ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលរាជធានីភ្នំពេញចេញលិខិតអបអរសាទរ និងជូនពរ សម្តេចតេជោ ហ៊ុន សែន នាឱកាសដែលសម្ដេច ទទួលបាននូវគោរមងារកិត្តិយស “ពុទ្ធមាមកាភិបាល” ពីអង្គការពុទ្ធសាសនិកពិភពលោក និង “បណ្ឌិតកិត្តិយស ផ្នែកមនុស្សសាស្រ្ត”

84

 

ភ្នំពេញ ៖ ក្នុងនាមក្រុមប្រឹក្សារាជធានី គណៈអភិបាលរាជធានី មន្ត្រីរាជការ កងកម្លាំង ប្រជាពលរដ្ឋទាំងអស់ក្នុងរាជធានីភ្នំពេញ និងក្នុងនាមខ្ញុំបាទផ្ទាល់ ពិតជាមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង និងសូមសម្ដែងនូវអំណរសាទរប្រកបដោយក្តី រំភើបឥតឧបមា គោរពជូនចំពោះ សម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា នាឱកាសដែលសម្ដេចទទួលបាននូវគោរមងារកិត្តិយស “ពុទ្ធមាមកាភិបាល” ពីអង្គការពុទ្ធសាសនិកពិភពលោក និង “បណ្ឌិតកិត្តិយស ផ្នែកមនុស្សសាស្រ្ត” នាថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣ នេះ។

ការទទួលបាននូវគោរមងារ និងបណ្ឌិតកិត្តិយសនេះ គឺពិតជាស័ក្តិសមបំផុតចំពោះគំរូវីរភាព គុណបំណាច់ និងបង្ហាញ ឱ្យឃើញកាន់តែច្បាស់ពីគុណវុឱ្យផ្នែកចំណេះដឹង បទពិសោធន៍ ទេពកោសល្យ ភាពឈ្លាសវៃ និងគតិបណ្ឌិតរបស់ សម្ដេច តេជោនាយករដ្ឋមន្ត្រី ដែលបានដឹកនាំតស៊ូរំដោះប្រទេសកម្ពុជាពីរបបប្រល័យពូជសាសន៍ និងបានខិតខំពុះពារកសាង សន្តិភាព អធិបតេយ្យភាព ការពារបូរណភាពទឹកដី និងខឿនសេដ្ឋកិច្ចជាតិ តាមរយៈការដាក់ចេញនូវនយោបាយ ឈ្នះ-ឈ្នះ” នាំឱ្យប្រជាជាតិ និងប្រជាជនកម្ពុជា ទទួលបាននូវ “សន្តិភាព” ពេញបរិបូរណ៍ និងការអភិវឌ្ឍលើគ្រប់វិស័យ ក្នុងនោះ វិស័យព្រះពុទ្ធសាសនា និងពាហិរសាសនា នៅក្នុងសង្គមកម្ពុជា ក៏បានកកើតឡើងវិញ ក្រោយថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩ ដំណាលៗគ្នា ហើយព្រះពុទ្ធសាសនាបានក្លាយជាសាសនារបស់រដ្ឋ ស្របតាមខ្លឹមសាររដ្ឋធម្មនុញ្ញ និងបានបន្តរីកចម្រើន លូតលាស់ក្រោមដំបូល “សន្តិភាព” រហូតមកដល់ពេលបច្ចុប្បន្ននេះ។

យើងខ្ញុំទាំងអស់គ្នា ពិតជាមានមោទនភាពយ៉ាងក្រៃលែង និងសូមយកឱកាសដ៏វិសេសវិសាលនេះ បួងសួងដល់ គុណបុណ្យព្រះរតនត្រ័យកែវទាំងបី វត្ថុស័ក្កិសិទ្ធិទាំងឡាយក្នុងលោក ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមជួយប្រសិទ្ធពរជ័យបវរសួស្ដី សិរីមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការជូន សម្ដេចតេជោនាយករដ្ឋមន្តី និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារ សូមបានសមប្រកបនូវសុខភាពល្អបរិបូរណ៍ អាយុយឺនយូរ កម្លាំង ខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ ដើម្បីបន្តដឹកនាំ និងអភិវឌ្ឍមាតុភូមិកម្ពុជា ក្នុងបេសកកម្មដ៏ឧត្ដុង្គឧត្តមបម្រើជាតិ និងប្រជាជន កម្ពុជា ព្រមទាំងវិស័យសាសនា ឱ្យកាន់តែរីកចម្រើនឈានឆ្ពោះទៅរកភាពសម្បូរសប្បាយ ជានិច្ចនិរន្តរ៍។
សូម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មេត្តាទទួលនូវភក្ដីភាពដ៏ស្មោះស្ម័គ្រ និងអភិវន្ទនកិច្ចដ៏ខ្ពង់ខ្ពស់បំផុតពីយើងខ្ញុំទាំងអស់គ្នា៕

អត្ថបទដែលជាប់ទាក់ទង