ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្តមបណ្ឌិត ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ ជួបប្រតិភូ ក្រុមហ៊ុនរោងចក្រឧស្សាហកម្មផលិតគ្រឿងបង្គុំរថយន្តនៅកម្ពុជា

87

 

ភ្នំពេញ ៖ ឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានទទួលជួប ប្រតិភូក្រុមហ៊ុនរោងចក្រ YURA Harness(Cambodia) Co,Ltd ដឹកនាំដោយលោក Ohm Dae Yoel ជាអគ្គនាយកក្រុមហ៊ុន និងសហការី ដើម្បី សម្ដែង ការគួរសម និងពិភាក្សាការងារ ទាក់ទងនឹងឱកាសវិនិយោគក្នុងវិស័យឧស្សាហកម្មផលិតគ្រឿងបង្គុំរថយន្ត និងការបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍនៅកម្ពុជា នៅរសៀលថ្ងៃទី២៧ ខែ មេសា ឆ្នាំ ២០២៣ ។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ បានសម្តែងសាទរចំពោះគោលគំនិតខាងលើ ដែលជាវិស័យមានសារ:សំខាន់ ហើយរាជរដ្ឋាភិបាលក៏មានការលើកទឹកចិត្តផងដែរ ។ ទាក់ទងនឹងបង្កើតមជ្ឈមណ្ឌល ស្រាវជ្រាវ និងអភិវឌ្ឍន៍ ឯកឧត្ដម កិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី សូមគាំទ្រ និងលើកទឹកចិត្ត ពីព្រោះជាយន្តការសហការដ៏ល្អ ជាមួយរាជរដ្ឋាភិបាល ដែលកំពុងដំណើរការឆ្លងអនុក្រឹត្យស្តីពីការស្រាវជ្រាវ និងអភិវឌ្ឍនេះ ។ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី សូមស្នើឲ្យភាគីកូរ៉េ ដែលជាប្រទេសមានបទពិសោធន៍លើការងារនេះ ធ្វើការសហការជាមួយមន្ត្រីជំនាញរបស់ក្រសួងដើម្បីផ្លាស់ប្តូរបទពិសោធន៍ និងបច្ចេកទេស ដើម្បី ជុំរុញឲ្យយន្តការនៃការបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍ ទាំងវិស័យសាធារណៈ និងឯកជន មានដំណើរការ ទៅមុខជាមួយគ្នា ដែលជាឧបករណ៍ដ៏សំខាន់សម្រាប់ជួយជុំរុញការអភិវឌ្ឍធនធានមនុស្ស និងពង្រឹងសមត្ថភាពស្ថាប័ននៅកម្ពុជា ។

លោក Ohm Dae Yoel អគ្គនាយកក្រុមហ៊ុនYURA Harness(Cambodia) Co,Ltd កូរ៉េបានជម្រាបជូនថា៖ ដោយមើលឃើញពីស្ថានភាព អំណោយផលសក្តានុពលសេដ្ឋកិច្ច ធនធាន និងទឹកចិត្តការងាររបស់ប្រជាជនកម្ពុជា ក្រុមហ៊ុន របស់លោកបានសម្រេចចិត្តបង្កើតរោងចក្រផលិតគ្រឿងបង្គុំផ្នែកខ្សែអគ្គិសនីរថយន្តនៅកម្ពុជា ដែលមានទីតាំងនៅភូមិទួលធ្នង់ សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ជាសាខារោងចក្រទីមួយនៅកម្ពុជា ក្នុងចំណោម រោងចក្រទាំង៧១ របស់ YURA Group ជុំវិញ ពិភពលោក ។ ក្នុងនោះ នៅតំបន់អាស៊ីអាគ្នេយ៍មានសាខាចំនួន១៤ រោងចក្រ ។ វៀតណាមមានចំនួន ១២ នៅឥណ្ឌូនេស៊ី ចំនួន ១ និងនៅកម្ពុជាចំនួន១ ជាលើកដំបូង ។ ទន្ទឹមនឹងនេះ ក្រុមហ៊ុន មានបំណងបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវ និង អភិវឌ្ឍន៍ ដើម្បី រួមចំណែកជាមួយ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការ អភិវឌ្ឍវិស័យ វិទ្យាសាស្ត្រ បច្ចេកវិទ្យា ដោយប្រើប្រាស់ធនធាននិស្សិតកម្ពុជា ដែលត្រូវបានចាត់ថ្នាក់ជាធនធានមានសក្តានុពល ។ ដោយឡែកនៅចំពោះ មុខនេះ ក្រុមហ៊ុន ក៏មានតម្រូវការធនធានមនុស្សកម្ពុជាផ្នែកវិស្វកម្ម ដើម្បីបំពេញតម្រូវការក្នុងចក្រ ដែលលោកអគ្គនាយកស្នើសុំអនុសាសន៍ណែនាំមួយចំនួនពីឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី ផងដែរ ។

ជាការឆ្លើយតប ឯកឧត្ដម កិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ ស្នើឲ្យក្រុមហ៊ុន ធ្វើបញ្ជីពីតម្រូវការជាក់ស្តែង នូវជំនាញវិស្វកម្ម និងបច្ចេកទេសអ្វីខ្លះ? ដើម្បី ក្រសួងសហការសម្របសម្រួលជូន ពីព្រោះក្រសួងមានអគ្គនាយក និងវិទ្យាស្ថាន វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជាសេនាធិការ ព្រមទាំងដៃគូសហការ តាមរយ:អនុស្សរណៈ យោគយល់គ្នាជាច្រើន ដែលយើងអាចស្វែងរកបាននូវធនធានមនុស្ស មកបម្រើការក្នុងក្រុមហ៊ុនតាមលក្ខណ:បានភ្លាមៗ ឬក៏យើងជ្រើសរើសធនធានមនុស្ស ដែលមានសក្តានុពលស្រាប់ រួចយកមកបណ្តុះបណ្តាលបន្ថែមរយ:ពេលខ្លី និងមធ្យម ទាំងក្នុង និងក្រៅប្រទេសដើម្បីឲ្យត្រូវមុខជំនាញរបស់ក្រុមហ៊ុនតែម្តង ដូចដែលក្រុមហ៊ុនអេឡិចត្រូនិកជប៉ុន ធ្លាប់បានធ្វើជោគជ័យរួចមកហើយ នៅកម្ពុជា ៕

អត្ថបទដែលជាប់ទាក់ទង