ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មន្ត្រីជំនាញ និងអាជ្ញាធរស្រុកកៀនស្វាយ ដុតកម្ទេចចោលសាច់ក្របីខូចគុណភាពកន្លះតោន ដែលនាំចូលពីប្រទេសឥណ្ឌា

37

កណ្ដាល៖ មន្ត្រីជំនាញ និងអាជ្ញាធរស្រុកកៀនស្វាយ ខេត្តកណ្តាល នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣នេះ បានរៀបចំដុតកម្ទេចចោលសាច់ក្របីខូចគុណភាពចំនួន ២៥កេស ស្មើនឹង៥០០គីឡូក្រាម ក្រោយសាខា ក.ប.ប ខេត្តកណ្តាល សហការជាមួយសាខាគយ និងរដ្ឋាករ ខេត្តកណ្តាល ចាប់បានកាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣។

ពិធីដុតកម្ទេចចោលសាច់ក្របីខូចគុណភាពនេះបានធ្វើឡើងនៅទីវាលក្នុងភូមិព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

លោក តូច ចៅកុយ ប្រធានសាខា ក ប.ប ខេត្តកណ្ដាល បានថ្លែងថា សាច់ក្របីខូចគុណភាពនេះ គឺឈ្មួញខិលខូចបាននាំចូលមកលួចនាំចូលមកពីប្រទេសឥណ្ឌា ឆ្លងកាត់តាមប្រទេសវៀតណាម ហើយលួចឆ្លងដែនចូលមកខេត្តកណ្ដាល តែត្រូវមន្ត្រីជំនាញ សហការគ្នាចាប់បាន រហូតនាំមកដុតកម្ទេចចោលតែម្តង។

នាឱកាសនោះ លោកស្នើឱ្យឈ្មួញទាំងអស់មេត្តាចេះស្រឡាញ់អាយុជីវិត សុខភាពរបស់ប្រជាពលរដ្ឋខ្មែរផង កុំចង់បានលុយបែបនេះវាជាបាបកម្ម ហើយបាបនេះធ្ងន់ណាស់ កុំដោយសារចង់ចំណេញលុយ យករបស់ខូចគុណភាព មកលក់ឱ្យប្រជាជនពិសាវាគ្រោះថ្នាក់ណាស់ ប៉ះពាល់សុខភាពធ្ងន់ធ្ងរណាស់ មានជំងឺហូរហែរព្យាបាលមិនចេះជាឡើយ ព្រោះវាខូចគុណភាព ហើយពោរពេញទៅដោយសារធាតុគីមីថែមទៀត។

លោកក៏បានប្ដេជ្ញាសហការជាមួយក្រុមការងារគយ និងមន្ត្រីមូលដ្ឋាន ព្រមទាំងមន្ត្រីពាក់ព័ន្ធបន្តធ្វើសកម្មភាពតាមដាន យកចិត្តទុកដាក់ចំពោះសុខមាលភាពនេះ ជាពិសេសមើលទីលើគុណភាពទំនិញ ធានាបាននូវគុណភាព សុវត្ថិភាពចំណីអាហារដល់ប្រជាពលរដ្ឋទាំងអស់៕

អត្ថបទដែលជាប់ទាក់ទង