ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បុគ្គលិកធនាគារម្នាក់ បាញ់សម្លាប់មិត្តរួមការងារ ៥នាក់ នៅឯទីក្រុង Louisville សហរដ្ឋអាមេរិក

99

ល្វីសវីល៖ បុគ្គលិកធនាគារម្នាក់មានអាយុ ២៣ឆ្នាំ និងប្រដាប់ដោយកាំភ្លើងវែងមួយដើម បានបាញ់សម្លាប់មិត្តរួមការងាររបស់ខ្លួន ៥នាក់ ហើយ៩នាក់ផ្សេងទៀតរងរបួស នៅឯកន្លែងធ្វើការ ក្នុងទីក្រុង ល្វីសវីល (Louisville) នៃរដ្ឋ ខេនថាក់គី (Kentucky) សហរដ្ឋអាមេរិក កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១១ ខែមេសា ឆ្នាំ២០២៣។

បើតាមប៉ូលិសក្នុងទីក្រុង ល្វីសវីល ខ្មាន់កាំភ្លើងខាងលើក៏បានផ្សាយបន្តផ្ទាល់នូវសកម្មភាពបាញ់ប្រហាររបស់ខ្លួន នៅលើបណ្ដាញទំនាក់ទំនងសង្គមផងដែរ។ ប៉ូលិសឱ្យដឹង ទៀតថាខ្មាន់កាំភ្លើងបានស្លាប់នៅកន្លែងកើតហេតុ តែមិនទាន់មានការបញ្ជាក់ឱ្យច្បាស់ថាតើរូបគេបានបាញ់សម្លាប់ខ្លួនឯង ឬក៏ត្រូវបានប៉ូលិសបាញ់សម្លាប់ ហើយក៏មិនទាន់មាន ការបញ្ជាក់ពីមូលហេតុបណ្ដាលឱ្យមានការបាញ់ប្រហារនេះកើតឡើង ឬក៏យ៉ាងណានោះទេ ខណៈនេះជាការបាញ់សម្លាប់រង្គាលមនុស្សចុងក្រោយបំផុតមួយនៅក្នុង សហរដ្ឋអាមេរិក។

គួរបញ្ជាក់ថា ប៉ូលិសក្នុងទីក្រុង ល្វីសវីល បានបញ្ជាក់អត្តសញ្ញាណខ្មាន់កាំភ្លើងជាបុរសខាងលើមានឈ្មោះថា ខនន័រ ស្ទ័រជិន (Connor Sturgeon) ដែលបានចូលបម្រើការ ក្នុងសាខាមួយនៃធនាគារ Old National Bank នាមជាបុគ្គលិកពេញម៉ោងកាលពីឆ្នាំ២០២២៕

អត្ថបទដែលជាប់ទាក់ទង