ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក ហ៊ុន ម៉ានី អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវកៅស៊ូ១៤ខ្សែប្រវែងជាង១៦៥គីឡូម៉ែត្រចំណាយថវិកាប្រមាណជាង១៥លានដុល្លារនៅខេត្តកំពង់ស្ពឺ

25

កំពង់ស្ពឺ៖ លោក ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ស្ពឺនិងជាប្រធានគណះកម្មាធិការទី៧នៃរដ្ឋសភា បានអញ្ជើញជាអធិបតីភាពសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវក្រាលកៅស៊ូផ្លូវបេតុងចំនួន១៤ ខ្សែ ប្រវែង ១៦៥.៦៣គីឡូម៉ែត្រ ស្ថិតនៅភូមិសេរីវ័ន្ត ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣។

លោក ហ៊ុន ម៉ានី បានលើកឡើងថា ការដាក់សម្ពោធឱ្យប្រើប្រាស់ផ្លូវ ១៦៥,៦៣គីឡូម៉ែត្រ ក្នុងខេត្តកំពង់ស្ពឺ ក្រោមគម្រោងសាងសង់របស់ក្រសួងអភិវឌ្ឍន៍ជនបទ ជំហានទី២ នេះគឺជាកិច្ចខិតខំប្រឹងប្រែងថ្មីមួយទៀតរបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ ប្រជាពលរដ្ឋក្នុងខេត្ត ដែលបានចូលរួមអភិវឌ្ឍន៍សមិទ្ធផលថ្មីៗប្រកបដោយការទទួលខុសត្រូវខ្ពស់។ ជាងនេះទៅទៀតរាល់សមិទ្ធិផល ទាំង អស់នៅក្នុងខេត្តកំពង់ស្ពឺគឺកើតចេញ ពីតម្លៃ នៃ សន្តិភាពនិងស្ថេរភាពនយោបាយ។ ចំពោះសមិទ្ធិផលថ្មីដែលបាននិងកំពុងសម្ពោធដាក់ឱ្យប្រើប្រាស់និងបម្រើដល់ផលយោជន៍ប្រជាពលរដ្ឋទូទៅ។

អ្នកតំណាងរាស្ត្រ ហ៊ុន ម៉ានី បន្តទៀតថា តាមរយៈនៃគម្រោងកែលម្អផ្លូវជនបទគឺពិតជាបានចូលរួមក្នុងការអភិវឌ្ឍនិងជំរុញកំណើនសេដ្ឋកិច្ច សង្គមកិច្ច និងកាត់ បន្ថយភាពក្រីក្រនៅកម្ពុជាពិសេសប្រជាជនដែលរស់នៅតាមបណ្តោយផ្លូវទាំងអស់ព្រមទាំងអ្នកធ្វើដំណើរទទួលបាននូវការកាត់បន្ថយក្នុងកម្រិតអតិបរមាពីការប៉ះពាល់ដល់សុខភាព។ ជាងនេះទៅទៀតគម្រោងក៏បានផ្តល់នូវកាលានុវត្តយ៉ាងច្រើន ក្នុងការអភិវឌ្ឍលើវិស័យកសិកម្ម ឧស្សាហកម្ម អប់រំ ទេសចរណ៍ សុខាភិបាល និងសេវាសង្គមផ្សេងៗទៀត មិនតែប៉ុណ្ណោះប្រជាពលរដ្ឋនៅជន បទអាចទទួលបានផលដោយផ្ទាល់ពីគម្រោងនេះដោយអាចធ្វើដំណើរបានគ្រប់រដូវកាលទៅកាន់ទីកន្លែងផ្សេងៗ និងការដឹកជញ្ជូនកសិផលរបស់ពួកគាត់ទៅកាន់ទីផ្សារដើម្បីលក់ដូររកប្រាក់ចំណូលបន្ថែមបង្កើតឡើងនូវកាលា នុវត្តភាពសង្គម សេដ្ឋកិច្ចនៅតំបន់ជនបទនិងជំរុញការធ្វើសមាហរណកម្មរវាងទីក្រុងនិងជនបទឱ្យកាន់តែមានលក្ខណៈល្អប្រសើរឡើង សំដៅពង្រីកវិសាលភាពនិងកែលម្អគុណភាព សេវាសាធារណៈនៅតំបន់ជនបទ។

ជាងនេះទៀតលោកហ៊ុន ម៉ានី បានបញ្ជាក់បន្ថែមថា ការអភិវឌ្ឍប្រទេសជាតិ ពិសេសក្នុងខេត្តកំពង់ស្ពឺយើងនេះ គឺជាមាគ៌ាក្នុងការបំពេញភារកិច្ចកាតព្វកិច្ចរបស់គណ បក្សប្រជាជនកម្ពុជាគឺបម្រើជាតិនិងប្រជាជន តាមរយៈយុទ្ធសាស្រ្តនិងគោលនយោបាយរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានធ្វើអោយអ្នកវិនិយោគជឿជាក់និងដាក់ទុនវិនិយោគនៅកម្ពុជា។ ជា មួយគ្នានេះលោកក៏បានរំលេចផងដែរក្នុងនាមជាយុវជន អ្នកបន្តវេន យើងមិនគួរបំភ្លេចសោកនាដកម្មនោះឡើយ យើងគប្បីមើលត្រឡប់ទៅអតីតកាល និងសិក្សារៀន សូត្រពីប្រវត្តិសាស្រ្ត និងធ្វើសកម្មភាព ការងារសព្វថ្ងៃដើម្បីយុវជន និងកូនចៅជំនាន់ក្រោយ។

ជាមួយនិងការដាក់សម្ពោធសមិទ្ធិផលផ្លូវ១៤ខ្សែ មានប្រវែងជាង១៦៥គីឡូម៉ែត្រនេះ អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ សប្បុរសជន ដែលតែងតែគិតគូរពីប្រជា ពលរដ្ឋ និងបានខិតខំកសាងសមិទ្ធផលនានាជូនដល់ប្រជាជនជាហូហែរ។ តាម រយៈ សមិទ្ធិ ផល ទាំង ឡាយ ខាង លើ នេះ យើង ក៏មិន អាច បំភ្លេច បាន នូវ តម្លៃ នៃ សន្តិភាពនោះឡើយ ហើយតាមរយៈសន្តិភាពដែលយើងថែរក្សាបាន យើងនឹងអាចទទួលបាននូវសមិទ្ធផលថ្មីៗជាបន្តបន្ទាប់ទៀតក្រោមកិច្ចដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន។
សូមបញ្ជាក់ថា៖ ក្នុងក្របខ័ណ្ឌខេត្តកំពង់ស្ពឺ ក្រសួងអភិវឌ្ឍន៍ជនបទបានសាងសង់ផ្លូវសរុបចំនួន ១៤ ខ្សែ ប្រវែង ១៦៥.៦៣ គីឡូម៉ែត្រ (ផ្លូវក្រាលកៅស៊ូ DBST ១៥៣.២៥ គីឡូម៉ែត្រ និងផ្លូវក្រាលកៅស៊ូ ផ្លូវបេតុង ១២. ៣៨ គីឡូម៉ែត្រ) ឆ្លងកាត់ ២៥ ឃុំ និង ៦ស្រុក សរុបថវិកា ១៥,១៥៤,០០០ (ដប់ប្រាំលានមួយរយហាសិបបួនពាន់) ដុល្លារអាមេរិក៕ សំរិត

អត្ថបទដែលជាប់ទាក់ទង