបៃតងរវាងកម្ពុជា និងសិង្ហបុរី។

Soth Ly, [3/28/2023 4:21 PM]
ចំពោះវិស័យការងារ តបតាមសំណើរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ក្នុងការសម្រប សម្រួលពលករកម្ពុជា ឯកឧត្តម ដាតុ ស៊េរី អាន់វ៉ា ប៊ីន ម៉ីប្រាហ៊ីម បានបញ្ជាក់ថា ម៉ាឡេស៊ីអនុញ្ញាត ឱ្យពលករដែលស្នាក់នៅហួសពេលកំណត់ មកចុះឈ្មោះរហូតដល់ចុងឆ្នាំ២០២៣ ដើម្បីបន្តធ្វើការ នៅម៉ាឡេស៊ី។ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានស្នើឲ្យមានការទទួលស្គាល់លើឯកសារធ្វើដំណើរ របស់ពលករកម្ពុជាផងដែរ។
ពាក់ព័ន្ធនឹងវិស័យការពារជាតិ និងសន្តិសុខ ឯកឧត្តម ដាតុ ស៊េរី អាន់វ៉ា ប៊ីន អ៊ីប្រាហ៊ីម បាន សម្ដែងអំណរគុណចំពោះអាជ្ញាធរកម្ពុជា ដែលបានជួយសង្គ្រោះពលរដ្ឋម៉ាឡេស៊ី ពីបណ្ដាញក្រុម ឆបោកការងារ។ គំនិតផ្ដួចផ្ដើមមួយចំនួនត្រូវបានលើកយកមកពិភាក្សា ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំង នឹងឧក្រិដ្ឋកម្មឆ្លងដែន រួមមានការរត់ពន្ធមនុស្ស និងការលាងលុយកខ្វក់។

នាយករដ្ឋមន្ត្រីទាំងពីរបានផ្លាស់ប្តូរទស្សនៈគ្នាលើបញ្ហាតំបន់ និងអន្តរជាតិ និងបានឯកភាព ផ្ដល់នូវការគាំទ្រគ្នាទៅវិញទៅមក នៅក្នុងក្របខណ្ឌពហុភាគី រួមមានអង្គការសហប្រជាជាតិ និងអង្គការ ស្ដីពី កិច្ចសហប្រតិបត្តិការឥស្លាម។ ឯកឧត្ដម ដាតុ ស៊េរី អាន់វ៉ា ប៊ីន អ៊ីប្រាហ៊ីម បានអបអរសាទរ កម្ពុជា ចំពោះជោគជ័យនៃការធ្វើជាប្រធានអាស៊ានកាលពីឆ្នាំមុន និងបានសង្កត់ធ្ងន់ថា ប្រទេសសមាជិក អាស៊ានដទៃទៀត ដែលឯកឧត្តមបានអញ្ជើញបំពេញទស្សនកិច្ចកន្លងទៅ បានធ្វើការវាយតម្លៃដូច គ្នាថា កម្ពុជាបានបំពេញការងារយ៉ាងល្អប្រសើរក្នុងការពង្រឹងអាស៊ាន ទោះបីជាតួនាទីនេះមានការ លំបាកជាច្រើនក៏ដោយ។ លើសពីនេះ ឯកឧត្តម ដាតុ ស៊េរី អាន់វ៉ា ប៊ីន អ៊ីប្រាហ៊ីម បានកោតសរសើរ កម្ពុជា ដែលគោរពជនជាតិភាគតិច រួមទាំងសហគមន៍មូស្លីមផងដែរ។

នាយករដ្ឋមន្ត្រីទាំងពីរក៏បានធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគ
យល់គ្នាចំនួនពីរ ស្តីពីការជ្រើសរើស ការប្រើប្រាស់ និងការធ្វើមាតុភូមិនិវត្តន៍របស់ពលករ និងពលករ ការងារផ្ទះ។
ក្នុងថ្ងៃដដែលនោះ ឯកឧត្ដម ដាតុ ស៊េរី អាន់វ៉ា ប៊ីន អ៊ីប្រាហ៊ីម ក៏បានចូលរួមជាមួយសម្ដេច តេជោនាយករដ្ឋមន្ត្រី ក្នុងពិធីលៀងសាយភោជន៍ស្រាយបួសរបស់សាសនិកអ៊ីស្លាម និងចូលរួមពិធី ថ្វាយបង្គំព្រះ ជាមួយបញ្ញវន្តមូស្លីម និងសហគមន៍មូស្លីមនៅកម្ពុជា ផងដែរ។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានទទួលដោយសេចក្ដីសោមនស្សរីករាយ នូវការអញ្ជើញទៅ បំពេញទស្សនកិច្ចផ្លូវការ នៅម៉ាឡេស៊ីរបស់ឯកឧត្តម ដាតុ ស៊េរី អាន់វ៉ា ប៊ីន អ៊ីប្រាហ៊ីម នៅពេលវេលាសមស្រប៕

អត្ថបទដែលជាប់ទាក់ទង