ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន. ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ប៊ុយ ក្វាងហ៊ុយBui Quang Huy លេខា ទី១ នៃមជ្ឈិមសហព័ន្ធយុវជនកុម្មុយនីស្តវៀតណាម ដើម្បីរឹតចំណងមិត្តភាព នៃប្រទេសទាំងពីរ ឲ្យកាន់តែល្អប្រសើរ

48

ភ្នំពេញ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា បានអនុញ្ញាតឲ្យគណៈប្រតិភូយុវជនមជ្ឈិមសហព័ន្ធយុវជនកុម្មុយនីស្តវៀតណាម ដឹកនាំដោយ ឯកឧត្តម ប៊ុយ ក្វាងហ៊ុយBui Quang Huy សមាជិកបំរុង នៃគណ:កម្មធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម លេខាធិការទី១ នៃមជ្ឈិមសហព័ន្ធយុវជនកុម្មុយនីស្តវៀតណាម និងជាប្រធានគណ:កម្មាធិការជាតិស្តីពីយុវជនវៀតណាម ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ នៅវិមាន ៧មករា នាព្រឹក ថ្ងៃពុធ ៥កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹង ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ ។

ក្នុងឱកាសជំនួបនោះ ឯកឧត្តម ប៊ុយ ក្វាងហ៊ុយ (Bui Quang Huy) បានថ្លែងនូវការអបអរសាទរ និងកោតសសើរចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានដឹកនាំប្រទេសឲ្យទទួលបានសុខសន្តិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍលើគ្រប់វិស័យ, ការគ្រប់គ្រងបានយ៉ាងល្អនូវជំងឺកូវីដ-១៩ ដែលធានាបាននូវសុខុមាលភាពប្រជាជន, ការដឹកនាំដោយជោគ ជ័យនូវកិច្ចប្រជុំកំពូលអាស៊ាន, កិច្ចប្រជុំអាយប៉ា ជាពិសេស ការរៀបចំព្រឹត្តិការណ៍ស៉ីហ្គេមលើកទី ៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានយ៉ាងល្អ និងឆ្ពោះទៅរៀបចំការប្រកួតកីឡាប៉ារាហ្គេម នាពេលឆាប់ៗនេះ។

ឯកឧត្តម បានបង្ហាញនូវការបន្តរឹតចំណងមិត្តភាព សាមគ្កីភាព និងកិច្ចសហប្រតិបត្តិការរវាងយុវជននៃប្រទេសទាំងពីរឲ្យកាន់តែមានភាពជិតស្និទ្ធិបន្ថែមទៀត ដើម្បីរឹតចំណងមិត្តភាពនៃប្រទេសទាំងពីរ ។
នៅក្នុងជំនួបនោះ សម្ដេចកិត្តិសង្គហបណ្ឌិត បានថ្លែងនូវការអបអរសាទរ និងស្វាគមន៍ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូក្នុងការប្រារព្ធខួបទី ៥៦ឆ្នាំ នៃថ្ងៃបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។ សម្តេចកិត្តិសង្គបណ្ឌិត ក៏បានថ្លែងនូវការកោតសសើរដល់យុវជនទាំងពីរប្រទេស និងបានផ្តាំផ្ញើឲ្យយុវជនជំនាន់ក្រោយ ត្រូវរៀនសូត្រពីយុវជនជំនាន់មុន តាមរយៈ នៃការផ្លាស់ប្តូរបទពិសោធន៍ គ្នាទៅវិញទៅមក ជាពិសេស ក្នុងការចាប់យកនូវចំណុចល្អ ដើម្បីរួមចំណែកក្នុងការកសាង និងអភិវឌ្ឍន៍ប្រទេស ក្រោមដំបូលនៃសុខសន្តិភាព ។ សម្ដេចកិត្តិសង្គហបណ្ឌិត សង្ឃឹមថា ទស្សនកិច្ចនេះ នឹងជួយពង្រឹងថែមទៀតទំនាក់ទំនងល្អប្រសើររវាងប្រទេ សទាំងពីរ បក្សទាំងពីរ និងយុវជនទាំងពីរកាន់តែរឹងមាំ និងស្ថិតស្ថេរជាអមតៈ ។

កិច្ចពិភាក្សាបានផ្តោតលើបទពិសោធន៍របស់ស្ថាប័នយុវជននៃប្រទេសទាំង២ ក្នុងការចូលរួមជាមួយ នឹងរដ្ឋាភិបាល និងរាជ រដ្ឋាភិបាល ជាពិសេស លើការប្រយុទ្ធប្រឆាំងដោយជោគជ័យនៃការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ នាពេលកន្លងមក។ ក្រៅពីការផ្លាស់ប្តូរបទពិសោធន៍ការងារ គណៈប្រតិភូនៃប្រទេសទាំង២ បានប្តេជ្ញាបន្តលើកកម្ពស់កិច្ចសហការ បន្ថែមទៀត ជាពិសេស ក្នុងក្របខណ្ឌនៃការអភិវឌ្ឍយុវជន ៕ សំរិត

អត្ថបទដែលជាប់ទាក់ទង