អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ ទៅសាលាដំបូងខេត្ត ចាត់ការតាមនីតិវិធី ពាក់ព័ន្ធជួញដូរដោយខុសច្បាប់នូវសារធាតុញៀន
បន្ទាយមានជ័យ៖ នៅវេលាម៉ោង១៤និង៣០នាទី ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៣ លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានដឹកនាំកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានធ្វើប្រតិបត្តិការបង្រ្កាបករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ឃាត់ខ្លួនជនសង្ស័យម្នាក់ ព្រមទាំងចាប់យកវត្ថុតាងគ្រឿងញៀនមួយចំនួន នៅចំណុចផ្លូវលំ ស្ថិតក្នុងភូមិកំព្រីង សង្កាត់ភ្នៀត ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណបានឱ្យដឹងថា ជនសង្ស័យឈ្មោះ កឺត រស្មី ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើស្រែ បច្ចុប្បន្នរស់នៅភូមិកំព្រីង សង្កាត់ភ្នៀត ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ វត្ថុតាងចាប់បានរួមមាន៖ -ម៉្សៅក្រាមពណ៌សថ្លា (ទឹកកក) ចំនួន០២កូនថង់កិប ទម្ងន់៥,៣៣ក្រាម, -ម៉ូតូចំនួន០១គ្រឿង ម៉ាកហុងដា CBR150 ផលិតឆ្នាំ២០១៣ ពណ៌ខ្មៅ គ្មានផ្លាកលេខ,-ទូរស័ព្ទ ចំនួន ០១គ្រឿង (ម៉ាកOPPO ពណ៌ខ្មៅ), -កូនកាបូបពណ៌ខ្មៅ ចំនួន០១។
លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ បន្តថា ពេលបង្រា្កបករណីនេះ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានទទួលពត៌មានពីប្រជាពលរដ្ឋថា មានករណីចែកចាយគ្រឿងញៀននៅចំណុចខាងលេី។ ក្រោយទទួលបានពត៌មាននេះ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានចុះធ្វើប្រតិបត្តិការដល់ចំណុចផ្លូវលំស្ថិតក្នុងភូមិ-សង្កាត់កើតហេតុខាងលើ ដោយមានការសង្ស័យ កម្លាំងក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យ ព្រមទាំងបានធ្វើការឆែកឆេរលើខ្លួនជនសង្ស័យរកឃើញមានគ្រឿងញៀន ក៏បាននាំខ្លួន រួមនឹងវត្ថុតាង នាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុង ដើម្បីចាត់ការបន្តតាមនីតិវិធី ។
បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យនិងសួរនាំ បានឆ្លេីយសារភាពថា រូបខ្លួនពិតជាបាន ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនពិតប្រាកដមែន។ ដោយផ្អែកលេីចម្លេីយសារភាព និងវត្ថុតាង ជនសង្ស័យ ត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង បញ្ជូនមកកងរាជអាវុធហត្ថខេត្ត ចាត់ការបន្ត។
លោកវរសេនីយ៍ឯក ជា តារា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារប្រឆាំងគ្រឿងញៀន បានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ ។
បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តហើយនៅព្រឹកថ្ងៃអាទិត្យ ទី០៤ ខែមិថុនា ឆ្នាំ២០២៣នេះ៕