ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងសុខាភិបាល និងអាជ្ញាធររាជធានី ជម្រុញអោយការសាងសង់ មន្ទីរពេទ្យជាតិ តេជោសន្ដិភាព រួចរាល់ទៅតាមផែនការ

155

 

ភ្នំពេញ៖ ក្រសួងសុខាភិបាលនិងអាជ្ញាធររាជធានីភ្នំពេញ បានជម្រុញអោយក្រុមហ៊ុន ដែលទទួលម៉ៅការ សាងសង់ មន្ទីរពេទ្យជាតិ តេជោសន្ដិភាព ពន្លឿនការសាងសង់អោយបានលឿន ពោលគឺធ្វើយ៉ាងណាអោយរួចរាល់ទៅតាមផែនការដែលបានគ្រោងទុក។
ការជម្រុញបែបនេះ បានធ្វើឡើងនារសៀលថ្ងៃទី០៦ មេសា ឆ្នាំ២០២៣នេះ ខណៈដែល លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ
ចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់ មន្ទីរពេទ្យជាតិ តេជោសន្ដិភាពនេះជាថ្មីម្តងទៀត ដើម្បីជំរុញការសាងសង់មន្ទីរពេទ្យនេះឲ្យបានលឿន ទៅតាមអ្វីដែលបានគ្រោងទុក ពិសេសចំពោះកិច្ចដែលនៅសេសសល់មួយចំនួន។
ក្រៅពីការដើរពិនិត្យដោយផ្ទាល់ហើយនោះ លោករដ្ឋមន្ត្រីក្រសួងសុខាភិបាល និងលោក អភិបាលរាជធានីភ្នំពេញ ក៏បានបើកកិច្ចប្រជុំនៅក្នុងទីតាំងនៃមន្ទីរពេទ្យនេះផងដែរ ដើម្បីរិះរកគ្រប់វិធីសាស្ត្រធ្វើយ៉ាងណាអោយសំណង់ដ៏សំខាន់មួយនេះបានរួចរាល់ទៅតាមគម្រោងដែលគ្រោងទុក ពិសេសអគារH3 ដែលជាអគារសម្រាប់វះកាត់និងព្យាបាលជម្ងឺកីឡាករ កីឡាការិនីដែលរងរបួស ក្នុងព្រឹត្តិការណ៍កីឡា ស៊ីហ្គេមលើកទី ៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ នៅឆ្នាំ ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ តាមបទបញ្ជារបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន គឺធ្វើយ៉ាងណាឲ្យក្រសួងសុខាភិបាលរៀបចំបន្ទប់វះកាត់និងព្យាបាលជំងឺH3នេះអោយបានរួចរាល់នៅមុន ការប្រកួតកីឡា ស៊ីហ្គេមលើកទី ៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ខាងមុខនេះ។
មន្ទីរពេទ្យជាតិ តេជោសន្ដិភាពនេះ ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញធ្វើពិធីក្រុងពាលីតាមបែបសាសនា សុំម្ចាស់ទឹកម្ចាស់ដី ដើម្បីសាងសង់ កាលពីរសៀលថ្ងៃទី១៤កុម្ភៈ ឆ្នាំ២០២២ ក្រោមវត្តមានលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ , លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកស្រី ។
មន្ទីរពេទ្យជាតិ តេជោសន្ដិភាព មាន អគារសម្រាកព្យាបាល និងសង្គ្រោះបន្ទាន់ (E) អគារសម្រាកព្យាបាលកម្រិតធ្ងន់ (H1 និង H2) អគារសម្រាកព្យាបាលកម្រិតស្រាល (H3, H4, H5, H6 និង H7) ។ សរុបចំនួនគ្រែអ្នកជំងឺពីអគារ ( H1 ដល់ H7) ទាំងអស់
មានប្រមាណ១ម៉ឺនគ្រែ ជាមួយនិងអគារបច្ចេកទេស (T) ។ មណ្ឌលនេះ មានចំណតរថយន្ត (P)
សួនច្បារ (G3) មានសួនបៃតង អគារផ្គត់ផ្គង់ និងពត៌មាន (A) អគារស្នាក់នៅសម្រាប់បុគ្គលិក (S) ។សម្រាប់អគារ A, S, E, H1,H2,H3,H4,H5,H6,H7, T1,T2 ដែលអគារនីមួយៗសុទ្ធតែមានមុខងារសំខាន់ៗជាពិសេស អគារ T1,T2 ។មន្ទីរពេទ្យជាតិ តេជោសន្ដិភាពនេះ ស្ថាបនាដោយក្រុមហ៊ុន ស៊ីជេអុីស៊ី CJEC.co,Ltdសហការជាមួយសាលារាជធានីភ្នំពេញ។
មន្ទីរពេទ្យជាតិដ៏ធំមួយនេះ គ្រោងនឹងបញ្ចប់ការសាងសង់រួចជាស្ថាពរ និងដាក់ឱ្យដំណើរការជាផ្លូវការ នៅខែមិថុនា ឆ្នាំ២០២៣។ មន្ទីរពេទ្យជាតិ តេជោសន្ដិភាពនេះ នឹងក្លាយជាមន្ទីរពេទ្យជាតិធំជាងគេនៅប្រទេសកម្ពុជា ដែលនឹងផ្ដល់នូវសេវាគ្រប់ផ្នែកទាំងអស់ជូនប្រជាពលរដ្ឋទូទាំងប្រទេស ជាពិសេសអ្នកជំងឺទាំង១៤ខណ្ឌ នៅរាជធានីភ្នំពេញ ព្រមទាំងអ្នកជំងឺដែលមកពីខេត្ដកណ្ដាល និងកំពង់ស្ពឺ ជាព្រំប្រទល់ជាប់រាជធានីភ្នំពេញ។ក្នុងករណីដែលមានជំងឺឆ្លងលក្ខណៈទ្រង់ទ្រាយធំ គឺមន្ទីរពេទ្យជាតិដ៏ធំមួយនេះ អាចមានលទ្ធភាព ក្នុងការទទួលអ្នកជំងឺដោយមិនមានការព្រួយបារម្ដនោះទេ មន្ទីរពេទ្យនេះបំពាក់សម្ភារៈបរិក្ខារវេជ្ជសាស្ត្រទំនើបៗស្របតាមលក្ខណៈស្តង់ដា»។
អគារសម្រាប់មន្ទីរពេទ្យជាតិ តេជោសន្ដិភាពនេះ នឹងត្រូវសាងសង់ឲ្យបានរួចរាល់ក្នុងរយៈ ពេល១ឆ្នាំ ដើម្បីបំពេញតំរូវការចាំបាច់ក្នុងការព្យាបាលជំងឺជូនប្រជាពលរដ្ឋ។ ការចាប់ផ្តើមដំណើរការសាងសង់មន្ទីរពេទ្យជាតិ តេជោសន្ដិភាពនេះ ពិតជាបានបង្ហាញឲ្យឃើញពី ការគិតគូរបស់អាជ្ញាធររាជធានីភ្នំពេញតាមការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន ដើម្បីផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋ៕

អត្ថបទដែលជាប់ទាក់ទង