សារអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ស្តីពីការធ្វើជំរឿនកសិកម្មនៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២៣
ភ្នំពេញ ៖ សារអំពាវនាវរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ស្តីពីការធ្វើជំរឿនកសិកម្មនៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២៣ ។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ជម្រាបថា ជំរឿនកសិកម្មនៅព្រះរាជាណាចក្រកម្ពុជា នឹងត្រូវធ្វើ ចាប់ពីថ្ងៃទី១ ខែមេសា ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣ នេះគឺជាជំរឿនកសិកម្មលើកទី២នៅព្រះរាជាណាចក្រកម្ពុជាស្របតាមច្បាប់ស្តីពីស្ថិតិ ដែលបានកំណត់នូវកាតព្វកិច្ចរបស់ម្ចាស់អង្គភាពកសិកម្មទាំងអស់ មានជាអាទិ៍ សហគ្រាសកសិដ្ឋានកសិកម្ម និង គ្រួសារកាន់កាប់កសិកម្មនីមួយៗ ត្រូវចូលរួមសហការក្នុង ការផ្តល់ព័ត៌មានទិន្នន័យដល់មន្ត្រីជំរឿនកសិកម្ម។
ទន្ទឹមនឹងនេះ សម្តេចតេជោ សូមបញ្ជាក់ថា ជំរឿនកសិកម្មមានគោលបំណងទទួលបាននូវព័ត៌មានសំខាន់ៗ វិស័យកសិកម្មស្តីពីស្ថានភាពកសិកម្ម ដើម្បីធ្វើជាមូលដ្ឋានទិន្នន័យគ្រឹះ សម្រាប់រៀបចំគោលនយោបាយ យុទ្ធសាស្ត្រផែនការ សកម្មភាព និងគម្រោងកម្មវិធីនានា ដើម្បីជំរុញកិច្ចអភិវឌ្ឍវិស័យកសិកម្ម សេដ្ឋកិច្ច សង្គមកិច្ច និងសុខុមាលភាពប្រជាជន។
ជំរឿនកសិកម្ម គឺជាការងារដ៏ធំជាប្រវត្តិសាស្ត្រ និងមានសារៈសំខាន់សម្រាប់ប្រទេសជាតិ ហើយក៏ ជាការងារស្ថិតិជាតិនៃព្រះរាជាណាចក្រកម្ពុជា ដែលនាំមកនូវព័ត៌មានទិន្នន័យទាំងឡាយរបស់សហគ្រាស កសិដ្ឋានកសិកម្ម និងគ្រួសារកាន់កាប់កសិកម្មគ្រប់ប្រភេទ និងគ្រប់ទំហំខ្នាតទាំងអស់។ ដូច្នេះហើយ ប្រទេស ជាច្រើននៅលើពិភពលោក គឺសុទ្ធតែមានការចាំបាច់ក្នុងការធ្វើជំរឿនកសិកម្ម ក្នុងនោះប្រទេសដែលមាន សុខសន្តិភាព ស្ថិរភាពនយោបាយ អាចដំណើរការ និងការប្រព្រឹត្តទៅនៃជំរឿនកសិកម្មបានល្អ។ លទ្ធផល ទិន្នន័យដែលបានមកពីជំរឿនកសិកម្ម នឹងត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយ នៅក្នុងវិស័យសាធារណៈនិងវិស័យឯកជន។
ជាថ្មីម្តងទៀត សម្តេចនាយករដ្ឋមន្រ្តី សូមអំពាវនាវម្ចាស់សហគ្រាសកសិដ្ឋានកសិកម្ម និង គ្រួសារកាន់កាប់កសិកម្មគ្រប់ប្រភេទទាំងអស់ សូមចូលរួមគាំទ្រការងារនេះ និង សូមផ្ដល់ព័ត៌មានទិន្នន័យ តាមសំណួរសម្ភាសន៍ឱ្យបានពេញលេញ ត្រឹមត្រូវ និងស្មោះត្រង់ ជូនដល់មន្ត្រីជំរឿនកសិកម្ម ដើម្បីបង្កើត បាននូវស្ថិតិល្អ ពីព្រោះស្ថិតិល្អបង្កើតបាននូវគោលនយោបាយល្អ ហើយគោលនយោបាយល្អនឹងជំរុញការ
អភិវឌ្ឍប្រទេសជាតិយើងបានជឿនលឿនរីកចម្រើន។
ក្រសួងផែនការ បានចេញផ្សាយព័ត៌មានស្ដីពីជំរឿនកសិកម្ម៖ ជំរឿនកសិកម្មត្រូវបានធ្វើឡើងរៀងរាល់ ១០ ឆ្នាំម្ដង ដោយផ្អែកលើមូលដ្ឋានច្បាប់ស្តីពីស្ថិតិក្រោមមាត្រា ៦ ៧ ៨ និងអនុក្រឹតលេខ ៧៣ អនក្រ.បក ចុះថ្ងៃទី ៨ ខែ មេសា ឆ្នាំ ២០២២ ស្ដីពីការកំណត់កាលបរិច្ឆេទ ការរៀបចំ និងការប្រព្រឹត្តទៅនៃជំរឿនកសិកម្មនៅព្រះរាជាណាចក្រកម្ពុជាឆ្នាំ ២០២៣ ។
ដូច្នេះសូមម្ចាស់សហគ្រាសកសិដ្ឋាន អ្នកគ្រប់គ្រង និងគ្រួសារកសិករទាំងអស់ចាំបាច់ត្រូវតែចូលរួមផ្ដល់ព័ត៌មានដ៏ជាក់លាក់ដល់មន្រ្តីជំរឿន។
ចំពោះព័ត៌មានផ្ទៃក្នុងដូចជា ទ្រព្យសម្បត្តិ និងទំហំផ្ទៃដីជាដើម ត្រូវបានរក្សាទុកជាការសម្ងាត់ ពោលគឺមានតែមន្ត្រីដែលមានកាតព្វកិច្ចតែប៉ុណ្ណោះ ដែលមានសិទ្ធិត្រួតពិនិត្យរាល់សៀវភៅ បញ្ជី និងសំណៅកត់ត្រា បន្ថែមពីនេះទៀតទិន្នន័យដែលទទួលបានពីប្រជាជន នឹងត្រូវបានប្រើប្រាស់សម្រាប់តែការងារស្ថិតិតែប៉ុណ្ណោះ គ្មានការទាក់ទងជាមួយការងារពន្ធដារនោះទេ។
សូមត្រៀមខ្លួនឱ្យបានរួចរាល់ដើម្បីចូលរួមក្នុងយុទ្ធនាការជំរឿនកសិកម្មនេះទាំងអស់គ្នា៕