ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មកដល់ពេលនេះស្ថានីយប្រព្រឹត្តកម្ម សំណល់ភក់បង្គន់ដំបូងនៅភ្នំពេញ សាងសង់បាន៩០ភាគរយហើយ ដោយគ្រោងសម្ពោធនាពេលខាងមុខ

48

 

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣នេះ គណៈកម្មការគ្រប់គ្រងគម្រោងដឹកនាំដោយលោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ និងជាអនុប្រធានប្រចាំការគណៈកម្មការ លោក ហួត ហៃ និងលោក ស៊ុយ សេរិទ្ធ អភិបាលរងរាជធានីភ្នំពេញ និងជាអនុប្រធានគណៈកម្មការ បានដឹកនាំក្រុមការងារជំនាញចុះត្រួតពិនិត្យបច្ចេកទេស និងវឌ្ឍនភាពការងារស្ថាបនាស្ថានីយប្រព្រឹត្តកម្មសំណល់ភក់បង្គន់ ដែលមានទីតាំងស្ថិតនៅក្នុងសង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ។

មន្ត្រីជំនាញឱ្យដឹងថា៖គម្រោងស្ថានីយប្រព្រឹត្តកម្មសំណល់ភក់បង្គន់ជំហានទី១ នៅរាជធានីភ្នំពេញនេះ សម្រេចបានលទ្ធផលតាមការគ្រោងទុកប្រមាណ ៩០ភាគរយហើយ ដែលនឹងឈានទៅសម្រេចការសាងសង់ ១០០ភាគរយ នៅចុងខែមេសាខាងមុខនេះ។

ក្នុងឱកាសនោះលោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញបាន គួរ បញ្ជាក់ ថា គម្រោងគ្រប់គ្រងសំណល់ភក់បង្គន់នេះ មានគោលបំណងចូលរួមលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញតាមរយៈសកម្មភាពសំខាន់ៗ ចំនួន ៣រួមមាន៖

*ទី១៖ ការគ្រប់គ្រងសំណល់ភក់បង្គន់បានត្រឹមត្រូវ ដែលនឹងធ្វើឱ្យគុណភាពប្រឡាយទឹកកខ្វក់នៅក្នុងរាជធានីភ្នំពេញបានល្អប្រសើរជាងមុន ពី ព្រោះ កន្លង មក បងប្អូន មួយ ចំនួន បាន យក សំណល់ នេះ ទៅចាក់ ពាសវាលពាសកាល នៅតាម ប្រ ឡាយ ក្នុង រាជធានី ភ្នំពេញ
*ទី២៖ ការបង្កើតការងារ និងកែច្នៃសំណល់ភក់បង្គន់ទៅជាជីសិរីរាង្គ កាត់បន្ថយការប្រើប្រាស់ជីគីមី
*ទី៣៖ ការលក់ជីសិរីរាង្គដែលផលិតបានទៅក្នុងទីផ្សារកសិកម្ម។

រដ្ឋបាលរាជធានីភ្នំពេញគ្រោងដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការស្ថានីយនេះ នៅពាក់កណ្តាលខែឧសភាខាងមុខ ស្របពេលនឹងកិច្ចប្រជុំប្រចាំឆ្នាំរបស់បណ្តាញទីក្រុងជាសមាជិកនៃសមាគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ ភាសាបារាំង (AIMF) ប្រចាំតំបន់អាស៊ីអាគ្នេយ៍ ដែលមានទីស្នាក់ការនៅសាលារាជធានីភ្នំពេញផ្ទាល់។

សូមជម្រាបថា គម្រោងជំហានទី១នេះ ជាហិរញ្ញប្បទានរួមរវាងរដ្ឋបាលរាជធានីភ្នំពេញ និងសមាគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំង (AIMF) ព្រមទាំងដៃគូ ដែលមានទំហំទឹកប្រាក់សរុបប្រមាណជាង ៣ លានអឺរ៉ូ។ គម្រោងនេះត្រូវបានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ កន្លងទៅ ក្រោមអធិបតីភាពលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក ព្យែរ ប៊ៃយ៉េ (Pierre BAILLET) លេខាធិការអចិន្ដ្រៃយ៍សមាគម AIMF។

លោកបន្តថា៖ការសាងសង់ស្ថានីយប្រព្រឹត្តកម្មនេះទៀតសោត ជាការអនុវត្តតាម «យុទ្ធសាស្ត្រគ្រប់គ្រងសំណល់ភក់បង្គន់ នៅរាជធានីភ្នំពេញ ឆ្នាំ២០៣៥» ដែលបានចាប់ផ្តើមសិក្សាកាលពីឆ្នាំ២០១៨ តាមរយៈជំនួយបច្ចេកទេសមួយរបស់សមាគម AIMF។

ដោយសង្កេតឃើញពីភាពជោគជ័យ នៃការដ្ឋានជំហានទី១នេះ រដ្ឋបាលរាជធានីភ្នំពេញសង្ឃឹមយ៉ាងមុតមាំ ទៅលើលទ្ធភាពក្នុងការកៀរគរហិរញ្ញប្បទានបន្ថែម ដើម្បីសាងសង់ស្ថានីយប្រព្រឹត្តកម្មជាបន្តបន្ទាប់ទៀត ទៅតាមផែនការ សំដៅចូលរួមលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ៕

អត្ថបទដែលជាប់ទាក់ទង