ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឥណ្ឌូណេស៊ីនិងកម្ពុជា ជំរុញបន្ថែមទៀត លើការផ្លាស់ប្តូរពាណិជ្ជកម្មទ្វេភាគី និងកាត់បន្ថយអតុល្យភាព

130

ភ្នំពេញ៖ លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន បានវាយតម្លៃខ្ពស់ចំពោះការកើនឡើងជារៀងរាល់ឆ្នាំ នូវបរិមាណនៃការផ្លាស់ប្តូរពាណិជ្ជកម្ម រវាងកម្ពុជា និងឥណ្ឌូណេស៊ី និងបានធ្វើការកត់សម្គាល់អំពីអតុល្យភាពក្នុងជញ្ជីងពាណិជ្ជកម្ម ហើយគូសបញ្ជាក់ពីបំណងរបស់កម្ពុជា ជំរុញបន្ថែមទៀតលើការផ្លាស់ប្តូរពាណិជ្ជកម្មទ្វេភាគី និងកាត់បន្ថយអតុល្យភាពនេះ។

លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ និងលោក SUDIRMAN Haseng ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព របស់សាធារណរដ្ឋឥណ្ឌូណេស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស កាលពីថ្ងៃទី២០ខែមិថុនាឆ្នាំ២០១៨។

លោកទេសរដ្ឋមន្រ្តី បានសម្តែងនូវការអបអរសាទរចំពោះឥណ្ឌូនេស៊ី ដែលទើបត្រូវបានជាប់ឆ្នោត ជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ សម្រាប់អាណត្តិ ២០១៩-២០២០ និងបានវាយតម្លៃខ្ពស់ចំពោះការចូលរួម ដ៏សកម្មរបស់ឥណ្ឌូនេស៊ី ក្នុងដំណើរការសន្តិភាពនៅកម្ពុជា ព្រមទាំងការជួយឧបត្តម្ភក្នុងដំណើរការអភិវឌ្ឍកម្ពុជា រយៈកាលកន្លងមក។

លោកឯកអគ្គរដ្ឋទូត បានជំរាបជូនលោកទេសរដ្ឋមន្រ្តី អំពីការវាយតម្លៃខ្ពស់របស់រដ្ឋាភិបាលឥណ្ឌូណេស៊ី ចំពោះទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងឥណ្ឌូនេស៊ី-កម្ពុជា ហើយនិងចំពោះការរីកចំរើនដែលកម្ពុជាសម្រេចបាន ពិសេសលើផ្នែកសេដ្ឋកិច្ច។

លោកក៏បានសំដែងអំណរគុណរបស់ រដ្ឋាភិបាលឥណ្ឌូណេស៊ី សម្រាប់ការគាំទ្ររបស់កម្ពុជា ចំពោះបេក្ខភាពឥណ្ឌូណេស៊ី ក្នុងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ លោកឯកអគ្គរដ្ឋទូតបានសំដែងអំណរសាទរ ចំពោះកម្ពុជាដែលត្រូវបានជ្រើសតាំង ជាអនុប្រធានសម័យប្រជុំលើកទី៧៣ នៃមហាសន្និបាតអង្គការសហប្រជាជាតិ ហើយនិងដែលត្រូវបានជាប់ឆ្នោត ជាសមាជិករបស់អង្គការសេដ្ឋកិច្ចនិងសង្គមរបស់ អ.ស.ប (ECOSOC) ដោយសំឡេងគាំទ្រដ៏ច្រើនលើសលុប ក្នុងការបោះឆ្នោតកន្លងមកថ្មីៗនេះ។

នៅក្នុងជំនួបនេះដែរ លោកទេសរដ្ឋមន្រ្តី និងលោកឯកអគ្គរដ្ឋទូត ក៏បានពិភាក្សាផ្លាស់ប្តូរយោបល់គ្នា លើបញ្ហាជាច្រើនក្នុងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីផងដែរ។

លោកទេសរដ្ឋមន្រ្តី បានជម្រាបអំពីការស្រេចរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ទទួលយកការអញ្ជើញរបស់លោកប្រធានាធិបតីឥណ្ឌូណេស៊ី ដើម្បីចូលរួមក្នុងពិធីជួបជុំថ្នាក់ដឹកនាំ របស់អាស៊ាន (ASEAN Leaders’ Gathering) ក្នុងខែតុលាខាងមុខនេះ នៅទីក្រុងបាលីប្រទេស ឥណ្ឌូនេស៊ី។ លោកឯកអគ្គរដ្ឋទូតបានសម្តែងអំណរគុណ និងការវាយតម្លៃខ្ពស់របស់រដ្ឋាភិបាលឥណ្ឌូណេស៊ី ចំពោះការអញ្ជើញចូលរួមរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី។

លោកទេសរដ្ឋមន្រ្តី និងលោកឯកអគ្គរដ្ឋទូត បានពិភាក្សាគ្នាអំពីការត្រៀមរៀបចំ សម្រាប់កិច្ចប្រជុំគណៈកម្មការចម្រុះសម្រាប់សហប្រតិបត្តិការទ្វេភាគី ដែលគ្រោងនឹងប្រព្រឹត្តទៅនៅប្រទេសឥណ្ឌូណេស៊ី ក្នុងដើមខែធ្នូ ឆ្នាំ២០១៨ខាងមុខ ដើម្បីពិនិត្យរកវិធីបង្កើនថែមទៀតនូវកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ។

នៅក្នុងទំនាក់ទំនងផ្នែកពាណិជ្ជកម្ម លោកទេសរដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះការកើនឡើង ជារៀងរាល់ឆ្នាំនូវបរិមាណ នៃការផ្លាស់ប្តូរពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ និងបានធ្វើការកត់សម្គាល់អំពី អតុល្យភាពក្នុងជញ្ជីងពាណិជ្ជកម្ម ហើយបានគូសបញ្ជាក់ពីបំណងរបស់កម្ពុជា ជំរុញបន្ថែមការផ្លាស់ប្តូរពាណិជ្ជកម្មទ្វេភាគី និងការកាត់បន្ថយអតុល្យភាពនេះ។

នៅលើផ្នែកទេសចរណ៍ លោកទេសរដ្ឋមន្រ្តី និងឯកឧត្តមឯកអគ្គរដ្ឋទូត បានពិភាក្សាផ្លាស់ប្តូរយោបល់គ្នា អំពីការរិះរកវិធីដើម្បីធ្វើការជំរុញបន្ថែមទៀត ដោយលោកឯកអគ្គរដ្ឋទូតបានជម្រាបជូន លោកទេសរដ្ឋមន្រ្តីអំពីបំណងប្រាថ្នា របស់ក្រុមហ៊ុនអាកាសចរណ៍ដ៏ធំមួយ របស់ឥណ្ឌូណេស៊ី ក្នុងការបើក ការិយាល័យរបស់ខ្លួននៅកម្ពុជា ដើម្បីឈានទៅបង្កើតជើងហោះហើរត្រង់ កម្ពុជា-ឥណ្ឌូណេស៊ី ក្នុងពេលអនាគតខាងមុខ។ លោកទេសរដ្ឋមន្រ្តីបានបង្ហាញការស្វាគមន៍ចំពោះគំរោងនេះ ហើយបានអះអាងពីការខិតខំសម្របសម្រួល និងបង្កលក្ខណៈងាយស្រួល ដើម្បីឲ្យក្រុមហ៊ុននេះ អាចសម្រេចបាននូវគម្រោងការងាររបស់ខ្លួន។

នៅលើផ្នែកអប់រំ លោកទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណ ចំពោះរដ្ឋាភិបាលឥណ្ឌូណេស៊ី ដែលបានផ្តល់អាហារូបករណ៍ ដល់និស្សិតកម្ពុជាក្នុងរយៈកាលកន្លងមក ហើយជាពិសេសក្នុងឆ្នាំ២០១៦ ចំនួន ២៣៤កន្លែង។ លោកឯកអគ្គរដ្ឋទូត បានសម្តែងការអរគុណចំពោះរដ្ឋាភិបាលកម្ពុជា ដែលបានទទួលនិស្សិតឥណ្ឌូណេស៊ី មកបំពេញការសិក្សានៅកម្ពុជា ដែលមកដល់បច្ចុប្បន្ននេះមានចំនួន៤០នាក់។ លោកទេសរដ្ឋមន្រ្តី និងលោកឯកអគ្គរដ្ឋទូត ក៏បានពិភាក្សាគ្នាអំពីការបង្កើនកិច្ចសហប្រតិបត្តិការ លើវិស័យអប់រំ ដើម្បីរួមចំណែកដល់ការលើកស្ទួយ ទំនាក់ទំនងរវាងប្រជាជននិងប្រជាជន។

លើវិស័យការពារប្រទេស លោកទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលឥណ្ឌូណេស៊ី ដែលបានជួយធ្វើការហ្វឹកហាត់ ដល់កងទ័ពកម្ពុជាហើយបានសម្តែងក្តីរីករាយចំពោះកិច្ចសហប្រតិបត្តិការ ដ៏ល្អរវាងកងទ័ពប្រទេសទាំងពីរ ក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់អ.ស.ប នៅតាមប្រទេសនានា។

លោកទេសរដ្ឋមន្រ្តី និងលោកឯកអគ្គរដ្ឋទូត បានពិភាក្សាគ្នាផងដែរ អំពីការបន្តគាំទ្រគ្នាទៅវិញទៅមក រវាងប្រទេសទាំងពីរ នៅលើឆាកអន្តរជាតិ ៕

អត្ថបទដែលជាប់ទាក់ទង