ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រាជរដ្ឋាភិបាលបានអនុញ្ញាត ឱ្យមន្ត្រីរាជការ កម្មករកម្មការិនី និយោជិត ឈប់សម្រាករយៈពេល៣ថ្ងៃ ដើម្បីទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដនាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣

74

 

ភ្នំពេញ៖ រាជរដ្ឋាភិបាលបានអនុញ្ញាតឱ្យមន្ត្រីរាជការ កម្មករកម្មការិនី និយោជិត ឈប់សម្រាករយៈពេល៣ថ្ងៃ (ថ្ងៃទី២២- ២៣ -២៤ ខែកក្កដា ឆ្នាំ២០២៣) ដើម្បីទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដនាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ។

ឧបនាយករដ្ឋមន្ត្រីបចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានចេញលិខិតជម្រាបជូន ឯកឧត្តមរដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ក្នុងកម្មវត្ថុ ៖ ករណីស្តីពីការអនុញ្ញាតឱ្យមន្ត្រីរាជការ កម្មករ និយោជិត ឈប់សម្រាកពីការងារចំនួនបីថ្ងៃ ដើម្បីទៅ បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នាថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣។ យោង ៖ ប្រសាសន៍ដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៣។ សេចក្តីដូចមានចែងក្នុងកម្មវត្ថុនិងយោងខាងលើ ទីស្ដីការគណៈរដ្ឋមន្ត្រីសូមជម្រាបជូនឯកឧត្តម ជ្រាបថា រាជរដ្ឋាភិបាលសម្រេចជាគោលការណ៍ដូចខាងក្រោម៖ អនុញ្ញាតឱ្យមន្ដ្រីរាជការ កម្មករ និយោជិត ឈប់សម្រាកពីការងារចំនួនបីថ្ងៃ នៅថ្ងៃទី២២ ថ្ងៃទី២៣ និងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣ ដើម្បីទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលនឹងប្រព្រឹត្ត ទៅនាថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣។ ការឈប់សម្រាករបស់កម្មករ និយោជិតនឹងទទួលបានប្រាក់ឈ្នួល។ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវចេញសេចក្តីណែនាំដល់រោងចក្រ សហគ្រាស គ្រឹះស្ថាន ដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ អនុវត្តឱ្យបានល្អ៕

អត្ថបទដែលជាប់ទាក់ទង