សមត្ថកិច្ចនគរបាលស្រុកព្រៃឈរឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីឃាតកម្ម ដោយទាញកាំបិតខ្វែវ កាប់ទៅលើជនរងគ្រោះ ចំនួន១៥កាំបិត
ខេត្តកំពង់ចាម ៖ កម្លាំងសមត្ថកិច្ចនគរបាលស្រុកព្រៃឈរ កាលពីថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ ២០២៣ បានចុះបង្រ្កាប និង ឃាត់ខ្លួនជនសង្ស័យ ពាក់ព័ន្ធករណីឃាតកម្ម ដោយធ្វើសកម្មភាពទាញកាំបិតខ្វែវ កាប់ទៅលើជនរងគ្រោះ ប្រមាណ១៥កាំបិត បណ្តាលឲ្យស្លាប់យ៉ាងអាណោចអធ័ម ប្រព្រឹត្ត នៅភូមិអូរតានៅ ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។
យោងតាមរបាយការណ៍របស់សមត្ថកិច្ចនគរបាលស្រុកព្រៃឈរ បានឲ្យដឹងថា ជនសង្ស័យត្រូវជាជនដៃដល់មានឈ្មោះ ឈាន់ ផានណា ភេទប្រុស អាយុ ៣១ ឆ្នាំ មានទីលំនៅ ភូមិអូរតានៅ ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។
ចំណែកជនរងគ្រោះឈ្មោះ សុន ស៊ិនហ៊ាន់ ភេទប្រុស អាយុ៤៤ឆ្នាំ រស់នៅភូមិព្រៃទទឹង ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
សមត្ថកិច្ចនគរបាលបានបញ្ជាក់ថា មុនពេលកើតហេតុ ជនរងគ្រោះ បានបើករ៉ឺមក់ម៉ូតូដឹកព្រះសង្ឃមកបិណ្ឌបាតនៅភូមិខាងលើ។ ឆ្លៀតពេលទំនេរ ជនរងគ្រោះក៏មកអង្គុយលេងក្នុងបរិវេណផ្ទះមិត្តភក្តិរបស់ខ្លួនដែលត្រូវជាជនសង្ស័យ ដោយបាននិយាយប្រៀបប្រដៅថា ឯងកុំព្រហើនពេក ត្រូវចេះគោរពឪពុកម្ដាយ ។ គ្រាន់តែជនរងគ្រោះ និយាយដូច្នេះ ធ្វើឱ្យជនសង្ស័យខឹងក៏យកកាំបិតខ្វែវ កាប់ទៅលើជនរងគ្រោះ ប្រមាណជា១៥កាំបិត បណ្ដាលឱ្យជនរងគ្រោះស្លាប់ ភ្លាមៗ រួមព្យាយាមរត់គេចខ្លួន តែគេចមិនផុត ត្រូវបានសមត្ថកិច្ចចាប់ខ្លួនតែម្តង ។
សូមបញ្ជាក់ថា ជនដៃដល់មិនមានបង្កជម្លោះពាក្យសម្ដីជាមួយនឹងជនរងគ្រោះនោះទេ គឺជនដៃដល់ខឹងរឿងប្រដៅ ក៏កើតទៅជាកំហឹងខឹងសម្បាយ៉ាងខ្លាំង ក៏ស្ទុះទៅទាញកាំបិតខ្វែវមកកាប់លើជនរងគ្រោះទាំងកម្រោលតែម្ដង។
បច្ចុប្បន្ន, ជនសង្ស័យខាងលើ ត្រូវបានបញ្ចូនទៅកាន់អធិការដ្ឋាននគរបាលស្រុកព្រៃឈរ ដើម្បី រៀបចំបែបបទ និង កសាងសំណុំរឿង បញ្ជូនបន្តទៅកាន់តុលាការ ចាត់ការតាមនីតិវិធីច្បាប់ ៕