រដ្ឋបាលរាជធានីភ្នំពេញ ជូនពរសម្តេចអគ្គមហាពញាចក្រី កិត្តិព្រឹទ្ធបណ្ឌិត ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា
ភ្នំពេញ ៖ នាថៃ្ងព្រហស្បតិ៍ ទី២៥ ខែឧសភា ឆ្នាំ២០២៣ នេះ គឺជាទិវា ដ៏មហាប្រសើរ នៃខួបចម្រើនជន្មាយុគម្រប់ ៨៩ ឆ្នាំ ឈានចូល ៩០ ឆ្នាំ របស់ សម្តេចអគ្គមហាពញាចក្រី កិត្តិព្រឹទ្ធបណ្ឌិត ហោង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ។ តាងនាមក្រុមប្រឹក្សា គណៈអភិបាល ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំង ប្រជាពលរដ្ឋទាំងអស់ក្នុងរាជធានីភ្នំពេញ និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ យើងខ្ញុំទាំងអស់គ្នា មានសេចក្តីសោមនស្សរីករាយយ៉ាង ក្រៃលែង និងសូមចូលរួមជូននូវសព្ទសាធុការពរជ័យ គោរពជូនចំពោះ សម្តេចអគ្គមហាពញាចក្រី កិត្តិព្រឹទ្ធបណ្ឌិត ។
ជាការពិតណាស់ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាពញាចក្រី កិត្តិព្រឹទ្ធបណ្ឌិត សា្ថប័នរដ្ឋសភា បាននឹងកំពុងបន្តសម្រេចបាននូវសមិទ្ធផល និងស្នាដៃជាច្រើនក្នុងវិស័យនីតិកម្ម រួមចំណែកយ៉ាងសំខាន់ ដល់ការការពារអធិបតយ្យជាតិ បូរណភាពទឹកដី លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស នីតិរដ្ឋ និងការអភិវឌ្ឍថ្នាក់ក្រោមជាតិ ជាពិសេសការបន្តដើរតួនាទីដ៏សកម្មរបស់ស្ថាប័នរដ្ឋសភា ក្នុងការថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខជាតិ ដែលជាបុរេលក្ខខណ្ឌបម្រើដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកិច្ច ប្រកបដោយចីរភាព។
ស្ថិតក្នុងឱកាសដ៏នក្ខត្តឫក្សនេះ យើងខ្ញុំទាំងអស់គ្នា សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធិ ទាំងឡាយក្នុងលោក ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា និងទេវតាឆ្នាំថ្មី សូមជួយប្រសិទ្ធពរជ័យបវរសួស្តី សិរីមង្គល វីបុលសុខ មហាប្រសើរគ្រប់ប្រការជូន សម្ដេចអគ្គមហាពញាចក្រីកិត្តិព្រឹទ្ធបណ្ឌិត និង សម្តេចធម្ម វិសុទ្ធវង្សា សៅ ទី ហេងសំរិន ព្រមទាំងក្រុមគ្រួសារជាទីស្រឡាញ់ សូមបានសមប្រកបនូវសុខភាពល្អបរិបូរណ៍ អាយុ យឺនយូរ កម្លាំងខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ ដើម្បីដឹកនាំ និងអភិវឌ្ឍមាតុភូមិកម្ពុជា ក្នុងបេសកកម្មដ៏ឧត្ដុង្គឧត្តមបម្រើជាតិ ប្រជាជនកម្ពុជា និងដឹកនាំស្ថាប័នរដ្ឋសភា ឱ្យកាន់តែរីកចម្រើនឈានឆ្ពោះទៅរកភាពសម្បូរសប្បាយ ជានិច្ចនិរន្តរ៍។
សូម សម្ដេចអគ្គមហាពញាចក្រី កិត្តិព្រឹទ្ធបណ្ឌិត ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រ កម្ពុជា មេត្តាទទួលនូវភក្ដីភាពដ៏ស្មោះស្ម័គ្រ និងអភិវឌ្ឍនកិច្ចដ៏ខ្ពង់ខ្ពស់បំផុតពីយើងខ្ញុំទាំងអស់គ្នា៕