នគរបាលខណ្ឌឫស្សីកែវ ឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ដែលធ្វើសកម្មភាពលួចម៉ូតូ និងសម្ភារៈមួយចំនួន នៅក្នុងមូលដ្ឋាន
ភ្នំពេញ ៖ ជនសង្ស័យ២នាក់ ត្រូវកម្លាំងនគរបាលខណ្ឌឫស្សីកែវឃាត់ខ្លួន ក្រោយពីធ្វើសកម្មភាពជាក់ស្តែង លួចម៉ូតូ និងសម្ភារៈមួយចំនួន កាលពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង០០ និង៣០នាទី ត្រង់ចំណុចយានដ្ឋានយីហោ ប៊ុន ថង ស្ថិតនៅផ្ទះលេខ២៦ ក្រុម៥ ផ្លូវលេខ៥ ភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះ ថុល គឹមសេង ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរជាងឡាន ស្នាក់នៅផ្ទះលេខ២៦ ផ្លូវជាតិលេខ៥ ភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ។
លោក ហ៊ាង ថារ៉េត អធិការខណ្ឌឫស្សីកែវ បានអោយដឹងថា ជាលទ្ធផលកម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យ២នាក់ ៖
១-ឈ្មោះ ជា ភារុណ ហៅរុណ ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅ ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ (មានសារធាតុញៀន)។
២-ឈ្មោះ មាស រតនា ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ក្នុងភូមិមិត្តភាព សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ (មានសារធាតុញៀន)។
ក្នុងនោះសមត្ថកិច្ចបានដកហូតសម្ភារៈមួយចំនួន រួមមាន ៖ មានធុងបាស់ចំនួន០១ ។ ប៉ុន្តែបានបាត់បង់ម៉ូតូ ០១គ្រឿង ម៉ាកហុងដា សេ១២៥ ស៊េរី ឆ្នាំ២០២២ ពាក់ស្លាកលេខភ្នំពេញ1JI-4728 ពណ៌ខ្មៅ, ទូរស័ព្ទដៃ ០២គ្រឿង(ម៉ាកអុបប៉ូ និងវីវ៉ូ និងអាគុយ ០១គ្រឿង(មិនចាំម៉ាក) ។
បើតាមប្រភពពីមន្ត្រីនគរបាលខណ្ឌឫស្សីកែវ បានអោយដឹងថា កាលពីថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង២០និង៣០នាទី ជនរងគ្រោះឈ្មោះ ថុល គឹមសេង បានអង្គុយផឹកស៊ីជាមួយនឹងកម្មករដូចគ្នា នៅយានដ្ឋានខាងលើ។ ក្រោយមកបាននាំគ្នាចូលសម្រាក ដោយមិនបានបិទទ្វាររបងត្រឹមត្រូវ ។ លុះមកដល់វេលាម៉ោង០០និង៣០នាទីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៣ ជនសង្ស័យឈ្មោះ ជា ភារុណ និងឈ្មោះ មាស រតនា បានជិះម៉ូតូតាមផ្លូវឃើញឱកាសស្ងាត់ បានចូលធ្វើសកម្មភាពលួចតែម្តង។ ពេលធ្វើសកម្មភាពលួចបានហើយបានយកម៉ូតូ និងសម្ភារខាងលើ លក់បានប្រាក់ចំនួន៥០០$(ប្រាំរយដុល្លារ) ចែកគ្នាស្មើ។ ចំពោះធុងបាស់ជនសង្ស័យឈ្មោះជា ភារុណ បានយកទៅប្រើប្រាស់នៅផ្ទះ។ ក្រោយពីទទួលពាក្យបណ្ដឹងមក កម្លាំងសមត្ថកិច្ចជំនាញខណ្ឌនិងប៉ុស្តិ៍បានធ្វើការស្រាវជ្រាវ រហូតឈានដល់ឃាត់ខ្លួនបាន និងដកហូតវត្ថុតាងខាងលើនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង១៣ និង០០នាទី នៅចំណុចភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ។
បច្ចុប្បន្នជនសង្ស័យព្រមទាំងវត្ថុតាងកម្លាំងជំនាញ ខណ្ឌ-ប៉ុស្តិ៍ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕