នាវាផ្ទុកយន្តហោះចម្បាំងអាមេរិក USS Gerald R. Ford បានធ្វើដំណើរចូលទៅកាន់ទីក្រុងអូស្លូ នៃប្រទេសន័រវែស
អូស្លូ៖ នាវាផ្ទុកយន្តហោះចម្បាំងអាមេរិក USS Gerald R. Ford ដែលមានទំហំធំបំផុតនៅលើពិភពលោក បានធ្វើដំណើរចូលទៅកាន់ទីក្រុងអូស្លូ នៃប្រទេសន័រវែសនាថ្ងៃពុធនេះ ខណៈវាគឺជាការដំឡើងសាច់ដុំយោធាមួយរបស់អង្គការណាតូ (NATO) ក្នុងគ្រាដែលភាពតានតឹង មានការកើនឡើងខ្លាំងជាមួយរុស្ស៉ី ជុំវិញវិបត្តិសង្រ្គាមនៅអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី២៤ ខែឧសភា ឆ្នាំ២០២៣។
ខាងយោធាន័រវែសបានឱ្យដឹងថា នាវាផ្ទុកយន្តហោះចម្បាំងអាមេរិក ព្រមទាំងក្រុមនាវិករបស់នាវា នឹងចូលរួមធ្វើលំហាត់ហ្វឹកហ្វឺនជាមួយកងកម្លាំងយោធាន័រវែស នៅតាមបណ្តោយឆ្នេរប្រទេសអឺរ៉ុបខាងជើងមួយនេះ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ។ អ្នកនាំពាក្យយោធាន័រវែស បានលើកឡើងដូច្នេះថា «ទស្សនកិច្ចរបស់នាវា USS Gerald R. Ford គឺជាសញ្ញាដ៏សំខាន់មួយ បង្ហាញពីទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងសហរដ្ឋអាមេរិកនិងន័រវែស ហើយវាក៏ជាសញ្ញាមួយបង្ហាញពីភាពគួរឱ្យជឿទុកចិត្ត នៃគោលការណ៍ទប់ស្កាត់ និងការពារខ្លួនក្នុងលក្ខណៈសមូហភាពផងដែរ»។
ប្រព័ន្ធផ្សព្វផ្សាយរបស់ន័រវែស បានរាយការណ៍ថា នាវាផ្ទុកយន្តហោះចម្បាំងខាងលើ នឹងធ្វើដំណើរទៅកាន់ភាគខាងជើងតំបន់រង្វង់អាក់ទិច (Arctic Circle) ខណៈអ្នកនាំពាក្យយោធាន័រវែស បានបដិសេធធ្វើការអត្ថាធិប្បាយជុំវិញសេចក្តីរាយការណ៍នេះ។ ចំណែកស្ថានទូតរុស្ស៉ីប្រចាំទីក្រុងអូស្លូ បានចេញមុខថ្កោលទោស ទស្សនកិច្ចរបស់នាវាយោធាអាមេរិកនេះ។
គួរបញ្ជាក់ថា ន័រវែសដែលជាសមាជិករបស់អង្គការណាតូ មានព្រំប្រទល់ជាប់ជាមួយរុស្ស៉ី នៅតំបន់មហាសមុទ្រទឹកកក អាក់ទិច ហើយកាលពីឆ្នាំមុន បានក្លាយជាអ្នកផ្គត់ផ្គង់ឧស្ម័នធំបំផុតរបស់អឺរ៉ុប ក្រោយការថយចុះនៃលំហូរឧស្ម័នរបស់រុស្ស៉ី ដោយសារវិបត្តិអ៊ុយក្រែន៕